កីឡាជាតិ
ជាតិ
ជើង​ខ្លាំង​ប្រចាំ​ភូមិភាគ​ទាំង​៥ ប្រជែង​គ្នា​ដណ្តើម​ជើងឯក​ថ្នាក់ជាតិ​កីឡា​ទាញព្រ័ត្រ​នៅ​កោះ​ពេជ្រ​
15, Aug 2018 , 2:57 pm        
រូបភាព
ដោយ:
​ប្រធាន​សហព័ន្ធ​កីឡា​ទាញព្រ័ត្រ​កម្ពុជា ប្រាប់​កីឡាករ​កីឡាការិនី និង​អាជ្ញាកណ្តាល​ចៅក្រម ឲ្យ​ប្រកួត​អស់ពី​សមត្ថភាព និង​កាត់ក្តី​ឲ្យ​បាន​ត្រឹមត្រូវ ដោយ​ឈរលើ​គោលការណ៍​សមធម៌​។ ការ​ក្រើនរំលឹក​បែបនេះ ធ្វើឡើង​ក្នុង​ពិធី​បើក​ការប្រកួត​កីឡា​ទាញព្រ័ត្រ​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​លើក​ទី​២ កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៨​។​



​លោក មាស សារិន ប្រធាន​សហព័ន្ធ​កីឡា​ទាញព្រ័ត្រ​កម្ពុជា ក្រើនរំលឹក​ឲ្យ​កីឡាករ​កីឡាការិនី ដែល​ចូល​ប្រកួតប្រជែង​ដណ្តើម​ជើង​ថ្នាក់ជាតិ​ឆ្នាំនេះ ត្រូវ​ប្រកួត​ឲ្យ​អស់ពី​សមត្ថភាព ដោយ​ឈរលើ​ភាពយុត្តិធម៌ សាមគ្គីភាព គោរព​វិន័យ និង​គោរព​បទបញ្ជា​នៃ​ការប្រកួត​។ លើសពីនេះ លោក​ប្រាប់​ឲ្យ​អាជ្ញាកណ្តាល ចៅក្រម ដែល​ចូលរួម​កាត់ក្តី ត្រូវ​ឈរលើ​ភាព​សុ​ក្រឹត និង​យុត្តិធម៌​។​

​ការជំរុញ​បែបនេះ គឺ​ដើម្បី​ផ្តល់​ភាពយុត្តិធម៌​ដល់​កីឡាករ​កីឡាការិនី ដែល​ព្យាយាម​ហ្វឹកហាត់​ពិតប្រាកដ​ផង និង​ធ្វើ​ឲ្យ​ការប្រកួត​កាន់តែ​ស្វិតស្វាញ និង​ទាក់ទាញ​ជាង​មុន​។ ព្រោះ​ការប្រកួត​នេះ ជា​ផែនការ​យុទ្ធសាស្ត្រ​ក្នុងការ​ចម្រាញ់រ​កជើង​ខ្លាំង ដើម្បី​ត្រៀម​ចូលរួម​ប្រកួតប្រជែង​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​នា​ឆ្នាំ​២០២៣​នៅ​កម្ពុជា​។



​បើ​យោងតាម​អ្នកស្រី ប្រាក់ សម្ផស្ស អគ្គលេខាធិការ​សហព័ន្ធ ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំនេះ មាន​អត្ត​ព​លិ​ក​ចំនួន​២០០​នាក់​មកពី​១២​ក្លិប​-​សមាគម​ចូលរួម ដែល​ចំនួន​នេះ​មានការ​ថយចុះ​បើ​ធៀប​នឹង​លើក​ទី​១​។ ប៉ុន្តែ​ការប្រកួត​ឆ្នាំនេះ មាន​លក្ខណៈ​ខុសប្លែក​ពី​ឆ្នាំមុន ដោយ​ក្រុម​ចូលរួម​ឆ្នាំនេះ​សុទ្ធសឹង​ជា​ជើង​ខ្លាំង​ប្រចាំ​ភូមិភាគ​ទាំង​៥ ខណៈ​លើក​មុន​បើក​សេរី​សម្រាប់​ក្រុម​ចូលរួម​។ 

​ភូមិភាគ​ទាំង​៥​រួមមាន ភូមិភាគ​វាលរាប ភូមិភាគ​ឦសាន ភូមិភាគ​និរតី ភូមិភាគ​បឹង​ទ​ន្ល​សាប និង​ភូមិភាគ​រាជធានី​ភ្នំពេញ​។ ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំនេះ ប្រព្រឹត្តទៅ​ចន្លោះ​ពីថ្ងៃ​ទី​១៤-១៦ ខែសីហា ឆ្នាំ​២០១៨ នៅក្នុង​បរិវេណ​សាល​មហោស្រព​កោះ​ពេជ្រ​៕  


Tag:
 ទាញព្រ័ត្រ​
  មាស សារិន​
  ជើងឯក​ថ្នាក់ជាតិ​
© រក្សាសិទ្ធិដោយ thmeythmey.com