ជាតិ
បោះឆ្នោត
លោក សុខ ឥសាន ថា ការសុំឲ្យបង្កកទ្រព្យមន្ត្រីខ្មែររបស់តំណាងរាស្ត្រអូស្ត្រាលីម្នាក់ ជាទង្វើផ្ទុយពីធម្មនុញ្ញ UN
× «អូស្ត្រាលី ត្រូវតែយកចិត្តទុកចំពោះបញ្ហាកម្ពុជា។ វាដល់ពេលហើយ ដែលរដ្ឋាភិបាលអូស្ត្រាលី ត្រូវពិនិត្យពីការដាក់ទណ្ឌកម្ម ដោយរឹតបន្តឹងទិដ្ឋាការ និងបង្កកទ្រព្យសម្បត្តិរបស់មន្ត្រីមួយចំនួន ក្នុងជួររដ្ឋាភិបាលកម្ពុជា»។ នេះគឺជាការទាមទាររបស់លោក Julian Hill សមាជិករដ្ឋសភាអូស្ត្រាលី ដែលលើកឡើងក្នុងកិច្ចប្រជុំមួយនាពេលថ្មីៗនេះ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ចាត់ទុកការទាមទារនេះ ថាគ្រាន់តែជាមតិរបស់បុគ្គលប៉ុណ្ណោះ តែមិនមែនតំណាងឲ្យជំហររបស់រដ្ឋាភិបាលអូស្ត្រាលីនោះទេ។ តាមរយៈការផ្តល់បទសម្ភាស់ដល់សារព័ត៌មានថ្មីៗ អ្នកនាំពាក្យគណបក្សកាន់អំណាចរូបនេះ បាននិយាយយ៉ាងដូច្នេះថា៖«ការទាមទារឲ្យដាក់ទណ្ឌកម្មហ្នឹង មានយូរមកហើយ មិនមែនទើបតែពេលនេះទេ តែដូចជាមិនទាន់ឃើញចេញជាលទ្ធផលអីសោះ»។
មូលហេតុដែលលោក Julian Hill ទាមទារឲ្យរដ្ឋាភិបាលអូស្ត្រាលី ដាក់ទណ្ឌកម្មមកលើរដ្ឋាភិបាលកម្ពុជា គឺដោយសារតែលោក មិនពេញចិត្តនឹងការបោះឆ្នោត។ មិនពេញចិត្តនៅត្រង់ថា ការបោះឆ្នោតលើកនេះ គឺមិនមានគណបក្សសង្គ្រោះជាតិ ដែលជាដៃគូប្រកួតពិតប្រាកដរបស់គណបក្សប្រជាជនកម្ពុជា ហើយលោក កឹម សុខា ក៏នៅតែបន្តជាប់ឃុំ។
សមាជិករដ្ឋសភាអូស្ត្រាលីរូបនេះ បានចំអកការបោះឆ្នោតនៅកម្ពុជាថា ឆាកកំប្លែង។ លើសពីនេះ លោក ថែមទាំងហៅជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេច ហ៊ុន សែន ជាប្រធាន ថាជាជ័យជម្នះដ៏គួរឲ្យអៀនខ្មាស។ លោក ថ្លែងបែបនេះថា៖«វាមិនមែនជាការបំផ្លើសឡើយ ដែលថា នេះ ជាការសម្លាប់ប្រជាធិបតេយ្យនៅកម្ពុជា»។
លោក សុខ ឥសាន មិនអាចទទួលយកបាននោះទេ ចំពោះការលើកឡើងរបស់លោក Julian Hill ត្រង់ចំណុចនេះ។ លោក ឆ្លើយតបទៅវិញថា ទង្វើរបស់លោក Julian Hill គឺជាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា ដែលផ្ទុយនឹងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ។
