អន្តរជាតិ
តុលាការម៉ាឡេស៊ីសម្រេចបន្តសំណុំរឿងឃាតកម្មបងប្រុសលោក គីម ជុងអ៊ុន
× នៅថ្ងៃទី១៦ ខែសីហា តុលាការជាន់ខ្ពស់ម៉ាឡេស៊ី បានសម្រេចបន្តនីតិវិធីក្នុងសំណុំរឿងឃាតកម្មលោក គីម ជុងណាម បងប្រុសម្ដាយទីទៃរបស់មេដឹកនាំកូរ៉េខាងជើងបច្ចុប្បន្ន គីម ជុងអ៊ុន ។ តុលាការម៉ាឡេស៊ីរកឃើញភស្តុតាងគ្រប់គ្រាន់ដើម្បីដាក់បន្ទុកលើជនសង្ស័យជាស្ត្រីទាំងពីរជុំវិញករណីឃាតកម្ម ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទំនាក់ទំនងការទូតម៉ាឡេស៊ី និងកូរ៉េខាងជើង។ ការសម្រេចនេះ ធ្វើឲ្យក្រុមគ្រួសារជនសង្ស័យខកចិត្តខ្លាំង ព្រោះពួកគេគ្រាន់តែកូនអុកក្នុងករណីនេះប៉ុណ្ណោះ។
បន្ទាប់ពីពិនិត្យភស្តុតាងដាក់ដោយរាជអាជ្ញា តុលាការជាន់ខ្ពស់ម៉ាឡេស៊ី បានសម្រេចថា សវនាការលើជនសង្ស័យពីររូប គឺ Siti Aisyah ជាជនជាតិឥណ្ឌូណេស៊ី និង Doan Thi Huong ជនជាតិវៀតណាម ក្នុងករណីឃាតកម្មលោក គីម ជុងណាម អាចដំណើរការបាន។ ជនសង្ស័យទាំងពីរ ប្រឈមមុខទោសប្រហារជីវិត បើតុលាការរកឃើញថា ពួកគេពិតជាជាប់ពាក់ព័ន្ធក្នុងការប្រើប្រាស់សារធាតុគីមីហាមឃាត់ VX ដើម្បីសម្លាប់លោក គីម ។
ក្នុងសវនាការថ្ងៃទី១៦ ខែសីហា ចៅក្រម Azmi Ariffin បានទទួលយកការសម្រេចរបស់រាជអាជ្ញា ដែលអះអាងថា ស្ត្រីទាំងពីរខាងលើរួមជាមួយមនុស្សបួននាក់ទៀត ពិតជាបានធ្វើឲ្យលោក គីម ជុងណាម បងប្រុសមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ស្លាប់មែន។ លោក គីម ជុងណាម បានបាត់បង់ជីវិតក្នុងហេតុការណ៍វាយប្រហារដោយអាវុធគីមីហាមឃាត់ដោយអង្គការសហប្រជាជាតិនៅព្រលានយន្តហោះក្រុងគួឡាឡាំពួកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ ។
យោងតាមទីភ្នាក់ងារព័ត៌មាន AFP លោក Ariffin និយាយថា ភស្តុតាងដាក់ឲ្យតុលាការតាំងពីខែតុលា ឆ្នាំ២០១៧ មកនោះ បង្ហាញពីផែនការល្អិតល្អន់របស់ជនសង្ស័យជាជនជាតិកូរ៉េខាងជើង ដែលកំពុងរត់គេចខ្លួន។ ដោយសារហេតុនេះ ចៅក្រមម៉ាឡេស៊ីបានប្រាប់ឲ្យជនសង្ស័យទាំងអស់ចូលការពារខ្លួនលើការចោទប្រកាន់ទាំងឡាយ។ ខណៈចៅក្រមប្រកាសការសម្រេចចិត្ត ជនសង្ស័យទាំងពីរបង្ហាញទឹកមុខតក់ស្លុតយ៉ាងខ្លាំង។
ក្រុមគ្រួសារ និងមេធាវីជនសង្ស័យទាំងពីរខាងលើ សុទ្ធតែអះអាងភាពស្អាតស្អំរបស់អ្នកទាំងពីរ។ ពួកគេលើកឡើងថា Aisyah និង Doan ត្រូវបានបោកឲ្យចូលរួមក្នុងផែនការនេះ ខណៈជនសង្ស័យក៏និយាយការពារខ្លួនថា ពួកគេទាំងពីរត្រូវបានបោកប្រាស់ឲ្យចូលរួមកម្មវិធីទូរទស្សន៍ប៉ុណ្ណោះ។ ប៉ុន្តែលោក Ariffin មិនជឿលើសម្ដីពួកគេឡើយ ព្រោះបើជាកម្មវិធីទូរទស្សន៍មែន គេនឹងឃើញមានអ្នកចូលរួមច្រើន ហើយក៏មិនបង្កបញ្ហាដល់គោលដៅដែរ។
ក្រៅពីជនសង្ស័យទាំងពីរខាងលើ អាជ្ញាធរម៉ាឡេស៊ីកំពុងតាមរកជនជាតិកូរ៉េខាងជើងបួននាក់ទៀត ដែលបានរត់ភៀសខ្លួនក្រោយឃាតកម្មកើតឡើង។ សវនាការបន្ទាប់ទៀត នឹងធ្វើឡើងចន្លោះខែវិច្ឆិកា និងខែកុម្ភៈខាងមុខ។ Aisyah និង Doan ប្រឈមមុខការប្រហារជីវិតដោយព្យួរក បើរកឃើញថា មានកំហុសមិនខាន៕
Tag:
ម៉ាឡេស៊ី
កូរ៉េខាងជើង
គីម ជុងណាម
គីម ជុងអ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com