អន្តរជាតិ
ម៉ូយ​អាវុធ និង​ឥទ្ធិពល​យោធា​របស់​រុស្ស៊ី​កើនឡើង​ខ្លាំង​នៅ​ទ្វីបអាហ្វ្រិក
14, Aug 2018 , 8:19 pm        
រូបភាព
​អាហ្វ្រិក​ទំនងជា​មិនមែនជា​តំបន់​អាទិភាព​នៃ​គោលនយោបាយ​របស់​រុស្ស៊ី​ឡើយ ប៉ុន្តែ​ការកើនឡើង​នៃ​ម៉ូយ​អាវុធ​ពី​ទ្វីបអាហ្វ្រិក​បាន​ទាញ​ឲ្យ​រុស្ស៊ី​ចាប់ផ្តើម​ពិចារណា​ឡើងវិញ​ពី​ជំហរ​ខ្លួន​។ ក្រៅពី​ផ្គត់ផ្គង់​អាវុធ រុស្ស៊ី​ងាក​ទៅ​ចាប់ផ្តើម​បង្កើន​ឥទ្ធិពល​និង​តួនាទី​របស់ខ្លួន​ឡើងវិញ​នៅ​អាហ្វ្រិក​តាមរយៈ​ការបញ្ជូន​មន្ត្រី​ស៊ីវិល និង​ប្រឹក្សា​សឹក រួមជាមួយ​ការពង្រឹង​កិច្ច​សហ​ប្រ​តិ្ត​ការ​ការពារជាតិ​ជាមួយ​រដ្ឋ​អាហ្វ្រិក​ផងដែរ​។​



​កិច្ចសហប្រតិបត្តិការ​យោធា​រវាង​រុស្ស៊ី ជាមួយ​រដ្ឋ​អាហ្វ្រិក​កើនឡើង​រហ័ស​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ ហើយ​វា​អាច​ប្រជែង​លោកខាងលិច និង​ចិន​បាន​ផង​។ អ្នកជំនាញ​យល់ថា រុស្ស៊ី​នឹង​បន្ត​ពង្រឹង​ឥទ្ធិពល​របស់ខ្លួន​តាម​រយៈ​កិច្ចសហប្រតិបត្តិការ​យោធា​កាន់តែខ្លាំង​ទៀត​ក្នុង​រយៈពេល​ខាងមុខនេះ​ដើម្បី​ប្រជែង​ម្ចាស់​អាណានិគម​អាហ្វ្រិក «​អឺរ៉ុប​» និង​មហាអំណាច​អាស៊ី​ចិន​ផង​។

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល (CAR) ជា​ប្រទេសមួយ​ក្នុងចំណោម​រដ្ឋ​អាហ្វ្រិក​ផ្សេងទៀត​ដែល​កំពុង​ពឹងផ្អែក​ខ្លាំង​លើ​សព្វាវុធ​រុស្ស៊ី និង​ទទួលបាន​ការជួយជ្រោមជ្រែង​ផ្នែក​បច្ចេកទេស​យោធា​ពី​រុស្ស៊ី​ដែរ​។

​អាហ្វ្រិក​កណ្តាល​ជា​ប្រទេស​ក្រីក្រ និង​អស្ថិរភាព​ខ្លាំង​ព្រោះ​ហ៊ុមព័ទ្ធ​ដោយ​ជម្លោះ​ប្រដាប់អាវុធ​។ ជា​ប្រពៃណី​ទៅហើយ ដោយសារ​ធ្លាប់​ស្ថិតក្រោម អាណានិគម​របស់​បារាំង អាហ្វ្រិក​កណ្តាល​បន្ត​ស្នើសុំ​ជំនួយ​ពី​បារាំង​។ ប៉ុន្តែ​ចាប់ពី​ដើមឆ្នាំ​នេះ រុស្ស៊ី​កាន់តែ​លេចធ្លោរ ហើយ​ចេញមុខ​ផ្គត់ផ្គង់​អាវុធ​ដល់​ទាហាន​អាហ្វ្រិក​កណ្តាល​ទៀត​។

​ការផ្គត់ផ្គង់​អាវុធ​នេះ​ធ្វើឡើង​ក្រោយ​មានការ​អនុញ្ញាត​ពី​ក្រុមប្រឹក្សាសន្តិសុខ ហើយ​ក្រៅពី​ជួយ​ផ្គត់ផ្គង់​អាវុធ រុស្ស៊ី​ក៏មាន​ចំណែក​ជួយផ្តល់​ការការពារ​សន្តិ​សុខដ​ល់​ប្រធានាធិបតី​អាហ្វ្រិក​កណ្តាល​លោក Faustin-Archange Touadera ដែរ​។ រឿង​ដែល​គួរ​ឲ្យ​កត់សម្គាល់​ប្រធានាធិបតី​នេះ មាន​ទីប្រឹក្សា​សឹក​ជា​ជនជាតិ​រុស្ស៊ី​ទៀត​។​

​បើតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ដដែល រដ្ឋាភិបាល​ក្រេ​ម​ឡាំង​បាន​បញ្ជូន​មន្ត្រី​យោធា​ប្រាំ​នាក់ និង​មន្ត្រី​ស៊ីវិល ១៧​នាក់​ផ្សេងទៀត​ទៅធ្វើជា​គ្រូបង្វឹក​ដល់​ទាហាន​អា​ហ្រិ្វ​ក​កណ្តាល បើទោះជា​សហភាព​អាហ្វ្រិក​ដើរតួរ​ជា​អ្នក​បំពាក់បំប៉ន​ទ័ព​អាហ្វ្រិក​កណ្តាល​រាប់​ឆ្នាំ​ក៏ដោយ​។​

​យ៉ាងណាមិញ គេ​សង្ស័យថា ក្រុម​គ្រូបង្វឹក​រុស្ស៊ី​នោះ​អាច​ចេញមុខ​ពី​ក្រុង​ទាហាន​ស៊ីឈ្នួល Wagner ដែលមាន​កម្លាំង​ប្រយុទ្ធ​នៅ​ស៊ី​រី​ផង​។ បញ្ហា​នេះ​ធ្វើ​ឲ្យ​មានការ​ស៊ើបអង្កេត​ធំដុំ​ផងដែរ​ពី​សំណាក់​អ្នកសារព័ត៌មាន ហើយ​កាលពី​ខែ​មុន​អ្នកសារព័ត៌មាន​រុស្ស៊ី​បីនាក់​ដែល​ចុះ​ស៊ើបអង្កេត​ករណីនេះ​ត្រូវបាន​សម្លាប់​ក្នុងពេល​បំពេញបេសកកម្ម​នៅ​អាហ្វ្រិក​កណ្តាល​នេះដែរ​។​

​ក្រៅពី​អាហ្វ្រិក​កណ្តាល រុស្ស៊ី​ក្លាយជា​អ្នកផ្គត់ផ្គង់​អាវុ​ធ​ឲ្យ​ប្រទេស​កា​ម៉េ​រូ​ន​ ដែល​កំពុង​បន្ត​ច្បាំង​ជាមួយ​ក្រុម​ភេរវជន​ជី​ហាត​បូ​កូ​ហា​រ៉ា​ម (Boko Haram)​។ រុស្ស៊ី​ក៏បាន​បង្កើត​ភាពជា​ដៃគូ​ផ្នែក​យោធា​ ជាមួយ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ​, បួ​គី​ណា ហ្វា​សូ​, អ៊ូ​ហ្ក​ង់​ដា និង​អង់​ហ្កូ​ឡា​ដូចគ្នា​។ ចំណែក​នៅ ស៊ូដង់ រុស្ស៊ី​បង្កើត​សហប្រតិបត្តិការ​លើ​ការសាងសង់​រោងចក្រ​ថាមពលអគ្គិសនី​ដើរ​ដោយ​នុយក្លេអ៊ែរ​ផង​។ 

​ដាច់ដោយឡែក​ពី​បញ្ហា​យោធា រុស្ស៊ី​កំពុង​ចាប់ដៃ​ស៊ីម​បា​វ៉េ និង​ហ្គី​ណេ​ ដើម្បី​អភិវឌ្ឍ​វិស័យ​ឧស្សាហ​ម​កម្ម​រ៉ែ ដែល​វា​ជា​វិស័យ​មួយ​ដែល​មហាអំណាច​អាស៊ី​ គឺចិន​ ព្យាយាម​ក្តោប​ក្តាប់​ផ្តាច់មុខ​។

​ទាក់ទិន​នឹង​ការព្យាយាម​ពង្រីក​កិច្ចការ​សហប្រតិបត្តិកា​រ​ជាមួយ​អាហ្វ្រិក អ្នកជំនាញ​បាន​អះអាងថា វា​ជាការ​ផ្លាស់ប្តូរ​ផ្នែក​យុទ្ធសាស្ត្រ​ថ្មី​មួយ ​ក្នុង​គោលនយោបាយ​ការបរទេស​របស់​រុស្ស៊ី​។ អ្នកជំនាញ​ជឿជាក់​ដែរ​ថា រុស្ស៊ី​ទាញ​បាន​ប្រយោជន៍ នយោបាយ​ច្រើនជាង​ប្រយោជន៍​សេដ្ឋកិច្ច​ក្នុង​កិច្ចសហប្រតិបត្តិការ​ជាមួយ​អាហ្វ្រិក​នេះ​។​

