កីឡាអន្តរជាតិ
អន្តរជាតិ
អ័ព្ទកខ្វក់នៅឥណ្ឌូណេស៊ី នឹងបង្កគ្រោះថ្នាក់ដល់អត្តពលិក ក្នុងព្រឹត្តិការណ៍ Asian Games
× ឥណ្ឌូណេស៊ីនឹងបើកការប្រកួតកីឡាអាស៊ី (Asian Games) ជាផ្លូវការណ៍នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ ។ រដ្ឋធានីហ្សាការតាជាទីកន្លែងប្រារព្ធកម្មវិធីបើក កំពុងជាប់គាំងដោយចរាចរណ៍ និងគ្របដណ្ដប់ទៅដោយអ័ព្ទបំពុលបរិយាកាស ដែលអាចគំរាមកំហែងដល់អត្តលិកក្នុងការចូលរួមប្រកួតកីឡាធំជាងគេទីពីរលំដាប់ពិភពលោកនេះ។
បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP អ័ព្ទបំពុលបរិយាកាសនៅពាសពេញផ្ទៃមេឃក្នុងក្រុងហ្សាការតានឹងធ្វើឲ្យប៉ះពាល់ដល់សុខភាពអត្តពលិកយ៉ាងធ្ងន់ធ្ងរមួយទៀត ក្រៅពីបញ្ហាកកស្ទះចរាចរណ៍ក្នុងការធ្វើដំណើរ បើទោះមានការអះអាងពីវិធានការបិទសាលារៀននៅក្នុងក្រុង ដើម្បីកាត់បន្ថយការធ្វើដំណើររបស់សិស្ស អំឡុងពេលការប្រកួតក៏ដោយ។
កំលាំងខ្យល់បក់ក្នុងទីក្រុងនេះមានល្បើន១០៧គីឡូម៉ែត្រក្នុង១ម៉ោង ដែលខ្យល់កខ្វក់នោះនឹងបង្កគ្រោះថ្នាក់ដល់ប្រជាជនទូទៅ រួមទាំអត្តពលិកងាយនឹងទទួលរងបញ្ហាផ្លូវដង្ហើម។
ព្រឹត្តិការណ៍កីឡាអាស៊ីលើកទី១៨ នឹងចាប់ផ្តើមការប្រកួតពីថ្ងៃទី១៨ ខែសីហា រហូតដល់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៨ ដោយមានអត្តពលិក និងមន្ត្រីចូលរួមប្រមាណ១៦០០០នាក់ មកពី៤៥ ប្រទេសពីតំបន់អាស៊ី ដែលធ្វើឡើងក្នុងក្រុងហ្សាកាតា និងប៉ាឡាំបាង (Palembang) ស្ថិតលើកោះស៊ូម៉ាត្រាប្រទេសឥណ្ឌូណេស៊ី។
លោក Budi Haryanto អ្នកឯកទេសសុខភាព នៅសកលវិទ្យាល័យឥណ្ឌូណេស៊ី បានលើកឡើងជុំវិញបញ្ហាអ័ព្ទកខ្វក់នោះថា អត្តពលិកប្រកួតប្រជែងក្នុងសាលនឹងមិនរងផលប៉ះពាល់នោះទេ ប៉ុន្តែវានឹងប្រឈមខ្លាំងសម្រាប់ប្រភេទកីឡានៅខាងក្រៅ ដូចជាកីឡាអត្តពលកម្ម កីឡាបាញ់កាំភ្លើង កីឡាបេសបល(Baseball) កីឡាសូហ្វបល(Softball) និងកីឡាបាល់ឱប៕
Tag:
Asian Games
កីឡាអាស៊ី
ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com