ជាតិ
ក្នុងឱកាសខួបឯករាជ្យជាតិ ឥណ្ឌារៀបរាប់ពី«មិត្តភាពពិសេសជាមួយកម្ពុជា»
× ភ្នំពេញ៖ ឥណ្ឌា និងកម្ពុជាមានចំណងមិត្តភាពពិសេសមួយដោយផ្អែកលើកត្តាប្រវត្តិសាស្ត្រ និងការផ្សាភ្ជាប់វប្បធម៌ និងអរិយធម៌។ មិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីគ្របដណ្តប់លើវិស័យជាច្រើននេះកំពុងបន្តរីកធំធាត់គួរឲ្យកត់សម្គាល់ថែមទៀតផង។ នេះជាការលើកឡើងរបស់ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា។
ក្នុងពិធីប្រារព្ធខួបលើកទី ៧២ នៃបុណ្យឯករាជ្យឥណ្ឌាថ្ងៃ ១៥ ខែសីហា លោកស្រីឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា Manika Jain បានថ្លែងអំណរគុណដល់ប្រជាជនកម្ពុជាដែលតែងគាំទ្រឥណ្ឌារាល់វេទិកាតំបន់ជាពិសេសអាស៊ាន និងក្របខណ្ឌអន្តរជាតិផង។
ប្រធានបេសកកម្មការទូតឥណ្ឌាប្រចាំកម្ពុជារំពឹងថា មិត្តភាព និងការគាំទ្រគ្នាទៅវិញទៅមកនេះនឹងបន្តទៅមុខយូរអង្វែង។ លោកស្រីយកឱកាសនៃកម្មវិធីនេះប្រកាសផងដែរថា ដើម្បីពង្រឹងចំណងមិត្តភាពនេះបន្ថែមទៀត រដ្ឋមន្ត្រីការបរទេសឥណ្ឌា Sushma Swaraj គ្រោងនឹងបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជានៅពេលឆាប់ៗនេះ ហើយកិច្ចព្រមព្រៀងមួយចំនួននឹងត្រូវចុះរួមគ្នាដែរ។
ក្នុងឱកាសដដែលនោះ លោកស្រី Manika Jain បានឆ្លៀតរៀបរាប់ពីសមិទ្ធផលនៃទំនាក់ទំនងទ្វេភាគី និងការវិវត្តន៍នៃចំណងមិត្តភាពនេះដែរ។ អ្វីដែលគួរឲ្យកត់សម្គាល់ ហើយក្នុងឆ្នាំ ២០១៨ នេះទំនាក់ទំនងនេះត្រូវបានពង្រីក និងពង្រឹងឲ្យកាន់តែរឹងមាំថែមទៀត។
ឥណ្ឌា និងកម្ពុជាកំពុងបន្តប្រឹងប្រែងពង្រីកកិច្ចសហប្រតិបត្តិការដើម្បីលើកស្ទួយវិស័យទេសចរណ៍, ជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសផ្សាភ្ជាប់រវាងប្រជាជនទៅប្រជាជន,ការផ្សាភ្ជាប់តាមផ្លូវអាកាស, ការផ្សាភ្ជាប់ក្នុវិស័យថីជីថល, ការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យកសិកម្ម រួមទាំងកសាងសមត្ថភាពតាមរយៈការបណ្តុះបណ្តាលប្រជាជនកម្ពុជាក្រោមកម្មវិធីសហប្រតិបត្តិការបច្ចេកទេស និងសេដ្ឋកិច្ចរបស់ឥណ្ឌា។
ទាក់ទិននឹងគម្រោងអភិវឌ្ឍ លោកស្រីឯកអគ្គរដ្ឋទូតឥណ្ឌាបញ្ជាក់ថា ឥណ្ឌាផ្តល់ជំនួយអភិវឌ្ឍថ្មីមានទំហំ ៣៦,៩២ លានដុល្លារសម្រាប់គម្រោងអភិវឌ្ឍគម្រោង «ស្ទឹងស្វាហាប» និងគម្រោងអភិវឌ្ឍធនធានទឹកជំហានទីពីរ «ស្ទឹងតាសាល» ដែលមានគោលដៅកាត់បន្ថយគ្រោះទឹកជំនន់ និងអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រសម្រាប់ការស្រោចស្រពវិស័យកសិកម្ម។
រឿងកសាងសមត្ថភាពវិញ ឥណ្ឌាបន្តជួយបំពាក់បំប៉នសមត្ថភាពប្រជាជនកម្ពុជា និងមន្ត្រីរាជការ ហើយបានបន្តផ្តល់អាហារូបករណ៍រហូតដល់ ២៥កន្លែងដល់សិស្សនិស្សិតកម្ពុជាសម្រាប់ការសិក្សាជាន់ខ្ពស់ថ្នាក់ក្រោយបរិញ្ញាបត្ររៀងរាល់ឆ្នាំ។
