ជាតិ
​​​ន​យោ​បាយ​ជាតិ​
១​ថ្ងៃ​ទៀត​ប៉ុណ្ណោះ លោក គឹម សុខ អនុវត្ត​ទោស​គ្រប់​តាម​កាលកំណត់​ហើយ
16, Aug 2018 , 8:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១៨ នេះ នឹង​គ្រប់​រយៈពេល​មួ​ឆ្នាំកន្លះ ដែល​លោក គឹម សុខ អ្នកវិភាគ​នយោបាយ បាន​ជាប់ពន្ធនាគារ តាម​ការសម្រេច​របស់​តុលាការ​រាជធានី​ភ្នំពេញ​។ នេះ​បើតាម​លោក ជួង ជូ​ងី មេធាវី​ការពារ​ក្ដី​ឲ្យ​លោក​គឹម សុខ​។

   

​បើ​មិនមាន​អ្វី​ប្រែប្រួល​ទេ លោក គឹម សុខ អ្នកវិភាគ​នយោបាយ នឹងមាន​សេរីភាព​ឡើងវិញ​នៅ​ថ្ងៃទី​១៧ ខែសីហា ខាងមុខ ព្រោះ​លោក​បាន​អនុវត្ត​ទោស​រួចរាល់​ហើយ​។ នេះ​ជាការ​លើកឡើង​របស់លោក ជួង ជូ​ងី មេធាវី​ការពារ​ក្ដី​ឲ្យ​លោក គឹម សុខ​។ ប៉ុន្តែ​លោក​មេធាវី​រូបនេះ បន្ថែមថា ក្រោយពី​បញ្ចប់​ក្ដី ដែល​ត្រូវ​ឃុំខ្លួន​រយៈពេល​មួយឆ្នាំ​កន្លះ​នេះហើយ លោក គឹម សុខ នៅជាប់​បណ្ដឹង​មួយ​ផ្សេងទៀត​ពី​លោក គី តិច មេធាវី​តំណាង​រដ្ឋាភិបាល​។

​បណ្ដឹង​ក្រោយនេះ អាចធ្វើ​ឲ្យ​តុលាការ មាន​ហេតុផល ដើម្បី​ឃុំ​លោក គឹម សុខ បន្តទៀត ពីព្រោះថា លោក អនុវត្ត​ទោស​លើ​បណ្តឹង​ទី​១​ប៉ុណ្ណោះ ចំណែក​បណ្តឹង​ទី​២ កំពុងស្ថិត​ក្នុង​ចំណាត់ការ​របស់​តុល​ការ​នៅឡើយ ដោយ​មិនទាន់​ជំនុំជម្រះ​នោះទេ​។  យ៉ាងណាក៏ដោយ ដោះលែង ឬ​មិន​ដោះលែង គឺជា​ឆន្ទានុសិទ្ធិ​របស់​ចៅក្រម​។

​សម្រាប់​បណ្តឹង​ទី​១ ដែលមាន​លោក​មេធាវី គី តិច ជា​អ្នកប្តឹង លោក គឹម សុខ ត្រូវបាន​តុលាការ​ចោទ​ពីបទ «​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទល្មើស​ជាអាទិ៍ និង​បទ​បរិហារកេរ្តិ៍​» ដោយសារតែ​អ្នកវិភាគ​រូបនេះ ចោទ​សម្តេច ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ថា នៅ​ពីក្រោយ​នៃ​អំពើ​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី​។ បណ្តឹង​ទី​១​នេះ ធ្វើ​ឲ្យ​លោក គឹម សុខ ជាប់ពន្ធនាគារ​រយៈពេល​១​ឆ្នាំកន្លះ ហើយ​រង​ការពិន័យ​ជា​ប្រាក់​ចំនួន ៨​លាន​រៀល​ចូលទៅ​រដ្ឋ និង​សងជំងឺចិត្ត​ដល់​សម្ដេច ហ៊ុន សែន ចំនួន​៨០០​លាន​រៀល​។

​ចំណែក​បណ្តឹង​ទី​២​របស់លោក​មេធាវី គី តិច ដដែល គឺ​ជាប់​ពាក់ព័ន្ធ​នឹង​ការលើកឡើង​របស់លោក គឹម សុខ ដែលថា រដ្ឋាភិបាល​បាន​បង្កើត​ប្រព័ន្ធ​មួយ​សម្លាប់​មនុស្ស ហើយ​រក​ឃាតក​មិនឃើញ​។ បណ្ដឹង​នេះ ត្រូវបាន​លោក​មេធាវី​តំណាង​រដ្ឋាភិបាល ដាក់​ទៅ​តុលាការ កាលពី​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៧៕


Tag:
 ​នយោបាយ​
  គឹម សុខ​
  អ្នកវិភាគ​
© រក្សាសិទ្ធិដោយ thmeythmey.com