ជាតិ
បោះឆ្នោត
​​​ន​យោ​បាយ​ជាតិ​
បិទផ្លូវ​តវ៉ា​៖ អតីត​សកម្មជន​បក្សប្រឆាំង​៣​នាក់ ត្រូវ​ផាក​ពី​៥-១០​លាន​រៀល ព្រោះ​ធ្វើ​យុទ្ធនាការ​ម្រាមដៃ​ស្អាត​
15, Aug 2018 , 4:05 pm        
រូបភាព
ក្រុមប្រឹក្សាធម្មនុញ្ញ បើកសវនាការ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២0១៨ លើករណីអតីតសកម្មជនគណបក្សសង្គ្រោះជាតិបីនាក់ ពាក់ព័ន្ធនឹងយុទ្ធនាការម្រាមដៃស្អាត។ រូបពីទំព័រហ្វេសប៊ុករបស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
ក្រុមប្រឹក្សាធម្មនុញ្ញ បើកសវនាការ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២0១៨ លើករណីអតីតសកម្មជនគណបក្សសង្គ្រោះជាតិបីនាក់ ពាក់ព័ន្ធនឹងយុទ្ធនាការម្រាមដៃស្អាត។ រូបពីទំព័រហ្វេសប៊ុករបស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
ដោយ: ថ្មីៗ
​ក្រុមប្រឹក្សាធម្មនុញ្ញ បាន​តម្កល់​សេចក្តីសម្រេច​របស់​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ដែល​ផាកពិន័យ​ដប់​លាន​រៀល​ពី​លោក ជា ជីវ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ខេត្តបាត់ដំបង និង​ផាកពិន័យ​ប្រាំ​លាន​រៀល ក្នុង​ម្នាក់ៗ ពី​លោក ថោង សារឿន និង​លោក គ្រុយ គឹម​សាំង ជា​អតីត​សកម្មជន​គណបក្ស​នេះ​ដូចគ្នា ដោយសារតែ​ពួកគេ ធ្វើ​យុទ្ធនាការ​ម្រាមដៃ​ស្អាត នៅ​មុនពេល​បោះឆ្នោត​។

 


​ការសម្រេច​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ គឺធ្វើឡើង​ក្រោយពី​បញ្ចប់​ការជំនុំជម្រះ​លើ​ករណី​អ្នក​ទាំងបី នៅ​ព្រឹក​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៨​នេះ​។ លោក សំ សុ​គង់ មេធាវី​ការពារ​សិទ្ធិ​ឲ្យ​អ្នក​ទាំងបី បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា ហេតុផល ដែល​ក្រុមប្រឹក្សាធម្មនុញ្ញ​លើកឡើង​ក្នុង​សវនាការ ដើម្បី​ផាកពិន័យ​លើ​កូនក្តី​របស់លោក គឺ​ស្រដៀង​គ្នា​នឹង​ហេតុផល​របស់​គ​.​ជ​.​ប​ដែរ​។

​ការដែល​អ្នក​ទាំងបី នាំគ្នា​ធ្វើ​យុទ្ធនាការ​ម្រាមដៃ​ស្អាត គឺ​ធ្វើ​ឲ្យ​បាត់បង់​ទំនុកចិត្ត​លើ​ការបោះឆ្នោត និង​រារាំង​ប្រជាពលរដ្ឋ​មិន​ឲ្យ​ទៅ​បោះឆ្នោត​។ នេះ​ជា​ហេតុផល​ចម្បង​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ និង​គ​.​ជ​.​ប ដែល​ត្រូវបាន​លោក​មេធាវី សំ សុ​គង់ ប្រាប់​ដល់​សារព័ត៌មាន​ថ្មីៗ​។

​លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គ​.​ជ​.​ប បាន​បញ្ជាក់ថា ការសម្រេច​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ គឺជា​ការសម្រេច​ចុងក្រោយ ដោយ​មិនអាច​សុំ​តវ៉ា​តទៅទៀត​បានទេ​។ តាមរយៈ​ការផ្តល់​បទ​សម្ភាស​ដល់​សារព័ត៌មាន​ថ្មីៗ អ្នកនាំពាក្យ​រូបនេះ បានលើកឡើង​យ៉ាង​ដូច្នេះ​ថា​៖«​ពួកគេ​ទាំងបី ត្រូវ​បង់ប្រាក់​ចូលទៅ​រតនាគារជាតិ​។ គ​.​ជ​.​ប នឹង​តាមដាន​មើល ថា​ពួកគេ អនុវត្តតាម​ការសម្រេច​នេះ ឬ​យ៉ាងណា​»​។

