ជាតិ
សង្គមជាតិ
បោះឆ្នោតរួច អង្គការជាតិ និងអន្តរជាតិជិត៧០ រួមគ្នាស្នើឲ្យដោះលែងអ្នកស្រី ទេព វន្នី
× ភ្នំពេញ៖ អង្គការជាតិ និងអន្តរជាតិប្រមាណ៧០ បានអំពាវនាវឲ្យតុលាការលើកលែងបទចោទ និងដោះលែងអ្នកស្រី ទេព វន្នី សកម្មជនការពារដីធ្លីបឹងកក់។ នេះបើតាមសេចក្ដីថ្លែងការណ៍រួម របស់អង្គការទាំងនោះ ដែលចេញផ្សាយនៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០១៨។
ក្រោយពីអ្នកស្រី ទេព វន្នី សកម្មជនដីធ្លីដ៏ល្បីមួយរូប នៅតំបន់បឹងកក់ បានអនុវត្តទោសអស់រយៈពេល២ឆ្នាំ ដោយគិតត្រឹមថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ បណ្ដាលអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិជាច្រើន ដែលធ្វើការពាក់ព័ន្ធនឹងសិទ្ធិមនុស្ស និងដីធ្លី ក៏បានអំពាវនាវឲ្យអាជ្ញាធរកម្ពុជា ដោះលែងអ្នកស្រី។
ការអំពាវនាវបែបនេះ ក៏ដោយសារតែក្រុមអង្គការសង្គមស៊ីវិលទាំងនោះ យល់ឃើញថា បទចោទដែលសាលាដំបូងរាជធានីភ្នំពេញ បានចោទលើអ្នកស្រី ទេព វន្នី មានលក្ខណៈនយោបាយ និងពុំមានភស្តុតាងជាក់លាក់ណាមួយ ដែលត្រូវចោទប្រកាន់ទៅសកម្មជនដីធ្លីរូបនេះឡើយ។
សេចក្ដីថ្លែងការណ៍រួមនោះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងខ្ញុំ សូមអំពាវនាវឲ្យអាជ្ញាធរកម្ពុជា លុបចោលនូវការផ្តន្ទាទោសលើអ្នកស្រី ទេព វន្នី ដើម្បីដោះលែងអ្នកស្រីពីពន្ធនាគារ និងបញ្ឈប់រាល់ការយាយី ដែលមានដូចជា ការចាប់ខ្លួន ការចោទប្រកាន់ និងការឃុំខ្លួន មកលើអ្នកស្រី ទេព វន្នី និងសមាជិកនៃសហគមន៍បឹងកក់ដទៃទៀត»។
ឆ្លើយតបនឹងការអំពាវនាវរបស់ក្រុមអង្គការសង្គមស៊ីវិលខាងលើ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា អាជ្ញាធរមិនមានសិទ្ធិលើកលែងទោសឲ្យនរណាម្នាក់បានឡើយ ព្រោះករណីនេះ បានសម្រេចដោយតុលាការ។ លោក សង្កត់ធ្ងន់បែបនេះថា៖«គាត់បានអនុវត្តទោសជិតចប់ហើយ អ៊ីចឹងមិនយូរទេគាត់នឹងត្រូវបានដោះលែង។ មិនចាំបាច់មានការអំពាវនាវអ្វីឡើយ ព្រោះតុលាការសម្រេចយ៉ាងណា គឺយ៉ាងនោះហើយ»។
អ្នកស្រី ទេព វន្នី ត្រូវបានតុលាការឃាត់ខ្លួននៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ ខណៈអ្នកស្រី កំពុងតវ៉ាឲ្យមានការដោះលែងមន្ត្រីការពារសិទ្ធិមនុស្ស៥នាក់ នៃអង្គការអាដហុក ឲ្យមានសេរីភាពឡើងវិញ។ អ្នកស្រីត្រូវបានផ្ដន្ទាទោសរយៈពេលមួយសប្ដាហ៍ពីបទ «ប្រមាថអ្នករាជការសាធារណៈ» ដែលសាលាដំបូងរាជធានីភ្នំពេញតម្រូវឲ្យជាប់ពន្ធនាគាររយៈពេលមួយសប្ដាហ៍។
តែក្រោយការឃុំខ្លួនមួយសប្ដាហ៍រួចមក អ្នកស្រី មិនត្រូវបានតុលាការដោះលែងឲ្យមានសេរីភាពវិញឡើយ ពោលគឺតុលាការ បានសើរើរឿងក្ដីមួយផ្សេងទៀតរបស់អ្នកស្រីកាលពីឆ្នាំ២០១៣ ត្រឡប់មកវិញ។ សុំណុំរឿងចាស់នេះ ធ្វើឲ្យតុលាការ ចោទអ្នកស្រីពីបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស» ទៅលើសន្តិសុខសណ្ដាប់ធ្លាប់សាលាខណ្ឌដូចពេញ ដែលបានប្រព្រឹត្តនៅថ្ងៃទី២៣ ខេកុម្ភៈ ឆ្នាំ២០១៧ នៅក្បែរផ្ទះសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ករណីនេះ តុលាការបាន តម្រូវឲ្យអ្នកស្រី ទេព វន្នី ពន្ធនាគាររយៈពេល ២ឆ្នាំកន្លះ និងត្រូវពិន័យជាប្រាក់ចូលរដ្ឋចំនួន៥លានរៀល និងសងជំងឺចិត្តទៅសន្តិសុខ ដែលជាដើមបណ្ដឹងទាំង២នាក់ ចំនួន៩លានរៀល៕
Tag:
សកម្មជនដីធ្លី
ទេពវន្នី
© រក្សាសិទ្ធិដោយ thmeythmey.com