អន្តរជាតិ
មីយ៉ាន់ម៉ាពិចារណាស្នើសុំជំនួយអង្ករពីអាស៊ាន ខណៈប្រឈមគ្រោះមហន្តរាយទឹកជំនន់
× រដ្ឋាភិបាលមីយ៉ាន់ម៉ាបានបញ្ជាក់នៅសប្តាហ៍នេះថា ខ្លួនកំពុងពិចារណាស្នើសុំជំនួយអង្ករបន្ថែមទៀតពីកម្មវិធីអង្ករបម្រុងសម្រាប់ការសង្គ្រោះបន្ទាន់របស់អាស៊ាន។ មីយ៉ាន់ម៉ាបង្ហាញចេតនាស្នើសុំអង្កជំនួយពីអាស៊ាននេះ កើតឡើងស្របពេលដែលគ្រោះមហន្តរាយទឹកជំនន់បន្តយារយីរតំបន់ជាច្រើននៅទូទាំងអាស៊ីអាគ្នេយ៍មួយនេះ។
លេខាធិការអចិន្ត្រៃយ៍រងនៃក្រសួងកសិកម្ម, ចិញ្ចឹមសត្វ និងធារាសាស្ត្រមីយ៉ាន់ម៉ា លោក Myo Tint Tun បានលើកឡើងថា រដ្ឋាភិបាលមានគម្រោងស្នើសុំហើយ ប៉ុន្តែបច្ចុប្បន្នគេត្រូវត្រួតពិនិត្យមើលសិនថា ការស្នើសុំជំនួយនេះអាចធ្វើបានឬក៏អត់។
ថ្លែងទៅកាន់សារព័ត៌មាន Myanmar Times មន្ត្រីជាន់ខ្ពស់រូបនេះបញ្ជាក់ដូច្នេះ៖« យើងនឹងពិចារណាសុំជំនួយបន្ថែម។ ប៉ុន្តែដំបូងបំផុតយើងត្រូវពិនិត្យមើលលទ្ធភាពសិនថា សំណើរនេះធ្វើបានឬអត់។ វាត្រូវមានលក្ខខណ្ឌច្បាស់លាស់សម្រាប់ការស្នើសុំជំនួយឆ្លើយតបនឹងគ្រោះមហន្តរាយធម្មជាតិនេះ។ មិនមែនអង្ករជំនួយនេះមានគ្រប់ពេលដែលយើងស្នើសុំឡើយ»។
អង្ករជំនួយដែលមីយ៉ាន់ម៉ាចង់ស្នើសុំនោះគឺស្ថិតក្នុងគម្រោងអង្ករបម្រុងសម្រាប់សង្គ្រោះបន្ទាន់របស់អាស៊ានបូកបី ជប៉ុន កូរ៉េខាងត្បូង និងចិន (ASEAN Plus Three Emergency Rice Reserve Programme) ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០១៣មកនោះ។ កាលពីឆ្នាំ ២០១៥ មីយ៉ាន់ម៉ាធ្លាប់ស្នើសុំជំនួយពីគម្រោងនេះម្តងដោយកាលនោះមីយ៉ាន់ម៉ាបានទទួលជំនួយជាអង្ករ ១០០០តោន។
តាមពិតទៅកម្មវិធីដែលជាគំនិតផ្តួចផ្តើមអាស៊ាននិងដៃគូសន្ទនាបីនេះមានគោលចម្បងឆ្លើយតប និងដោះស្រាយបញ្ហាសន្តិសុខស្បៀងតំបន់ ហើយពេលចាប់ផ្តើមបង្កើតឡើងដំបូងប្រទេសចិនប្តេជ្ញាផ្តល់វិភាគទានអង្ករ ៣សែនតោន, កូរ៉េខាងត្បូង ២៥ម៉ឺនតោន, ជប៉ុន ១៥ម៉ឺនតោន ហើយអាស៊ានទាំងដប់ផ្តល់ ៨៧ ពាន់តោនផងដែរ។
បើតាមលោក Myo Tint Tun ជំនួយអង្ករបម្រុងដែលបានទទួលពីអាស៊ាននេះមិនអាចចែកចាយក្នុងស្រុកតាមចិត្តឡើយ ដោយវាត្រូវមានការយល់ព្រមពីស្ថាប័នទទួលបន្ទុកក្នុងអាស៊ានជាមុនសិន។ បើសិនជាគេយល់ព្រម ទើបរដ្ឋាភិបាលអាចចែកចាយបាន។
អង្ករជំនួយដែលមីយ៉ាន់ម៉ាទទួលបានពីអាស៊ានចំនួន ១០០០តោនត្រូវបានប្រើប្រាស់ដើម្បីគាំទ្រដល់ជនរងគ្រោះនៅតំបន់ជាច្រើនទូទាំងប្រទេស។ ក្នុងចំណោមនោះ ២៦៧តោនទៅផ្តល់ឲ្យប្រជាជននៅរដ្ឋ Rakhine, ៣១១តោនផ្តល់ឲ្យជនភៀសខ្លួន ដោយសារការប្រយុទ្ធគ្នានៅតំបន់ ១៤នៅរដ្ឋ Kachin, ២៣៣ តោនផ្សេងទៀតត្រូវបានបញ្ជូនទៅជួយជនរងគ្រោះដោយសារទឹកជំនន់នៅរដ្ឋ Kachin, រដ្ឋ Mon និងតំបន់ Magwe។
រដ្ឋាភិបាលមីយ៉ាន់ម៉ាត្រៀមបញ្ជូនអង្ករ ១៣៦ តោនផ្សេងទៀតទៅជួយសង្គ្រោះប្រជាជនដែលរងគ្រោះដោយសារទឹកជំនន់ក្នុងឆ្នាំនេះនៅរដ្ឋ Mon, Kayin និងតំបន់ Bago។ មកដល់ឥឡូវនេះ អង្ករជំនួយក្រោមក្របខណ្ឌអាស៊ាននេះនៅសេសសល់ត្រឹម ៥០ តោនប៉ុណ្ណោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com