​តាមពិតទៅ អតីត​សកម្មជន​គណបក្សប្រឆាំង​នៅ​ខេត្តបាត់ដំបង មាន​ដល់​ទៅ​ប្រាំ​នាក់​ឯណោះ ដែល​ត្រូវបាន​ផាកពិន័យ​ពីបទ​ធ្វើ​យុទ្ធនាការ​ម្រាមដៃ​ស្អាត​។ ប៉ុន្តែ ពីរ​នាក់​ទៀត គឺ​លោក ម៉ាង ឈុន និង លោក ពៅ តាំង ត្រូវ​បានគ​.​ជ​.​ប សម្រេច​លើកលែង ដោយ​មិន​ផាកពិន័យ​ឡើយ​។

​ដើមហេតុ​ដំបូង គឺ​សកម្មជន​ទាំង​បួន​នាក់ បាន​គ្នា​ទៅលេង​ផ្ទះ​របស់លោក ជា ជីវ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ខេត្តបាត់តំបង​។ ពេលនោះ ពួកគេ បាននាំគ្នា​ថតរូប​ពី​យុទ្ធនាការ​ម្រាមដៃ​ស្អាត ហើយក៏​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។

​ក្នុងចំណោម​អ្នក​ទាំង​ប្រាំ គេ​ពុំ​បានឃើញ​មាន​រូបលោក ម៉ាង ឈុន និង លោក ពៅ តាំង លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ពី​ការធ្វើ​យុទ្ធនាការ​ម្រាមដៃ​ស្អាត​នោះទេ​។ នេះ​ជា​ហេតុផល ដែល​គ​.​ជ​.​ប ចាត់ទុកថា អ្នក​ទាំងពីរ ពុំបាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនុកចិត្ត​លើ​ការបោះឆ្នោត​ឡើយ ហើយក៏​លើកលែងទោស​ឲ្យ​ពួកគេ​។

​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ជា​អ្នកដាក់ពាក្យ​បណ្តឹង​ទៅកាន់​គណៈកម្មការ​ខេត្តបាត់ដំបង​រៀបចំ​ការបោះឆ្នោត ដើម្បី​ឲ្យ​ពិន័យ​អតីត​សកម្មជន​គណបក្សប្រឆាំង​ទាំង​ប្រាំ​នាក់​។ ក្រោយ​ទទួលបាន​ពាក្យបណ្តឹង​ហើយ គណៈកម្មការ​ខេត្តបាត់ដំបង​រៀបចំ​ការបោះឆ្នោត ក៏​សម្រេច​ផាកពិន័យ​ដប់​លាន​រៀល ក្នុង​ម្នាក់ៗ​ពី​អ្នក​ទាំង​ប្រាំ​។

​ដោយ​មិន​សុខចិត្ត ពួកគេ​ទាំង​ប្រាំ បាននាំគ្នា​ប្តឹង​ជំទាស់​ទៅ​គ​.​ជ​.​ប​។ គ​.​ជ​.​ប ក៏​សម្រេច​លើកលែងទោស​ឲ្យ​ពីរ​នាក់ និង​បន្ត​ផាកពិន័យ​បីនាក់​។ ពីរ​នាក់ គឺ​លោក​ថោង សារឿន និង​លោក គ្រុយ គឹម​សាំង ត្រូវ​បានគ​.​ជ​.​ប បន្ថយ​មក​ផាក​ត្រឹម​ប្រាំ​លាន​រៀល ហើយ​ម្នាក់ទៀត គឺ​លោក ជា ជីវ នៅតែ​ផាក​ដប់​លាន​រៀល​ដដែល​។

​បន្ទាប់មក អ្នក​ទាំងបី បាន​ប្តឹង​បន្តទៅ​ក្រុមប្រឹក្សាធម្មនុញ្ញ​។ ទីបំផុត ក្រុមប្រឹក្សាធម្មនុញ្ញ នៅតែ ផាកពិន័យ​ពួកគេ​ទាំងបី​ដដែល ដូច​អ្វីដែល​គ​.​ជ​.​ប បានសម្រេច​៕

អត្ថបទទាក់ទង



Tag:
 បោះឆ្នោត​
  សំ សុ​គង់​
  ហង្ស ពុទ្ធា​
  គជប​
  ក្រុមប្រឹក្សាធម្មនុញ្ញ​
  ម្រាមដៃ​ស្អាត
© រក្សាសិទ្ធិដោយ thmeythmey.com