អន្តរជាតិ
មហាធៀ ចង់រក្សាប្រយោជន៍ម៉ាឡេស៊ី, ប៉ុន្តែមិនស្អប់ចិន ហើយក៏គ្មានទំនោរទៅលោកខាងលិចដែរ
× នាយករដ្ឋមន្ត្រីម៉ាឡេស៊ី មហាធៀ មហាម៉ាត់ នឹងបំពេញទស្សនកិច្ចនៅចិនក្នុងខែសីហានេះដោយត្រៀមពាំនាំរឿងក្នុងចិត្តធំៗចំនួនពីរទៅពិភាក្សាជាមួយមេដឹកនាំចិន។ រឿងពីរនោះគឺ បំណងសុំលុបចោលកិច្ចព្រមព្រៀងសាងសង់ហេដ្ឋារចនាសម្ព័ន្ធក្រោមគម្រោងវិថីមួយខ្សែក្រវាត់មួយ និងមួយទៀតគឺសុំឲ្យចិនបញ្ឈប់ការបន្តធ្វើយោធូបនីយកម្មនៅសមុទ្រសមុទ្រចិនខាងត្បូងទៀត។ លោក មហាធៀ សង្ឃឹមថា ចិននឹងយល់ពីកាលៈទេសៈតម្រូវដែលចាំបាច់ឲ្យម៉ាឡេស៊ីសម្រេចបែបនេះ ហើយម៉ាឡេស៊ីក៏នៅតែមានចិត្តចង់ពង្រឹងចំណងមិត្តភាពជាមួយចិនដដែល។
ក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃចន្ទទី ១៣ ខែសីហា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មហាធៀ មហាម៉ាត់ បានបង្ហើបថា លោកនឹងស្វះស្វែងរកការលុបចោលកិច្ចព្រមព្រៀងកសាងហេដ្ឋារចនាសម្ព័ន្ធជាមួយចិនពេលលោកទៅទស្សនកិច្ចនៅចិនសប្តាហ៍នេះ។
«យើងមិនគិតថា យើងត្រូវការគម្រោងទាំងនេះ។ យើងមិនគិតថា គម្រោងទាំងនេះអាចធ្វើបានឡើយ។ ដូច្នេះបើសិនជាអាច យើងចង់បញ្ឈប់គម្រោងនេះតែម្តង»។ នេះជាសម្តីរបស់លោក មហាធៀក្នុងបទសម្ភាសន៍។
ការបង្ហាញពីចេតនាសុំលុបចោលកិច្ចព្រមព្រៀងហេដ្ឋារចនាសម្ព័ន្ធដែលត្រូវសាងសង់ដោយក្រុមហ៊ុនរដ្ឋចិនក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយវិថីមួយរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីនេះ ធ្វើឡើងក្រោយពេលដែលលោកប្រកាសចរចាឡើងវិញលើគម្រោងដែលរដ្ឋាភិបាលលោក ណាជីប រ៉ាហ្សាក់ ចុះរួមជាមួយចិនកាលពីឆ្នាំ ២០១៦។ នាយករដ្ឋមន្ត្រីរូបនេះមិនពេញចិត្តនឹងគម្រោងនេះទេព្រោះវាធ្វើឲ្យម៉ាឡេស៊ីជំពាក់ជំពិនកាន់តែខ្លាំងនឹងបញ្ហាបំណុលដែលកើនដល់កម្រោងប្រកាសអាសន្នហើយនោះ។
គម្រោងដែលម៉ាឡេស៊ីចង់លុបចោលនោះមានពីរធំៗក្នុងនោះមានគម្រោងសាង់សង់ផ្លូវរថភ្លើងនៅឆ្នេរភាគខាងកើតដែលមានចម្ងាយ ៦៨៨គីឡូម៉ែត្រ និងបំពង់ឧស្ម័នចំនួនពីរផង ហើយគម្រោងនេះមានតម្លៃសរុបប្រហែល ២២ពាន់លានដុល្លារអាមេរិក។ បច្ចុប្បន្ននេះ ម៉ាឡេស៊ីបានផ្អាកដំណើរការសាងសង់រួចរាល់ហើយ ដើម្បីត្រួសត្រាយផ្លូវសម្រាប់ការចរចារវាងថ្នាក់ដឹកនាំប្រទេសទាំងពីរផង។
