ជាតិ
រដ្ឋ នឹងដាក់​មន្ត្រី​៥​ម៉ឺន​នាក់ និង​ចំណាយ​១០​លាន​ដុល្លារ ក្នុង​ការធ្វើជំរឿន​ឆ្នាំ​២០១៩
15, Aug 2018 , 8:39 am        
រូបភាព
សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ រូបពីក្រសួងមហាផ្ទៃ
សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ រូបពីក្រសួងមហាផ្ទៃ
ដោយ:
​ភ្នំពេញ​៖ ជំរឿន​ប្រជាជន​កម្ពុ​ជាទូទៅ​ប្រទេស  នឹង​ចាប់​ផ្តើមធ្វើ នៅ​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០១៩ ដោយ​ប្រើ​មន្ត្រី​រដ្ឋ​ប្រមាណ ៥​ម៉ឺន​នាក់ និង​ត្រូវ​ចំណាយ​ថវិកាជាតិ​ជិត ១០​លាន​ដុល្លារ ហើយ​ត្រូវ​ប្រើពេល​ជិត​មួយឆ្នាំ​។ នេះ​បើតាម​ការផ្សាយ​របស់គេ​ហ​ទំព័រ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នៅ​ថ្ងៃទី​១៤ ខែសីហា​។​



​ការធ្វើជំរឿន​ប្រជាជន​កម្ពុជា នៅ​ឆ្នាំ​២០១៩ មានការ​កែរ​លម្អ​តារាង​សំណួរ ដែល​ធ្វើ​ឲ្យ​មាន​លក្ខណ​:​ទាន់សម័យ ស្របតាម​តម្រូវការ​សូចនាករ និង​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព នៃ​របៀប​វារ​:​ឆ្នាំ​២០១៦-២០៣០​។ នេះ​ជាការ​លើកឡើង​របស់​ស​ម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដែល​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​លើក​ទី​២ នៃ​គណៈកម្មាធិការ​ជាតិ​ជំរឿន​ទូទៅ​ប្រជាជន​កម្ពុជា នៅ​ឆ្នាំ​២០១៩ នា​ថ្ងៃទី​១៤ ខែសីហា នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​។​

​សម្ដេច ស ខេង បាន​បន្តថា ជំរឿន​ទូទៅ​ប្រជាជន​នៅ​កម្ពុជា ឆ្នាំ​២០១៩ គឺ​ប្រើប្រាស់​ថវិកាជាតិ​ស្ទើរតែ​ទាំងស្រុង ដោយ​គ្មាន​ដៃគូ​អភិវឌ្ឍន៍​ណាមួយ​ជួយ​គាំទ្រ​ឡើយ លើកលែងតែ​អង្គការ UNFPA ដែល​បាន​ជួយ​ខាង​បច្ចេកទេស និង​ក្នុង​កម្រិត​មួយ​នៃ​លទ្ធភាព​របស់គេ​។​

​នៅក្នុង​ឆ្នាំ​២០១៩​ខាងមុខនេះ ប្រជាជន​កម្ពុជា​អាច​នឹង​កើន​ដល់​ក្នុង​រង្វង់​១៦​លាន​នាក់ ខណៈ​ប្រជាជន​កម្ពុ​ជាមាន​កំណើន​ក្នុង​មួយឆ្នាំ​ពី​រង្វង់​១,៦​ភាគរយ​។ ហើយ​ក្រុមការងារ​បច្ចេកទេស​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​ក្រសួងផែនការ បាន​អនុវត្ត​ការងារ​ជំរឿន​ប្រជាជន បាន​ដោយ​រលូន​ទៅតាម​ផែនការ​សកម្មភាព ដែល​បាន​គ្រោងទុក​។ នេះ​ជាការ​ថ្លែង​របស់លោក ឆាយ ថន រដ្ឋមន្ត្រី​ក្រសួងផែនកា​រ និង​ជា​អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​ជំរឿន​ទូទៅ​ប្រជាជន​នៅ​កម្ពុជា នៅក្នុង​កិច្ចប្រជុំ​ខាងលើ​។​

​គូស​បញ្ជក់​ថា ការធ្វើជំរឿន​ប្រជាជន​កម្ពុជា បានធ្វើ​ឡើង​៣​ដង​រួចមកហើយ គឺ​នៅ​ឆ្នាំ​១៩៦២ ឆ្នាំ​១៩៩៨ និង​ឆ្នាំ​២០០៨​។ ការ​ជំរឿន​ទាំង​៣​លើក​នេះ មាន​ការជួយជ្រោមជ្រែង​ពី​អង្គការ​ដៃគូ ដូចជា​អង្គការ UNFPA អង្គការ JICA រដ្ឋាភិបាល​ជប៉ុន និងរ​ប្រទេស​អាល្លឺម៉ង់ ជាដើម​៕

អត្ថបទទាក់ទង



Tag:
 ជំរឿន​
 ​ស ខេង​
 ​ឆាយ ថន
© រក្សាសិទ្ធិដោយ thmeythmey.com