​ជំនាន់​សង្គ្រាមត្រជាក់ សហភាពសូវៀត​ មាន​ទំនាក់ទំនង​ស្អិតល្មួត​ជាមួយ​អាហ្វ្រិក និង​ជួយ​ជ្រោមជ្រែង​ដល់​ចលនា​តស៊ូ​ប្រឆាំង​ប្រទេស​ចក្រ​ព័​ត្តិ​នៅ​អាហ្វ្រិក​ផង​។ ប៉ុន្តែ​ក្រោយ​ចប់​សង្គ្រាមត្រជាក់ រុស្ស៊ី​គ្មាន​លុយ​ច្រើន ក៏បាន​បិទ​ចោល​ស្ថានទូត និង​ស្ថាន​កុងស៊ុល​ជាច្រើន​នៅ​អាហ្វ្រិក​ដែរ​។ ប៉ុន្តែ​ពេលនេះ​ស្ថាន​ការប្រែប្រួល ហើយ​រុស្ស៊ី​ក៏​មិនអាច​ព្រងើយកន្តើយ​នឹង​អាហ្វ្រិក​ទៀត​ដែរ​។

​ចរន្ត​នយោបាយ​ការបរទេស​ប្រែប្រួល​កាលពី​ដប់​ឆ្នាំមុន ដោយ​ក្រេ​ម​ឡាំង​ ចាប់​ផ្តើមកសាង​ទំនាក់ទំនង​ដែលមាន​ស្រាប់​ឡើងវិញ ​ក្នុងន័យ​ត្រឡប់​ទៅ​ពង្រឹង​ឥទ្ធិពល​ខ្លួន និង​ពង្រឹង​ភាពជា​ដៃគូ​ពាណិជ្ជកម្ម​ផង​។ កាលនោះ​ ប្រធានាធិបតី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ចាប់ផ្តើម​គោលនយោបាយ​ការបរទេស​ ទៅកាន់​អាហ្វ្រិក​នេះ ​តាមរយៈ​ការ​ទស្សនកិច្ច​នៅ​អាល់​ហ្សេ​រី អាហ្វ្រិក​ខាងត្បូង និង​ម៉ា​រ៉ុ​ក​ផង​។ ក្រោយមកទៀត អាណត្តិ​បន្ទាប់​ប្រធាន​ធិបតី ឌី​មី​ទ្រី មេ​ដ​វ៉េ​ដេ​វ បាន​ទស្សនកិច្ច​ទៅកាន់​អង់​ហ្កូ​ឡា​, ណា​មី​ប៊ី និង​នី​ហ្សេ​រី​យ៉ា​ផង ហើយ​កាលនោះ​ លោក​មាន​បំណង​សំខាន់​ផ្សារភ្ជាប់​ទំនាក់ទំនង​ធុរកិច្ច​ និង​ពាណិជ្ជកម្ម​។

​ចាប់ពី​ឆ្នាំ ២០១៤ ស្ថានភាព​ភូមិសាស្ត្រ​នយោបាយ​ប្រែប្រួល​កាន់តែខ្លាំង​ បន្ទាប់ពី​រុស្ស៊ី​ ត្របាក់​យក​ទឹកដី​គ្រី​មៀ​ ពី​អ៊ុយ​ក្រែ​ន​។ លោកខាងលិច ​នាំគ្នា​ដាក់ទណ្ឌកម្ម​រុស្ស៊ី​ ដើម្បី​បង្ខំ​ឲ្យ​មហាអំណាច​នេះ​ ខ្ជាក់​ទឹកដី​គ្រី​មៀ​ ទៅ​ឲ្យ​អ៊ុយ​ក្រែ​ន​វិញ​។ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នេះ រុស្ស៊ី​ចាប់ផ្តើម​បើកចំហ​ទ្វារ​ សម្រាប់​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​ទូលំទូលាយ​ទៀត​ ជាមួយ​ប្រទេស​ផ្សេងទៀត​នៅ​អាហ្វ្រិក ហើយ​រុស្ស៊ី​ក៏​បង្ហាញ​មហិច្ឆតា ​ក្នុងការ​ប្រែ​ក្លាយខ្លួនជា​មហាអំណាច​ពិភពលោក ​ជាថ្មី​ម្តងទៀត​ដែរ​។

​សម្រាប់​ប្រទេស​អាហ្វ្រិក​ឯណោះ​វិញ វត្តមាន​របស់​រុស្ស៊ី​ជា​រឿង​ល្អ​។ ល្អ​ត្រង់​ថា ទីមួយ​រុស្ស៊ី​ជា​មហាអំណាច​យោធា​មួយ​ខ្លាំង ហើយ​មិនមាន​ប្រវត្តិ​ធ្លាប់​ដាក់​អាណានិគម​ប្រទេស​អាហ្វ្រិក​ឡើយ​។ ចំណុច​ទី​ពីរ​គឺ ប្រទេស​អាហ្វ្រិក​មាន​ជម្រើស​ក្នុងការ​កំណត់ដៃ​គូ​សហ​ប្រតិបត្តិការ និង​វិនិយោគ ក្រៅពី​មហាអំណាច​ចិន និង​អឺរ៉ុប​នោះ​៕



Tag:
 ​រុស្ស៊ី​
  អាហ្វ្រិក​
  សព្វាវុធ
© រក្សាសិទ្ធិដោយ thmeythmey.com