អន្តរជាតិ
តុង​ហ្កា បបួល​រដ្ឋ​កោះ​ប៉ាស៊ីហ្វិក​សុំ​ឲ្យ​ចិន​លុប​បំណុល​ចោល​
15, Aug 2018 , 12:09 pm        
រូបភាព
នាយករដ្ឋមន្រ្តីតុងហ្កា Akilisi Pohiva (រូបភាព Getty Images)
នាយករដ្ឋមន្រ្តីតុងហ្កា Akilisi Pohiva (រូបភាព Getty Images)
​នាយករដ្ឋមន្ត្រី​តុង​ហ្កា Akalisi Pohiva បានស្នើ​ឲ្យ​ចិន​លុបចោល​បំណុល​របស់ខ្លួន ដោយ​លើក​ហេតុផល​ថា តុង​ហ្កា​មិនមាន​សមត្ថភាព​ដោះបំណុល​ដ៏​ច្រើន​ឡើយ​។ មេដឹកនាំ​ប្រទេស​កោះ​ប៉ាស៊ីហ្វិក​មួយ​នេះ នឹង​បបួល​រដ្ឋ​ផ្សេងទៀត​នៅ​តំបន់​នេះ ដែល​ជាប់បំណុល​ចិន​ដូចគ្នា​ដែរនោះ ដើម្បី​លើកសំណើ​រួមមួយ​ទៅកាន់​ចិន​ឲ្យ​ឈប់​យកលុយ​ជំពាក់​តែម្ដង​។ ចិន​ដែល​កន្លងមក​បាន​លុបចោល​បំណុល​ខ្លះ​ហើយ​នោះ បានទាមទារ​ឲ្យ​កូនបំណុល​របស់ខ្លួន​ស​ង​ប្រាក់​ជំពាក់​វិញ​។



​បញ្ហា​បំណុល​ក្នុងចំណោម​ប្រទេស​នៅ​តំបន់​ប៉ាស៊ីហ្វិក កំពុង​ក្លាយជា​បញ្ហា​គួរ​ឲ្យ​បារម្ភ​សម្រាប់​ប្រទេស​កោះ​តូចៗ​និង​ក្រីក្រ​ទាំងនោះ​។ ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន Observer របស់​សា​ម័​រ​(Samoa) នាយករដ្ឋមន្ត្រី​តុង​ហ្កា Akalisi Pohiva បានស្នើ​ជា​ចំហ​ទៅកាន់​ចិន​ឲ្យ​លុប​បំណុល​ដែល​ប្រទេស​លោក​ជំពាក់​។ សំណើ​របស់លោក Pohiva ជា​សញ្ញា​បង្ហាញ​ពី​ផលប៉ះពាល់​អវិជ្ជមាន​នៃ​ការហូរចូល​ជំនួយ និង​កម្ចី​សន្ធឹកសន្ធាប់​របស់​ចិន​ទៅកាន់​តំបន់​សមុទ្រ​ប៉ាស៊ីហ្វិក​នា​ឆ្នាំកន្លងមក​។​

