ជាតិ
១៧​នាក់​ស្លាប់ និង​ជិត​៨​ម៉ឺន​គ្រួសារ ក្នុង​ខេត្ត​៦ កំពុង​រងគ្រោះ​ដោយសារ​ទឹកជំនន់​ទន្លេមេគង្គ​
14, Aug 2018 , 9:59 pm        
រូបភាព
រូបភាពបានពីក្រសួងធនធានទឹក និងឧតុនិយម​.
រូបភាពបានពីក្រសួងធនធានទឹក និងឧតុនិយម​.
​ទឹកជំនន់​ទន្លេមេគង្គ បានធ្វើ​ឲ្យ​មនុស្ស​ចំនួន​១៧​នាក់​ស្លាប់ (​កុមារ​៩​នាក់​) និង​ប្រជាពលរដ្ឋ​សរុប ៧៧៦៦៧​គ្រួសារ ក្នុង​ខេត្ត​៦ រួមមាន ស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ កំពង់ចាម ព្រៃវែង និង​កណ្តាល កំពុង​រង​ការប៉ះពាល់​។ នេះ​បើតាម​លោក កែវ វី អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ដែល​ប្រាប់​សារព័ត៌មាន​ថ្មីៗ នា​ថ្ងៃទី​១៤ សីហា​។



​លោក កែវ វី អះអាងថា ទឹកជំនន់​នេះ ក៏បាន​ធ្វើ​ឲ្យ​ផលដំណាំ​របស់​ប្រជាកសិករ​ក្នុង​តំបន់​ខូចខាត​ទាំងស្រុង​ផងដែរ ដោយ​ក្នុងនោះ ស្រូវ​សរុប​៤៨១៧​ហិច​តា សំណាប​១២​ហិច​តា និង​ដំណាំ​បន្លែ​ផ្សេងៗ ២០១២​ហិច​តា​។ លោក បន្តថា ក្រៅពី​ដំណាំ នៅមាន​ស្រូវ និង​សន្ទូង​ជាង​៣​ម៉ឺន​ហិច​តា រួមទាំង​ចម្ការ​បន្លែ និង​ផ្លែឈើ​ផ្សេងៗ ៤៥២៧​ហិច​តា កំពុង​លិចលង់ និង​ប្រឈម​នឹង​ការ​ខូច​។​

​អ្នកនាំពាក្យ​ដដែល បន្ថែមថា​សាលារៀន​ចំនួន ២០៣​កន្លែង វត្ត​អារាម​ចំនួន ១០៧​កន្លែង មណ្ឌល​សុខភាព​ចំនួន ១៤​កន្លែង ត្រូវបាន​ជន់​លិច និង​មានការ​រុះ​រើស​ផ្ទះ​ចំនួន​២៨​ខ្នង ដោយសារ​បាក់​ច្រាំងទន្លេ​។ លោក បាន​បញ្ជាក់ថា ចំនួន​ប្រជាពលរដ្ឋ ៧៧៦៦៧​គ្រួសារ ដែល​កំពុង​រង​ការប៉ះពាល់​ពី​ទឹកជំនន់​ទន្លេមេគង្គ​នេះ មាន​៧០៣៥​គ្រួសារ ហើយ​សត្វពាហនៈ​សរុប​៣៦១១៨​ក្បាល ត្រូវបាន​ជម្លៀស​ទៅ​ទីទួល​សុវត្ថិភាព​។

​លោក កែវ វី បាន​ឲ្យ​ដឹង​ទៀតថា ចំពោះ​ទឹកទន្លេ​មេគង្គ​ក្នុង​រយៈពេល​៣​ថ្ងៃ​ចុង​ក្រោយនេះ មានការ​ស្រក់​ចុះ​ជា​បណ្តើ​រហើយ ប៉ុន្តែ យ៉ាងនេះ​ក្តី ក៏​ប្រជាពលរដ្ឋ ដែល​នៅ​ទីទួល​សុវត្ថិភាព នៅតែ​មិនទាន់​អាចមក​កាន់​លំនៅដ្ឋាន​របស់ខ្លួន​វិញ​បាន ដោយសារ​ទឹក​ដែល​ជន់​លិច​នៅតាម​ភូមិ​នីមួយៗ មិនទាន់​ស្រក់​នៅឡើយ​៕


Tag:
 ទឹកជំនន់​
  ទន្លេមេគង្គ​
  ស្រូវ​
  ចម្ការ​
  កែវ វី​
© រក្សាសិទ្ធិដោយ thmeythmey.com