មន្ត្រីជាន់ខ្ពស់របស់គណបក្សកាន់អំណាច បានសង្កត់ធ្ងន់បែបនេះថា៖«គាត់ លើកឡើងអ៊ីចឹង គឺជាការប្រមាថឆន្ទៈប្រជាពលរដ្ឋខ្មែរ ហើយគាត់ កំពុងរំលោភអធិបតេយ្យភាព និងឯករាជ្យភាពរបស់កម្ពុជាហើយ។ សូមឲ្យគាត់ គិតឡើងវិញ»។
មិនត្រឹមតែចង់ឲ្យដាក់ទណ្ឌកម្មលើមន្ត្រីរដ្ឋាភិបាលកម្ពុជាប៉ុណ្ណោះទេ លោក Julian Hill ថែមទាំងទាមឲ្យរដ្ឋាភិបាលរបស់លោក ផ្តាច់ជំនួយផងដែរ។ ប៉ុន្តែ លោក បញ្ជាក់ថា ជំនួសផ្នែកមនុស្សធម៌ និងសង្គម គួរតែបន្តផ្តល់ឲ្យ។
លើសពីនេះ លោក Julian Hill បានជំរុញឲ្យរដ្ឋាភិបាលរបស់លោក ធ្វើការជាមួយប្រទេសដទៃ ជាពិសេសប្រទេសជាម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ លោក អះអាងបែបនេះថា៖«យើង អាចប្រមូលផ្តុំប្រទេសជាម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មកជួបជុំគ្នា [ដើម្បីពិភាក្សាគ្នាពីបញ្ហាកម្ពុជា]»។
លោក Julian Hill ចេញមុខមកនិយាយពីបញ្ហាកម្ពុជានាពេលនេះ បន្ទាប់ពីកញ្ញា កឹម មនោវិទ្យា កូនស្រីច្បងរបស់លោក កឹម សុខា បានជួបសមាជិករដ្ឋសភាអូស្ត្រាលីមួយរូប គឺលោក Luke Foley។ អ្នកទាំងពីរ បានធ្វើសន្និសីទកាសែតរួមគ្នា ក្នុងទីក្រុងស៊ីដនី កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ ស្តីពី «វិធានការរបស់អូស្ត្រាលី ដើម្បីជំរុញកម្ពុជាឲ្យដើរលើគន្លងប្រជាធិបតេយ្យវិញ» ដោយមានការចូលរួមពីប្រជាពលរដ្ឋខ្មែរមួយចំនួន ដែលគាំទ្រអតីតគណបក្សសង្គ្រោះជាតិ។
ក្រៅពីអូស្ត្រាលី នៅមានប្រទេសផ្សេងទៀត ជាពិសេស សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានរិះគន់ការបោះឆ្នោតនៅកម្ពុជា។ ប៉ុន្តែ ទន្ទឹមគ្នានេះ ក៏មានបណ្តាប្រទេសក្នុងទ្វីបអាស៊ី ដូចជា ចិន វៀតណាម ឡាវ និងថៃ ជាដើម បានផ្ញើលិខិតមកចូលរួមអបអរសាទរ។
មិនថាមានការអបអរសាទរ ឬក៏ការរិះគន់នោះទេ គឺមិនជាប់ពាក់ព័ន្ធនឹងការប្រជុំលើកដំបូងរបស់រដ្ឋសភា និងការបង្កើតរដ្ឋាភិបាលថ្មីឡើយ។ តាមការគ្រោងទុក រដ្ឋសភានីតិកាលទី៦ នឹងត្រូវប្រជុំលើកដំបូងនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ ហើយមួយថ្ងៃក្រោយមក រដ្ឋាភិបាលថ្មី នឹងត្រូវបង្កើតឡើង៕
Tag:
បោះឆ្នោត
អូស្ត្រាលី
កម្ពុជា
ទណ្ឌកម្ម
Julian Hill
សុខ ឥសាន
© រក្សាសិទ្ធិដោយ thmeythmey.com