​ភាគច្រើន​នៃ​ជំនួយ​របស់​ចិន គឺមាន​ប្រភព​ជា​កម្ចី​ដែល​ផ្ដល់​ឲ្យ​ដោយ​ធនាគារ​រដ្ឋ​ចិន Exim Bank ។ បើតាម​វិទ្យាស្ថាន Lowy របស់​អូស្ត្រាលី តុង​ហ្កា ដែលជា​ប្រទេស​ប្រមូលផ្ដុំ​ដោយ​ប្រជុំ​កោះ​ជាច្រើន​នោះ ជំពាក់​ចិន​ចំនួន​ច្រើនជាង​មួយរយ​លាន​ដុល្លារ បន្ទាប់ពី​ខ្ចីលុយ​ទាំងនោះ​ដើម្បី​សាងសង់​ប្រទេស​ឡើងវិញ​ក្រោយ​រងគ្រោះ​រញ្ជួយ​ដី​កាលពី​ឆ្នាំ​២០០៦ ។ លោក Pohiva និយាយថា ប្រទេស​លោក​កំពុង​ព្យាយាម​សងលុយ​ចិន​វិញ​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP នាយករដ្ឋមន្ត្រី​តុង​ហ្កា​រូបនេះ​ចាត់ទុក​បញ្ហា​បំណុល​នេះ ជា​រឿង​ទូទៅ​សម្រាប់​ប្រទេស​នៅ​តំបន់​ប៉ាស៊ីហ្វិក​ទៅហើយ ដែល​ត្រូវ​ដោះស្រាយ​រួមគ្នា​។ ប្រទេស​នៅ​តំបន់​នេះ​នឹង​បើក​ជំនួប​កំពូល​របស់ខ្លួន​នៅ​ខែក្រោយ​នៅ​កោះ​ណូ​រូ ហើយ​លោក Pohiva ចង់​ឲ្យ​មេដឹកនាំ​ទាំងអស់​ដាក់សំណើ​រួមគ្នា​ដើម្បី​សុំ​ឲ្យ​រដ្ឋាភិបាល​ចិន​លុបចោល​បំណុល ព្រោះ​ពួកគេ​គ្មាន​លទ្ធភាព​សងបំណុល​ទាំង​នោះឡើយ​។​

​ក្នុង​បទ​សម្ភាស​ដដែល​នោះ លោក Pohiva លើកឡើងថា ចិន​បានទាមទារ​លុយ​របស់​ខ្លួន​វិញ​ហើយ ដោយ​ត្រឹម​ខែកញ្ញា ឆ្នាំ​២០១៨ តុង​ហ្កា​ត្រូវ​សង​ចិន​ចំនួន​១៤​លាន​ដុល្លារ ដែលជា​ចំនួន​ដ៏​ច្រើន​មួយ​នៃ​ថវិកាជាតិ​តុង​ហ្កា​។ មេដឹកនាំ​តុង​ហ្កា​ខាងលើ​បង្ហាញ​ក្ដីបារម្ភ​ថា​៖ «​ប្រសិនបើ​យើង​មិនអាច​សងបំណុល​បានទេ ចិន​នឹង​មក​រឹបអូស​ទ្រព្យសម្បត្តិ​របស់​យើង​។ ដូចនេះ ការលើក​សំណើ​រួម​ឲ្យ​ចិន​បោះបង់​បំណុល ជា​ច្រកចេញ​តែមួយគត់​»​។​

អត្ថបទទាក់ទង


​លទ្ធផល​សងបំណុល​ចិន​របស់​តុង​ហ្កា កាន់តែ​រួម​តូច​បន្ទាប់ពី​រងគ្រោះ​ដោយសារ​ព្យុះ​មួយ​កាលពី​ខែកុម្ភៈ​កន្លងទៅ ដោយ​ត្រូវ​ចំណាយ​ថវិកា​ច្រើន​សម្រាប់​ការ​ស្រោចស្រង់​ប្រទេស​ឡើងវិញ​។ យ៉ាងណាមិញ អូស្ត្រាលី និង​នូ​វែ​ល​សេ​ឡង់ ដែលជា​មហាអំណាច​តំបន់​នោះ ក៏​ធ្លាប់​សន្យា​ផ្ដល់​លុយ​ដើម្បី​ជួយ​ប្រទេស​នៅ​តំបន់​មហាសមុទ្រ​ប៉ាស៊ីហ្វិក​នេះដែរ​។ ប្រមុខ​ការទូត​អូស្ត្រាលី​ធ្លាប់​និយាយថា  អូស្ត្រាលី​នឹងធ្វើ​គ្រប់យ៉ាង​តាម​ដែល​អាច​ធ្វើបាន​ដើម្បី​ប្រទេស​ទាំងនេះ​អាច​បន្ថយ​ការពឹង​ផ្អែកលើ​ចិន​៕


Tag:
 តុង​ហ្កា​
  ចិន​
  បា​ស៊ី​ហ្វិ​ក
© រក្សាសិទ្ធិដោយ thmeythmey.com