យ៉ាងណាមិញក្នុងបទសម្ភាសន៍ដដែល លោក មហាធៀ បានលើកឡើងថា ម៉ាឡេស៊ីនៅតែចង់មានកិច្ចសហប្រតិបត្តិការល្អជាមួយចិន និងស្វាគមន៍ជានិច្ចរាល់លំហូរវិនិយោគរបស់ចិនចូលមកម៉ាឡេស៊ីឲ្យតែគម្រោងនេះផ្តល់ប្រយោជន៍ដល់ប្រជាជនម៉ាឡេស៊ីទូទៅ។ លោកបានសង្កត់ធ្ងន់ថា ក្នុងករណីដែលលោកសុំបញ្ឈប់កិច្ចព្រមព្រៀងនេះមិនបាន រដ្ឋាភិបាលម៉ាឡេស៊ីនឹងបន្តព្យួរគម្រោងនេះទៅមុខទៀតរហូតដល់ស្ថានភាពមួយដែលបង្ហាញថា ម៉ាឡេស៊ីពិតជាត្រូវការគម្រោងនេះមែន។
ដោយឡែក បើតាមសារព័ត៌មាន South China Morning Post មន្ត្រីម៉ាឡេស៊ីម្នាក់ដែលសុំមិនបញ្ចេញអត្តសញ្ញាណដែលមានភារកិច្ចរៀបចំដំណើរទស្សនកិច្ចរបស់លោក មហាធៀ ទៅកាន់ក្រុងប៉េកាំងដែរនោះបានបង្ហើបថា លោក មហាធៀ ចង់រក្សាតុល្យភាពនៃទំនាក់ទំនងពាណិជ្ជកម្មជាមួយចិន ជាពិសេសដោះស្រាយរឿងបំណុលដែលម៉ាឡេស៊ីជំពាក់ចិននោះ។
មន្ត្រីរូបនេះបន្ថែម អ្វីដែលសំខាន់លោក មហាធៀ ក៏ចង់បន្ថយការចំណាយលើគម្រោងដែលមាន និងសម្រួលឲ្យក្រុមហ៊ុននិងប្រជាជនម៉ាឡេស៊ីកាន់តែច្រើនអាចចូលរួមក្នុងដំណើរការសាងសង់គម្រោងទាំងនោះ មិនមែនផ្គត់ផ្គង់ដោយចិន ហើយសាងសង់ដោយចិនផ្តាច់មុខឡើយ។
-មហាធៀ នឹងប្រាប់ចិនឲ្យបញ្ចប់វាតទីដោយប្រើយោធានៅសមុទ្រចិនខាងត្បូង
ក្រៅពីកង្វល់ក្នុងចិត្តរឿងបំណុលជំពាក់ចិន លោក មហាធៀ ក៏នឹងឆ្លៀតឱកាសក្នុងពេលទស្សនកិច្ចនៅចិន រៀបរាប់ពីក្តីបារម្ភរបស់លោកជុំវិញសកម្មភាពកសាងកោះសិប្បនិម្មិត និងការធ្វើយោធូបនីយកម្មតំបន់ជម្លោះសមុទ្រចិនខាងត្បូងដែរ។
ក្នុងបទសម្ភាសន៍ជាមួយ AP ដដែលអ្នកនយោបាយវ័យ៩៣ឆ្នាំរូបនេះទទូចឲ្យចិនគោរពឲ្យបានខ្ជាប់ខ្ជួននូវសេរីភាពនៃការធ្វើដំណើររបស់នាវាតាមសមុទ្រចិនខាងត្បូង ដែលជាតំបន់ប្រទាញប្រទង់រវាងចិន និងរដ្ឋអាស៊ានរួមទាំងម៉ាឡេស៊ីផង។ លោកក៏ព្រមានផងដែរពីការសម្ញែងយោធាដាក់គ្នារវាងភាគីពាក់ព័ន្ធជាពិសេសបញ្ជូននាវាចម្បាំងទៅប្រចាំការនៅក្នុងសមុទ្រតែម្តង។
លោកនិយាយបែបនេះ៖ «យើងចង់ឲ្យមាននាវាទាំងអស់ ក៏ដូចជានាវាចម្បាំងឆ្លងកាត់ដែរ ប៉ុន្តែមិនមែនទៅឈរជើងនៅទីនោះឡើយ។ វាជាសញ្ញាព្រមានសម្រាប់ទាំងអស់គ្នា ហើយកុំព្យាយាមបង្កើតភាពតានតឹងឥតបានប្រយោជន៍។
តាមពិតទៅ ចិនទាមទារយកដែនជម្លោះប្រហែល៩០ភាគរយនៅសមុទ្រចិនខាងត្បូងដោយសម្អាងលើផែនទីប្រាំបួនត្រេដែលគូសជាឯកតោភាគី។ ក្រៅពីទាមទារ ចិនក៏បានបន្តវាតទីតំបន់ជម្លោះនោះដោយកសាងកោះសិប្បនិម្មិត និងធ្វើយោធូបនីយកម្មដំឡើងឧបករណ៍យោធា និងសព្វាវុធជាដើមកន្លងមក។ ចំណែកអាមេរិកដែលគ្មានចំណែកមួយដុំក្នុងតំបន់ជម្លោះនោះបន្តពង្រឹងយោធាដោយបង្កើនវត្តមាននាវាដឹកយន្តហោះ នាវាចម្បាំង និងយន្តហោះចម្បាំងនៅក្នុងសមុទ្រដោយសម្អាងលើសេរីភាពនាវាចរណ៍ និងការហោះហើរនោះ។
