ជាតិ
បោះឆ្នោត
​​​ន​យោ​បាយ​ជាតិ​
អាមេរិក ប្រកាស​រឹតបន្តឹង​ទិដ្ឋាការ​បន្ថែម លើ​អ្នកពាក់ព័ន្ធ​រដ្ឋាភិបាល​កម្ពុជា​
16, Aug 2018 , 4:14 pm        
រូបភាព
រូបពី Xinhua ៖ លោកស្រី Heather Nauert អ្នកនាំពាក្យការបរទេសអន្តរជាតិ
រូបពី Xinhua ៖ លោកស្រី Heather Nauert អ្នកនាំពាក្យការបរទេសអន្តរជាតិ
​ភ្នំពេញ​៖ អាមេរិក ប្រកាស​ពង្រីក​ការ​រឹតបន្តឹង​ទិដ្ឋាការ​លើ​មនុស្ស​មួយចំនួន ពាក់ព័ន្ធ​រដ្ឋាភិបាល​ក​ម្ពុ​ជា​បន្ថែមទៀត ដើម្បី​ឆ្លើយតប​ទៅនឹង​ការបោះឆ្នោត​កម្ពុជា ដែល​អាមេរិក ចាត់ទុកថា គ្មាន​ភាព​សុ​ក្រឹត្យ​។ អ្នកនាំពាក្យ​រដ្ឋាភិបាល ចំអក​វិញ​ថា អាមេរិក​កំពុង​បរាជ័យ ក្នុងការ​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា ទើប​ប្រឹង​គាបសង្កត់​មកលើ​រដ្ឋាភិបាល​បែបនេះ​។​



​អាមេរិក ដែល​បាន​ចេញមុខ​រិះគន់​មុនគេ ចំពោះ​ការបោះឆ្នោត​នៅ​កម្ពុជា​នោះ នៅ​មិនទាន់​អស់ចិត្ត​ឡើយ ដែល​ឃើញ​លទ្ធផល​ឆ្នោត​ផ្លូវការ បាន​ទៅលើ​គណបក្ស​ប្រជាជន​កម្ពុជា ទាំង​១២៥​អាសនៈ ដោយសារតែ​អវត្តមាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ។ ដោយសារតែ​មិន​ពេញចិត្ត​នេះ អាមេរិក ដែល​ចាត់ទុកថា ការបោះឆ្នោត​នៅ​កម្ពុជា គ្មាន​សុក្រឹត្យភាព​នោះ បានប្រកាស​ពង្រីក​ការ​រឹតបន្តឹង​ទិដ្ឋាការ លើ​មនុស្ស​មួយចំនួន ដែល​ពាក់ព័ន្ធ​នឹង​រដ្ឋាភិបាល​សម្ដេច ហ៊ុន សែន បន្ថែមទៀត ដើម្បី​ជា​សម្ពាធ​មួយ ឆ្លើយតប​នឹង​ការបោះឆ្នោត​នេះ​។

​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក​លោកស្រី Heather Nauert បានលើកឡើង​ពី​យន្តការ​អាមេរិក លើ​រដ្ឋាភិបាល​កម្ពុជា ជុំវិញ​ការបោះឆ្នោត​យ៉ាង​ដូច្នេះ​ថា​៖«​ការ​រឹតបន្តឹង​ទិដ្ឋាការ​បន្ថែម នឹង​អនុវត្ត​ទៅលើ​បុគ្គល​មួយចំនួន ដែល​ធ្វើការ​នៅក្នុង​ជួរ​រដ្ឋាភិបាល​ផង និង​អ្នក​ក្រៅ​ជួរ​រដ្ឋាភិបាល​ផង ដែល​ទទួលខុសត្រូវ​លើ​ការងារ​មួយចំនួន ដែល​គួរ​ឲ្យ​កត់សម្គាល់ថា ជា​សកម្មភាព​ប្រឆាំង​លទ្ធិប្រជាធិបតេយ្យ ក្នុង​រៀបចំ​ដំណើរការ​បោះឆ្នោត​ដែល​មិន​ពេញលេញ កាលពី​ថ្ងៃទី​២៩ កក្កដា​កន្លងមក​»​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក​រូបនេះ បាន​សង្កត់ធ្ងន់ថា នៅក្នុង​កាលៈទេសៈ​ជាក់ស្ដែង​នេះ ការ​រឹតបន្ដឹង​ទិដ្ឋាការ​នឹង​អាចដាក់​ភ្លាមៗ​ផងដែរ ទៅលើ​បុគ្គល​ទាំងនោះ ចំពោះ​ការធ្វើ​ឲ្យ​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​ធ្លាក់ចុះ​នេះ​។ តែ​យ៉ាងណា​លោកស្រី Heather Nauert មិនទាន់​អាច​បញ្ជាក់​ពី ចំនួន​មនុស្ស និង​ឈ្មោះ​បុគ្គល ដែល​អាមេរិក​កំណត់​រឹតបន្ដឹង​ទិដ្ឋាការ​បន្ថែមទៀត​នោះទេ​។​

