អន្តរជាតិ
ចិន​ថា ខ្លួន​មិនដែល​បណ្តេញ​នាវា​-​យន្តហោះ​បរទេស​ពី​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ដូច​លោក ឌូ​ទើ​តេ ចោទ​ឡើយ​
16, Aug 2018 , 9:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រសួងការបរទេស​ចិន​ចេញមុខ​ទាត់ចោល​សម្តី​របស់​ប្រធានាធិបតី​ហ្វីលីពីន​ជុំវិញ​សិទ្ធិ​របស់ខ្លួន​ក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ១៦ ខែសីហា​នេះ​។ ចិន​បញ្ជាក់ថា កោះ​ជា​កម្មសិទ្ធិ​ខ្លួន​តាម​ប្រវត្តិសាស្ត្រ ហើយ​ខ្លួន​ក៏​គ្មាន​ដែល​គំរាម​ឬ​បណ្តេញ​អ្នកណា​ដែល​ធ្វើដំណើរ​ឆ្លងកាត់​សមុទ្រ​ចិន​ខាងត្បូង ឬ​ក្បែរ​កោះ​ខ្លួន​ដូច​ការចោទប្រកាន់​ឡើយ​។



​បន្ទាប់ពី​លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ អះអាងថា ចិន​គ្មាន​សិទ្ធិ​ប្រើ​កម្លាំង​បណ្តេញ​នាវា​បរទេស និង​យន្តហោះ​ដែល​ធ្វើដំណើរ​ឆ្លងកាត់​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង និង​អំពាវនាវ​ឲ្យ​មហាអំណាច​នេះ​ប្តូរ​ឥរិយាបថ​ខ្លួន​ផង​នោះ ចិន​បាន​ប្រតិកម្ម និង​ទាត់ចោល​ការអះអាង​នេះ​។ អាច​ថា វា​ជា​លើកដំបូង​ហើយ ដែល​មេដឹកនាំ​ហ្វីលីពីន​នេ​ហ៊ាន​និយាយ​រិះគន់​ចិន​។

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters សេចក្តីថ្លែងការណ៍​មួយ​របស់​ក្រសួងការបរទេស​ចិន​បាន​អះអាងថា កោះ​ស្ព្រា​ត់​លី (Spratly) ដែល​ស្ថិតក្នុង​តំបន់​ជម្លោះ​នោះ​ជា​កម្មសិទ្ធិ​របស់ខ្លួន​តា​ម​លក្ខខណ្ឌ​ប្រវត្តិសាស្ត្រ ហើយ​ចិន​បន្ត​គោរព​សិទ្ធិសេរីភាព​ធ្វើ​នាវាចរណ៍ និង​ហោះហើរ​របស់​ប្រទេស​ទាំង​អនុលោម​តាមច្បាប់​អន្តរជាតិ​ផង​។ 

​ប៉ុន្តែ​ក្រសួងការបរទេស​ចិន​សង្កត់ធ្ងន់ថា ខ្លួន​មានលទ្ធភាព​ក្នុងនាម​ជា​ម្ចាស់​កម្មសិទ្ធិ​នៃ​កោះ​ដើម្បី​ចេញ​វិធានការ​ចាំបាច់​ដើម្បី​ឆ្លើយតប​នឹង​នាវា ឬ​យន្តហោះ​បរទេស​ដែល​ហោះហើរ ឬ​ធ្វើដំណើរ​កៀក​ដែនអាកាស និង​កោះ​របស់​ចិន​ក្នុង​គោលបំណង​បង្ករឿង​។​