លើវិស័យវប្បធម៌ លោកស្រីឯកអគ្គរដ្ឋទូតឥណ្ឌាបន្ថែមថា ជាប្រទេសទីមួយដែលជួយកម្ពុជាជួសជុលប្រាសាទអង្គរវត្ត រដ្ឋាភិបាលឥណ្ឌាប្តេជ្ញាបន្តរួមចំណែកគាំទ្រគម្រោងជួសជុល និងអភិរក្សមរតកវប្បធម៌កម្ពុជាទៅមុខទៀតដែរ។ បច្ចុប្បន្នឥណ្ឌាកំពុងអនុវត្តគម្រោងអភិរក្សនិងជួសជុលប្រាសាទតាព្រហ្ម និង មានបំណងបន្តជួយជួសជុលផ្នែកខ្លះនៃប្រាសាទព្រះវិហារថែមទៀត។
ដោយឡែកទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស លី ធុច ដែលបានចូលរួមក្នុងពិធីខួបឯករាជ្យឥណ្ឌនោះបានអបអរសាទរប្រជាជនឥណ្ឌានិងថ្លែងអំណរគុណឥណ្ឌាដែលបន្តជួយកម្ពុជាតាំងពីក្រោយសម័យប៉ុលពតរហូតដល់បច្ចុប្បន្ន។
តំណាងរដ្ឋាភិបាលកម្ពុជារូបនេះបានកត់សម្គាល់ពីការលូតលាស់នៃទំនាក់ទំនង និងមិត្តភាពទ្វេភាគីកម្ពុជានិងឥណ្ឌាទៅរកភាពល្អប្រសើរស្ទើរគ្រប់វិស័យកន្លងមកជាពិសេសក្រោយទស្សនកិច្ចរបស់សម្តេច ហ៊ុន សែន ទៅកាន់ប្រទេសឥណ្ឌាកាលពីខែមករាកន្លងទៅ។ បច្ចុប្បន្ននេះ ឥណ្ឌា និងកម្ពុជាក៏បន្តប្តេជ្ញាចិត្តធ្វើការជាមួយគ្នាឲ្យកាន់តែជិតសិ្នទ្ធ និងគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិទៀតផង។
សូមបញ្ជាក់បន្តិចថា ក្នុងទស្សនកិច្ចនាខែមករា សម្តេច ហ៊ុន សែន សម្តេច និងសមភាគីឥណ្ឌាលោក នារិន្ទ្រា ម៉ូឌី ក៏បានចុះកិច្ចព្រមព្រៀងជាច្រើនរួមគ្នាដែលគ្របដណ្តប់លើវិស័យកសិកម្ម សេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យាជាដើម។ ក្រៅពីបំពេញទស្សនកិច្ចផ្លូវការ សម្តេចក៏បានចូលរួមក្នុងកិច្ចប្រជុំពិសេសអាស៊ាន-ឥណ្ឌារម្លឹកទំនាក់ទំនង ២៥ឆ្នាំផងដែរ។
វាជារឿងមិនអាចប្រកែកបានទេថា ទំនាក់ទំនងកម្ពុជា និងឥណ្ឌាកាន់តែលូតលាស់ខ្លាំងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ព្រោះឥណ្ឌាចាប់ផ្តើមពង្រឹងតួនាទីនិងស្វះស្វែងរកការពង្រឹងទំនាក់ទំនងជាមួយប្រទេសអាស៊ានជាពិសេសប្រទេសតំបន់មេគង្គ។ គេមិនភ្លេចទេថា ក្រោមគោលនយោបាយការបរទេស«ធ្វើសកម្មភាពនៅទិសខាងកើត» (Act East Policy) របស់នាយករដ្ឋមន្ត្រីឥណ្ឌាលោក នារន្ទ្រា ម៉ូឌី អាស៊ានជាតំបន់អាទិភាពសម្រាប់ឥណ្ឌាដែលកំពុងត្រដែតឡើងជាមួយឥទ្ធិពលសេដ្ឋកិច្ច នយោបាយ និងយោធា។
ត្រឡប់មកវិញ ចំណងមិត្តភាពរវាងឥណ្ឌា និងកម្ពុជាមានលក្ខណៈពិសេសលើសគេ និងកើតមានយូរលង់ណាស់មកហើយពោលគឺរាប់ចាប់ពីសម័យអង្គរម្ល៉េះ។ វាពិសេសត្រង់ថា ចំណងមិត្តភាពនេះផ្អែកលើការផ្សាភ្ជាប់វប្បធម៌ អរិយធម៌ និងប្រវត្តិសាស្ត្ររួមគ្នាផង។
មកដល់សម័យកាលទំនើប ឥណ្ឌា និងកម្ពុជា សម្រេចបង្កើតចំណងការទូតផ្លូវការនៅឆ្នាំ ១៩៥២។ ថ្វីទំនាក់ទំនងនេះត្រូវបានកាត់ផ្តាច់ក្រោយខ្មែរក្រហមកាន់កាប់ប្រទេសកម្ពុជាចាប់ពីឆ្នាំ ១៩៧៥ ក្តី គេមិនគួរភ្លេចទេថា មហាអំណាចឥណ្ឌានេះបានក្លាយជាប្រទេសទីមួយសេរីដែលទទួលស្គាល់កម្ពុជាក្រោយរបបខ្មែរក្រហមដួលរលំទៅឆ្នាំ ១៩៧៩ ខណៈប្រទេសលោកខាងលិចបែរខ្នងដាក់ប្រជាជនកម្ពុជា និងដាក់សម្ពាធលើកម្ពុជាដែលកំពុងរងការលំបាកថែមទៀត៕
Tag:
ឥណ្ឌា
កម្ពុជា
អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com