ជាតិ
សង្គមជាតិ
៦​ខែ សមត្ថកិច្ច ឃាត់​មនុស្ស​ជាង ១​ម៉ឺន​នាក់ ពាក់ព័ន្ធ​នឹង​គ្រឿងញៀន
15, Aug 2018 , 2:04 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ រយៈពេល​៦​ខែ ក្នុង​ឆ្នាំ​២០១៨ អាជ្ញាធរ​គ្រឿងញៀន បាន​សហការ​ជាមួយ​សមត្ថកិច្ច​គ្រប់ផ្នែក​ទាំងអស់ ចុះបង្ក្រាប់​អ្នក​ជូ​ញ​ដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ជិត ៤​ពាន់​ករណី ហើយ​ឃាត់​មនុស្ស​ជាង ១​ម៉ឺន​នាក់ និង​រឹបអូស​សារធាតុ​ញៀន​ជាង ១​រយ​គីឡូក្រាម​។ នេះ​បើតាម​ការ​ឱ្យដឹងពី​នាយ​ឧ​ត្ត​ម​សេនីយ៍ មាស វិ​រិ​ទ្ធ អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​នៃ​ក្រសួងមហាផ្ទៃ ដែល​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ បាន​ចុះផ្សាយ នៅ​ថ្ងៃទី​១៤ ខែសីហា​។



​នគរបាលជាតិ បាន​ស្រង់​សម្ដី​របស់លោក មាស វិ​រិ​ទ្ធ ទៅ​ចុះផ្សាយ​ថា អាជ្ញាធរ​បាន​ចាប់ខ្លួន​អ្នកជួញដូរ​គ្រឿងញៀន​ជាង​៧៥០០​នាក់ ដោយ​ក្នុងនោះ បាន​បញ្ជូន​ទៅកាន់​តុលាការ​កាត់ទោស​ជាង ៤៤០០​នាក់​រួចហើយ  ហើយ​បាន​ឃាត់ខ្លួន​អ្នកប្រើប្រាស់​ជាង ៣​ពាន់​នាក់ ដោយ​ត្រូវ​បញ្ចូនទៅ​កាន់​មណ្ឌល​កែប្រែ​។ លោក មាស វិ​រិ​ទ្ធ បាន​បន្ថែមថា តួលេខ​ទាំង​អ្នក​ជូ​ញ​ដូរ​និង​អ្នកប្រើប្រាស់​ត្រូវបាន​ថយចុះ​ជាង​ឆ្នាំ​២០១៧ ប៉ុន្តែ​សារធាតុ​ញៀន បាន​កើនឡើង​ដោយសារតែ​អាជ្ញាធរ​បង្ក្រាបបាន​ភាគ​ច្រើន​ជា​ទ្រង់ទ្រាយ​ធំ​។​

​បើតាម​ការចុះផ្សាយ​រប​ស់​នគរបាលជាតិ​ដដែល អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​នៃ​ក្រសួងមហាផ្ទៃ​រូបនេះ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទូទៅ សហការ​ជាមួយ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ដើម្បី​លុបបំបាត់​នូវ​គ្រឿងញៀន​នៅ​កម្ពុជា​។ លោក ថា អាជ្ញាធរ ធ្វើការ​តែឯង​គឺ​មិនអាច​ទៅរួច​នោះឡើយ លុះត្រា​តែមាន​ការសហកា​រ​ជាមួយ​ប្រជាពលរដ្ឋ​ផងដែរ​៕


Tag:
 គ្រឿងញៀន​
  មាស វិ​រិ​ទ្ធ​
© រក្សាសិទ្ធិដោយ thmeythmey.com