អត្ថបទទាក់ទង


​កាលពី​ខែធ្នូ ឆ្នាំ​២០១៧​កន្លងមក អាមេរិក បានចាប់ផ្ដើម​រឹតបន្តឹង​ទិដ្ឋាការ និង​បង្កក​ទ្រព្យសម្បត្តិ​លើ​មន្ត្រី​រដ្ឋាភិបាល​ជាច្រើនរូប ដែល​ពាក់ព័ន្ធ​ករណី​សិទ្ធិមនុស្ស និង​ការធ្លាក់ចុះ​លទ្ធិប្រជាធិបតេយ្យ ដោយ​ក្នុងនោះ​រួមមាន​លោក ហ៊ីង ប៊ុន​ហៀ​ង អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​បញ្ជាការដ្ឋាន​កង​អង្គរក្ស​។​

​ជាមួយគ្នានេះ​រដ្ឋសភា​អាមេរិក (House of Representatives) បានអនុម័ត​ច្បាប់​មួយ​ដែល​ស្នើ​ឲ្យ​ប្រធានាធិបតី​អាមេរិក​ដាក់ទណ្ឌកម្ម​មេដឹកនាំ​កម្ពុជា រួមមាន​សម្ដេច ហ៊ុន សែន សម្ដេច ស ខេង សម្ដេច ទៀ បាញ់ និង​មន្ត្រីជាន់ខ្ពស់​ជាង​១០​រូប​ទៀត​។ យ៉ាងណាក៏ដោយ សំណើ​នេះ​នឹងត្រូវ​ឆ្លងកាត់​ការសម្រេច​ពី​ព្រឹទ្ធសភា​ទៀត មុននឹង​ទៅដល់​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ​។ «​ច្បាប់​ប្រជាធិបតេយ្យ​កម្ពុជា​» ដែល​ត្រូវបាន​ស្នើឡើង​ដោយ​គណៈកម្មការ​កិច្ចការបរទេស​នៃ​រដ្ឋសភា​អាមេរិក ផ្តោត​សំខាន់​ទៅលើ​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ , បញ្ហានយោបាយ និង​សិទ្ធិមនុស្ស ។​

​តែ​យ៉ាងណា​អ្នកនាំពាក្យ​ទីស្តីកា​រណៈ​រដ្ឋមន្ត្រី ចាត់ទុក​ទង្វើ​របស់​អា​មេ​រិ​ក​នេះ ថា​ជា​សកម្មភាព​ឈ្លានពាន​អធិបតេយ្យភាព​កម្ពុជា ។ លោក ផៃ ស៊ី​ផាន ចំអក​វិញ​ថា ការប្រកាស​រឹតបន្តឹង​នេះ គ្រាន់តែ​ជាការ​បិទបាំង​ភាពបរាជ័យ​របស់​អាមេរិក ក្នុងការ​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​ប៉ុណ្ណោះ​។ ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក ផៃ ស៊ី​ផាន បានបញ្ជាក់​ដូច្នេះ​ថា​៖«​ក្រៅពី​អាមេរិក និង​សមាជិក​សហភាព​អឺរ៉ុប​មួយ​ក្ដាប់​តូច យើង​ឃើញ​មាន​អន្តរជាតិ​ជាច្រើន​ទៀត គាំទ្រ​ដល់​ការបោះឆ្នោត​ប្រទេស​កម្ពុជា​។ ដូច្នេះ​វា​គ្មាន​បញ្ហា​ដល់​កម្ពុជា ចំពោះ​ការ​រឹតបន្តឹង​ទិដ្ឋាការ​នេះឡើយ ព្រោះ​កម្ពុជា​មិនមែនជា​អាយ៉ង​អាមេរិក ដែល​ត្រូវធ្វើ​អ្វី​តាម​អាមេរិក​ទេ​»​។

​គួរ​បញ្ជាក់ថា ការបោះឆ្នោត​នៅ​កម្ពុជា មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​សំណាក់​អន្តរជាតិ ដោយមាន​ទាំង​ការគាំទ្រ និង​ការមិនគាំទ្រ​។ អន្តរជាតិ ដែល​មិន​ពេញ​ចំពោះ​ការបោះឆ្នោត​នៅ​កម្ពុជា ចាត់ទុក​ការបោះឆ្នោត​នេះ គឺ​មិនបាន​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ ក្នុងការ​ជ្រើស​មេដឹកនាំ​របស់​ពួកគេ ព្រោះតែ​អវត្តមាន​បក្សប្រឆាំង​ដ៏​ធំ​។ អន្តរជាតិ​ទាំងនោះ ស្នើ​ឲ្យ​មានការ​សម្របសម្រួល​ន​យោ​បាយ ក្រោយ​ការបោះឆ្នោត​ផងដែរ ដោយ​រួមទាំង​ការដោះលែង​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ជាដើម​៕


Tag:
 អាមេរិក​
  ទិដ្ឋាការ​
  បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com