ជាតិ
​ទឹកស្ទឹង​សង្កែ​បន្ត​ឡើង​ដល់កម្រិត​កម្ពស់​ដែល​ត្រូវ​ប្រុងប្រយ័ត្ន​ហើយ​!
16, Aug 2018 , 11:11 am        
រូបភាព
ស្ថានភាព​ទឹកស្ទឹងសង្កែឈាន​ដល់កម្រិត​ដែល​ត្រូវប្រុង​ប្រយ័ត្ន។ រូបថត ផ្តល់ដោយ Saro Thuy
ស្ថានភាព​ទឹកស្ទឹងសង្កែឈាន​ដល់កម្រិត​ដែល​ត្រូវប្រុង​ប្រយ័ត្ន។ រូបថត ផ្តល់ដោយ Saro Thuy
​ទឹកស្ទឹង​សង្កែ ក្នុង​ខេត្តបាត់ដំបង បានចាប់ផ្តើម​ហូរហៀរ​ចេញ​តាម​ប្រព័ន្ធ​លូ ចូលក្នុង​តំបន់​ផ្សា​របឹង​ឈូក​ក្រុង​បាត់ដំបង​ជា​បណ្តើរៗ​។ បើតាម​ក្រសួង​ធនធានទឹក និង​ឧតុនិយម ទឹកស្ទឹង​សង្កែ​បាន​កើនឡើង​ពី​កម្ពស់​១៣,៦៥​ម៉ែត្រ  ដល់​១៣,៧៥​ម៉ែត្រ ដោយ​គិត​ត្រឹម​ម៉ោង​១១​ថ្ងៃ​ព្រហស្បតិ៍​។ វា​ជា​កម្រិត​ដែល​ត្រូវ​ប្រកាស​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​។​



​ផ្សា​របឹង​ឈូក និង​ទីតាំង​ផ្សេងទៀត រង​គ្រោះជា​បណ្តើរៗ ដោយសារ​ទឹក​ជន់​ជោរ​ពី​ស្ទឹង​សង្កែ​។ ថ្លែងប្រាប់​សារព័ត៌មាន ThmeyThmey តាម​ទូរ​សព្ទ លោក​អភិបាលខេត្ត ងួ​ត រតនៈ បាន​បញ្ជាក់ថា​៖ «​ទឹក​ដែល​លិច​ផ្សា​របឹង​ឈូក​នេះ គឺ​បណ្តាលមកពី​ទឹកស្ទឹង​ឡើង​ខ្ពស់ជាង​ប្រព័ន្ធ​លូ ទើប​ធ្វើ​ឲ្យ​ទឹក​ហៀរ​ចេញពី​លូ​មក​ចូល​ទីក្រុង​វិញ​» ។​



​លោក​អភិបាល​បានបញ្ជាក់​បន្ថែមថា  ការឡើង​នៃ​កម្ពស់​ទឹក​នេះ គឺ​ដោយសារ​ទឹក​នៅ​ផ្នែក​ខាងលើ បាន​ហូរ​ចូល​ស្ទឹង​សង្កែ​យ៉ាងគំហុក បានជា​ធ្វើ​ឲ្យ​ទឹក​ហក់​ឡើង​លឿន​ដូច្នេះ​។ កម្ពស់​ទឹក​ដែល​ឡើង​នេះ ក៏មិនបាន​ប៉ះពាល់​អ្វី​ជា​ធ្ងន់ធ្ងរ​ដល់​ប្រជា​ពល​នៅក្នុង​តំបន់​ដែរ​។​

​បច្ចុប្បន្ន អាជ្ញាធរ​កំពុង​ដឹកនាំ​ប្រតិបត្តិ​ការរៀបចំ​ការុង​ខ្សាច់ ធ្វើ​ទំនប់​ដើម្បី​រារាំង​ទឹក​៕










Tag:
 ទឹកជំនន់​
  ស្ទឹង​សង្កែ​
  បាត់ដំបង
© រក្សាសិទ្ធិដោយ thmeythmey.com