​សេចក្តីថ្លែងការណ៍​រប​ស់​ក្រសួងការបរទេស​ចិន​និយាយ​ដូច្នេះ​៖«​ប៉ុន្តែ​ចិន​មាន​សិទ្ធិ​ពេញលេញ​ក្នុងការ​ចាត់វិធានការ​ចាំបាច់​ដើម្បី​ឆ្លើយតប​នឹង​នាវា និង​យន្តហោះ​បរទេស​ដែលមាន​ចេតនា​ធ្វើដំណើរ​កៀក​ដែនទឹក និង​ដែនអាកាស​របស់​ចិន​។ វា​ជា​សកម្មភាព​បង្ករឿង​ដែល​គំរាមកំហែង​សន្តិសុខ​ប្រជាជន​ចិន​ដែលមាន​វត្ត​មាននៅ​ទីនោះ​»​។​

​ក្រៅពី​ថ្លែង​ពី​សិទ្ធិផ្តាច់មុខ ក្រុង​ប៉េកាំង​បាន​ឆ្លៀត​អំពាវនាវ​ឲ្យ​ភាគី​ពាក់ព័ន្ធ​បន្ត​ជួប​ពិភាក្សាគ្នា ហើយ​រួមគ្នា​ថែរក្សា​ស្ថានភាព​បច្ចុប្បន្ន​ដែល​ល្អប្រសើរ ព្រោះ​វា​ជា​រឿង​លំបាក​សម្រេចបាន​បំផុត​។ ប៉ុន្តែ​សេចក្តីថ្លែងការណ៍​ខាងលើ​មិនបាន​បញ្ជាក់​ឲ្យ​ច្បាស់​ថា កិច្ចពិភាក្សា​បែបណា ឬ​ចូលរួម​បែបណា​អាចធ្វើ​ឡើង​រវាង​ចិន​និង​ភាគី​ពាក់ព័ន្ធ​ឡើយ​។​

​តាមពិតទៅ ចិន តៃវ៉ាន់ ហ្វីលីពីន ម៉ាឡេស៊ី វៀតណាម និង​ព្រុយ​ណេ​ដណ្តើម​គ្នា​យក​ប្រជុំ​កោះ​ស្ព្រា​ត់​លី ប៉ុន្តែ​ចិន​បាន​ប្រឹងប្រែង​វាតទី និង​បន្ត​ប្រែក្លាយ​ថ្ម​ប៉ប្រះ​ទឹក​ទៅជា​កោះ​សិប្បនិម្មិត​សម្រាប់​យន្តហោះ​ចុះចត និង​បម្រើ​សកម្មភាព​យោធា​ផងដែរ​។ សកម្មភាព​នេះ​ធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ​ខ្លាំង​ពី​សំណាក់​ភាគី​ពាក់ព័ន្ធ ហើយ​វា​ក៏មាន​ការទិតៀន​ខ្លាំង​ដែរ​ពី​វៀតណាម ហ្វីលីពីន និង​អាមេរិក​ដែល​គ្មាន​ចំណែក​សូម្បី​មួយ​ដុំ​ក្នុង​ដែន​ជម្លោះ​។​

​យ៉ាងណាមិញ ហ្វីលីពីន​ក្រោម​ការដឹកនាំ​របស់លោក ឌូ​ទើ​តេ​មិនដែល​រិះគន់​ចិន​ឡើយ ហើយ​ផ្ទុយទៅវិញ​លោក បាន​ព្យាយាម​ស្តារ និង​ពង្រឹង​ចំណងមិត្តភាព​ជាមួយ​ចិន​ថែមទៀត​ដើម្បី​ទាក់ទាញ​ជំនួយ និង​វិនិយោគ​ចិន​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ លោក ឌូ​ទើ​តេ ថែមទាំង​បាន​ទិតៀន​អាមេរិក​ផងដែរ​ជុំវិញ​ការធ្វើ​ឲ្យ​ស្ថានការណ៍​ជម្លោះ​តានតឹង និង​មិន​បានធ្វើ​អ្វី​សោះ​ដើម្បី​ទប់ស្កាត់​ចិន​មិន​ឲ្យ​បន្ត​វាតទី និង​សាងសង់​កោះ​នៅ​តំបន់​ជម្លោះ​នោះ​៕


Tag:
 ​រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ​
  ចិន​
  សមុទ្រ​ចិន​ខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com