ជាតិ
បោះឆ្នោត
លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត ត្រូវ​ប្រកាស​នៅ​ល្ងាច​ថ្ងៃនេះ​
15, Aug 2018 , 10:50 am        
រូបភាព
លោក ស៊ិក ប៊ុនហុក ប្រធានគ.ជ.ប (កណ្តាល) ដឹកនាំកិច្ចប្រជុំនាពេលកន្លងមក
លោក ស៊ិក ប៊ុនហុក ប្រធានគ.ជ.ប (កណ្តាល) ដឹកនាំកិច្ចប្រជុំនាពេលកន្លងមក
ដោយ: ថ្មីៗ
​ជា​ព័ត៌មាន​ចុងក្រោយ ហើយក៏​គ្មាន​ការប្រែប្រួល​អ្វី​ទៀត​ដែរ ដែល​លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត នឹងត្រូវ​ប្រកាស​នៅ​ថ្ងៃទី​១៥ ខែសីហា​នេះ ចាប់ពី​ម៉ោង​៥ និង​៣០​នាទី​ល្ងាច​ទៅ​។



 
​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានបញ្ជាក់​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់ខ្លួន​ថា លទ្ធផល​ផ្លូវការ​នេះ គឺ​ប្រកាស​ពី​ឈ្មោះ​បេក្ខជន​ជាប់ឆ្នោត​ជា​តំណាងរាស្ត្រ និង​បែងចែក​អាសនៈ ឲ្យ​គណបក្សនយោបាយ​។

​លទ្ធផល​បឋម និង​លទ្ធផល​បណ្តោះអាសន្ន ដែល​គ​.​ជ​.​ប ប្រកាស​កន្លងមក គឺ​បង្ហាញ​តែ​ចំនួន​នៃ​អ្នក​ចេញទៅ​បោះឆ្នោត និង​សន្លឹកឆ្នោត ដែល​គណបក្ស​នីមួយៗ ទទួលបាន​ប៉ុណ្ណោះ​។

​ការប្រកាស​ទាំងពីរ​លើក​នេះ បង្ហាញថា គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះ​ដាច់​គេ​ឆ្ងាយ​ណាស់ រហូតដល់​ទទួលបាន​សន្លឹកឆ្នោត​ដល់​ទៅ​ជាង ៤,៨​លាន​ឯណោះ ដែល​ស្មើ​ជាង​៧៦​ភាគរយ​។ ប្រហែលជា​មានតែ​គណបក្ស​នេះ​ទេ ដែល​អាច​ទទួលបាន​អាសនៈ​ក្នុង​រដ្ឋសភា សម្រាប់​នីតិកាល​ទី​៦​។

​ក្រោយ​ប្រកាស​លទ្ធផល​ផ្លូវការ​ហើយ រដ្ឋសភា​នីតិកាល​ទី​៦ នឹង​ចាប់ផ្តើម​ប្រជុំ​ជា​លើកដំបូង​នៅ​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០១៨ ហើយ​មួយថ្ងៃ​ក្រោយមក រដ្ឋាភិបាល​ថ្មី នឹងត្រូវ​បង្កើតឡើង​៕


Tag:
 បោះឆ្នោត​
  គជប​
  លទ្ធផល​ផ្លូវការ
© រក្សាសិទ្ធិដោយ thmeythmey.com