-ចិនបារម្ភពីទំនាក់ទំនងជាមួយម៉ាឡេស៊ី ប៉ុន្តែមហាធៀ មិនដែលមានទំនោរទៅរកលោកខាងលិច
ការឡើងមកកាន់អំណាចរបស់លោក មហាធៀ ជានាយករដ្ឋមន្ត្រីម្តងទៀតធ្វើឲ្យចិនបារម្ភមិនលែងទេ ជាពិសេសក្រោយពេលដែលលោកនិយាយពីលទ្ធភាពរបស់រដ្ឋាភិបាលក្នុងការស្នើសុំចរចាឡើងវិញនិងហើយពេលនេះចង់លុបកិច្ចព្រមព្រៀងហេដ្ឋារចនាសម្ព័ន្ធផ្គង់ផ្គង់ដោយខ្លួននោះ។
ដូច្នេះ ហើយទើបបានជាដើមខែសីហាកន្លងមកប្រធានាធិបតីចិនលោក ស៊ី ជិនភីង បញ្ជូនប្រមុខការទូតរបស់ខ្លួនលោក វ៉ាង យី មកកាន់ម៉ាឡេស៊ី ក្នុងគោលបំណងបញ្ជាក់ពីគោលជំហរចង់សាងសង់ទំនាក់ទំនងការទូតក្នុងនាមជាមិត្តជិតខាងល្អរបស់ម៉ាឡេស៊ីផង។ ភាគីទាំងពីរហាក់ព្យាយាមស្វែងរកចំណុចរួម និងដោះស្រាយកង្វល់ដែលភាគីទាំងពីរមានផងដែរ។
ពេលជួបជាមួយលោក មហាធៀ លោក វ៉ាង បានប្រាប់ត្រង់ៗថា ចិនគោរពការសម្រេចចិត្តរបស់ប្រជាជនម៉ាឡេស៊ីដែលស្របតាមបរិបទប្រទេសជាតិខ្លួន ហើយចិនក៏គាំទ្ររាល់ផ្លូវនៃការអភិវឌ្ឍដែលម៉ាឡេស៊ីជ្រើសរើសដែរ។ លោក មហាធៀ បានតបវិញថា ម៉ាឡេស៊ីមើលឃើញពីសារសំខាន់ដែលមានចិនជាមិត្ត និងដៃគូដើម្បីអភិវឌ្ឍ ហើយលោកក៏រំពឹងពង្រឹងទំនាក់ទំនងទ្វេភាគីនេះទៅមុខទៀតដែរ។
ថ្វីបើនិន្នាការប្រឆាំងគម្រោងចិនកើតមានខ្លាំងក្នុងរដ្ឋាភិបាលម៉ាឡេស៊ីក្តី គេត្រូវដឹងថា លោក មហាធៀ ក៏មិនមែនជាអ្នកនយោបាយមានទំនោរទៅរកលោកខាងលិចដែរ។ ជានិច្ចជាកាលអ្នកនយោបាយជើងចាស់នេះទិតៀនអាមេរិក និងសម្ព័ន្ធមិត្តឥតមានសំចៃឡើយជាពិសេសការអន្តរាគមន៍យោធារបស់លោកខាងលិចនៅមជ្ឈិមបូព៌ា និងការគាំទ្រអ៊ីស្រាអែលឲ្យបន្តធ្វើទុក្ខបុកម្នេញជនជាតិប៉ាឡេស្ទីនជាដើម។
ប៉ុន្តែអ្វីដែលលោក មហាធៀ ចង់បាននោះគឺ ចង់ធ្វើឲ្យពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការវាងចិននិងម៉ាឡេស៊ីជាទំនាក់ទំនងដែលផ្តល់ចំណេញទាំងសងខាង។ ប្រជាជនម៉ាឡេស៊ី ឬក្រុមហ៊ុនជំនួញម៉ាឡេស៊ីត្រូវមានចំណែកចូលរួម និងទទួលបានប្រយោជន៍ពីគម្រោងអភិវឌ្ឍនៃកិច្ចសហប្រតិបត្តិការជាមួយចិននេះ៕
Tag:
មហាធៀ មហាម៉ាត់
ចិន
ម៉ាឡេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com