ជាតិ
បទវិភាគ
​​​ន​យោ​បាយ​ជាតិ​
តើ​ចៅហ្វាយខេត្ត និង​រដ្ឋមន្ត្រី​គួរ​មាន​លក្ខណៈសម្បត្តិ​អ្វីខ្លះ​?
17, Aug 2018 , 4:31 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ មិន​ថា ក្នុង​ក្របខណ្ឌ​ឯកជន រដ្ឋ ឬ​អង្គការ​ឡើយ កិច្ចការ​មេដឹកនាំ ឬ​អ្នកគ្រប់គ្រង មិនមែនជា​កិច្ចការ​ងាយស្រួល​ឡើយ​។ ធ្វើការ​ឲ្យ​គេ គ្រប់គ្រង​តែ​កិច្ចការ​ខ្លួនឯង​, ទទួលខុស និង​ត្រូវ​លើ​តែ​ការងារ​របស់​ខ្លួនឯង​មួយ មិនសូវ​ជា​ឈឺ​ក្បាល​ប៉ុន្មាន​ឡើយ​។ ប៉ុន្តែ នៅពេលដែល​និយាយ​ពី​ការគ្រប់គ្រង មិន​ថា ការងារ​តូចតាច ឬ​ធំដុំ​ឡើយ វា​មិនមែនជា​កាតព្វកិច្ច និង​ការទទួលខុសត្រូវ​ងាយស្រួល​ដូច​ការគិត​ឡើយ​។ និយាយ​ស្រួល តែ​ធ្វើ​លំបាក​។  ដោយ​មិន​និយាយ​ពី​វិស័យ​ឯកជន និង​អង្គការក្រៅរដ្ឋាភិបាល តើ​ចៅហ្វាយខេត្ត និង​រដ្ឋមន្ត្រី​គួរ​មាន​លក្ខណៈសម្បត្តិ​អ្វីខ្លះ​?



​ដោយ​មិន​និយាយ​ចំពោះ​ប្រទេស​ណាមួយ​ឡើយ ចៅហ្វាយខេត្ត និង​រដ្ឋមន្ត្រី​គួរ​មាន​លក្ខខណ្ឌ និង​គុណសម្បត្តិ​បទពិសោធន៍​-​ចំណេះដឹង​មួយចំនួន​ដើម្បី​អាច​ចាត់ចែង​, ដឹកនាំ​, បណ្តុះបណ្តាល និង​អភិវឌ្ឍ​ស្ថាប័ន​របស់ខ្លួន​បាន​។ លក្ខខណ្ឌ និង​គុណសម្បត្តិ​ទាំងនោះ​ជារួម​មាន​៖

១) ត្រូវមាន​សញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​គ្រប់គ្រង និង​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​គ្រប់គ្រង​ធនធានមនុស្ស​។ បើ​មិនចេះ​ដឹកនាំ ចាត់ចែង សម្របសម្រួល​ទេ កិច្ចការ​គ្រប់គ្រង​ប្រឈម​នឹង​ភាពបរាជ័យ​។

២) ត្រូវមាន​សញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​ច្បាប់ និង​បទពិសោធន៍​ផ្នែក​ច្បាប់​គ្រប់គ្រាន់​។

៣) ត្រូវមាន​ចំណេះដឹង​ផ្នែក​បណ្តុះបណ្តាល​ធនធានមនុស្ស​។

៤) ត្រូវមាន​ចំណេះដឹង​ច្នៃប្រឌិត គំនិត​បង្កើត​ថ្មី និង​ទស្សនវិស័យ​វែងឆ្ងាយ​។ មេដឹកនាំ​ដែល​គ្មាន​គំនិត​ថ្មី​ពិបាក​ទាក់ទាញ​ការគាំទ្រ​ពី​មន្ត្រី​ថ្នាក់ក្រោម និង​ទី​៥ ចៅហ្វាយខេត្ត និង​រដ្ឋមន្ត្រី ត្រូវ​មានគំនិត​អភិវឌ្ឍ​ខេត្ត​ក្រុង និង​ស្ថាប័ន​របស់ខ្លួន​។ អភិវឌ្ឍ ក្នុងន័យនេះ មិនមែន​រង់ចាំតែ​ថវិកា​របស់​រដ្ឋ​ដើម្បី​អភិវឌ្ឍ​ខេត្ត​ក្រុង និង​ស្ថាប័ន​របស់ខ្លួន​នោះទេ​។ ក្រៅពី​ថវិកា​របស់​រដ្ឋ​, រដ្ឋមន្ត្រី និង​ចៅហ្វាយខេត្ត​ត្រូវមាន​គំនិត​ចេះ​ទាក់ទាញ កៀងគរ​វិស័យ​ឯកជន ឬ​អង្គការក្រៅរដ្ឋាភិបាល​ផ្សេងៗ​ឲ្យ​ចូលរួម​អភិវឌ្ឍ​សហគមន៍ និង​ស្ថាប័ន​របស់ខ្លួន​។ ចៅហ្វាយខេត្ត​ក្រុង និង​រដ្ឋមន្ត្រី​គួរ​មាន​​ចំណេះដឹង​ប្រើ​គំនិត​ថ្មីៗ​ដើម្បី​បង្កើត​«​លុយ​»​ជូន​ស្ថាប័ន​របស់ខ្លួន​នីមួយៗ​។

​ដូច្នេះ សរុបសេចក្តី​មក ប្រសិនបើ មេដឹកនាំ​ខេត្ត និង​ក្រសួង​ខ្វះ​គុណសម្បត្តិ​ណាមួយ​ក្នុងចំណោម​គុណសម្បត្តិ​ដែល​បាន​រៀបរាប់​ខាងលើនេះ ពេលនោះ ការអភិវឌ្ឍ​ក្នុង​ស្ថាប័ន​នឹងធ្វើ​ដំណើរ​ទៅមុខ​យឺតៗ​ដូច​ជំហាន​សត្វ​ក្តាម​៕

© រក្សាសិទ្ធិដោយ thmeythmey.com