អន្តរជាតិ
ឌូ​ទើ​តេ ចោទសួរ​ទៅ​អាមេរិក​៖ «​អ្នកឯង​ជាន​រណា​បាន​គំរាម​យើង​រឿង​ទិញ​នាវាមុជទឹក​?»
18, Aug 2018 , 7:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រោយ​បានលឺ​សម្តី​មន្ត្រីជាន់ខ្ពស់​អាមេរិក​ព្រមាន​ហ្វីលីពីន​រឿង​ចង់​ទិញ​នាវាមុជទឹក​ពី​រុស្ស៊ី ប្រធានាធិបតី​ហ្វីលីពីន​មាត់ដាច រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ បាន​ចេញមុខ​ប្រតិកម្ម​តប​វិញ​ភ្លាម​។ លោក​បាន​ទិតៀន​អាមេរិក​ត្រង់ៗ ដែល​ចេះតែ​លូកដៃ​ក្នុង​កិច្ចការ​ផ្ទៃក្នុង​ហ្វីលីពីន មិន​ស័ក្តិ​សមជា​សម្ព័ន្ធមិត្ត​ស្មើមុខស្មើមាត់​សោះ​។


  
​ពី​ទីក្រុង Davao ថ្ងៃទី ១៧ ខែសីហា លោក ឌូ​ទើ​តេ​បាន​ចោទសួរ​ជា​សំណួរ​ទៅកាន់​អាមេរិក​ថា តើ​អា​មេ​រិ​កំពុង​ចាត់ទុក​ខ្លួន​ជា​អ្វីដែលហ៊ាន​បង្គាប់បញ្ជា និង​ព្រមាន​ជា​ហូរហែរ​ពេល​ហ្វីលីពីន​ចង់​ទិញ​សព្វាវុធ​ពី​ប្រទេស​ដទៃ​។ លោក ឌូ​ទើ​តេ យល់ថា ឋានៈ​ជា​សម្ព័ន្ធមិត្ត​គេ​មិន​ធ្វើ​ដូច​អា​មេ​រិ​កំពុង​ធ្វើ​ឡើយ​។​
 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក ឌូ​ទើ​តេ បាន​ថ្លែង​ដូច្នេះ​ថា​៖«​តើ​នេះ​ឬ​ជា​អ្វីដែល​អ្នកឯង​ធ្វើ​ដាក់​សម្ព័ន្ធមិត្ត​? ហើយ​អ្នកឯង​ចង់​ឲ្យ​យើង​នៅ​ជាមួយ​អ្នកឯង​គ្រប់ពេល​ឬ​យ៉ាងណា​? អ្នកឯង​ជា​អ្នកណា​បានជា​មក​ព្រមាន​យើង​បែបនេះ​?»
 
​ប្រមុខរដ្ឋ​ហ្វីលីពីន​វ័យ​៧៣​ឆ្នាំនេះ​និយាយ​ទាំង​ក្រេវក្រោធ​ដោយសារ​មន្ត្រីជាន់ខ្ពស់​អា​មេ​រិ​ក​មួយរូប​បាន​ព្រមាន​ហ្វីលីពីន​ដែលមាន​ចេតនា​ចង់​ទិញ​នាវាមុជទឹក​ពី​រុស្ស៊ី​ដើម្បី​ពង្រឹងសមត្ថភាព​ការពារជាតិ​របស់ខ្លួន​នោះ​។  មន្ត្រីជាន់ខ្ពស់​របស់​អា​មេ​រិ​ក​នោះ​គឺ ឧបការី​រដ្ឋមន្ត្រី​ការពារជាតិ​ទទួលបន្ទុក​កិច្ចការ​សន្តិសុខ​អាស៊ី និង​ប៉ាស៊ីហ្វិក​លោក Randall Schriver​។​
 
​ពេល​ជួប​អ្នកសារព័ត៌មាន​ថ្ងៃ ១៦ ខែសីហា​នៅ​ក្រុង​ម៉ានីល មន្ត្រីជាន់ខ្ពស់​ខាងលើ​ព្រមាន​ជាមុន​ថា ហ្វីលីពីន​ត្រូវ​គិតគូរ​ដោយ​ប្រុងប្រយ័ត្ន​ចំពោះ​បញ្ហា​ទិញ​សព្វាវុធ​នេះ​ព្រោះ​វា​ប៉ះពាល់​សម្ព័ន្ធភាព​រវាង​អាមេរិក និង​ហ្វីលីពីន​ដែលមាន​យូរអង្វែង​មក​នោះ​។​
 
​ត្រឡប់មកវិញ​ក្រៅពី​រិះគន់​អាមេរិក លោក ឌូ​ទើ​តេ បាន​បន្ថែមទៀតថា ឥរិយាបថ​របស់​អាមេរិក​ដែល​ប្រឆាំងនឹង​បំណង​ហ្វីលីពីន​នេះ ក្នុង​ការទិញ​នាវាមុជទឹក​នេះ បង្ហាញ​ឲ្យ​ឃើញថា អាមេរិក​មិន​ចង់ឃើញ​ហ្វីលីពីន​មាន​សមត្ថភាព​ការពារជាតិ​ខ្លាំង​ឡើយ​។ មេដឹកនាំ​ហ្វីលីពីន​នេះ​សង្កត់ធ្ងន់ថា ក្នុងស្ថានភាព​ណាក៏ដោយ ហ្វីលីពីន​ត្រូវមាន​នាវាមុជទឹក បើសិនជា​ខ្លួន​ចង់​ដើរ​ឲ្យ​ទាន់​បណ្តា​ប្រទេសជិតខាង​ក្នុងការ​អភិវឌ្ឍ​វិស័យ​ការពារជាតិ​នេះ​។​
 
​តាមពិតទៅ កន្លងមកនេះ រដ្ឋមន្ត្រី​ការពារជាតិ​ហ្វីលីពីន​លោក  Delfin Lorenzana បាន​បង្ហើប​ប្រាប់​អ្នកសារព័ត៌មាន​ថា ហ្វីលីពីន​កំពុង​ស្វែងរក​ទិញ​នាវាមុជទឹក​ដើម្បី​ពង្រឹងសមត្ថភាព​កងទ័ព​ជើង​ទឹក ហើយ​រុស្ស៊ី កូរ៉េខាងត្បូង​និង​បារាំង​ជាដើម​នោះ​ជាទី​ផ្សារ​អាវុធ​ដែល​ហ្វីលីពីន​សំឡឹង​ឃើញ​។ 
 
​ប៉ុន្តែ​ប្រមុខ​ការពារជាតិ​ហ្វីលីពីន​រូបនេះ​បាន​ព្រលយ​ថា ហ្វីលីពីន​ទំនងជា​ជ្រើស​រើសយក​រុស្ស៊ី ហើយ​កិច្ចព្រមព្រៀង​ទិញ​នាវាមុជទឹក​នោះ​នឹង​អាច​ចុះ​រួមគ្នា​ខាងមុខ​ផង​។ បើសិនជា​កិច្ចព្រមព្រៀង​ត្រូវ​ចុះហត្ថលេខា​មែន​នោះ រុស្ស៊ី​នឹង​អាច​ផ្គត់ផ្គង់​នាវាមុជទឹក​បួន​គ្រឿង​(Kilo class) ដល់​ហ្វីលីពីន​ផង​។ ដំណឹង​នេះហើយ​ដែល​ធ្វើ​ឲ្យ​មន្ត្រី​អាមេរិក​ប្រតិកម្ម និង​ព្រមាន​ហ្វីលីពីន​កន្លងមក​៕

Tag:
 ​រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ​
  អាមេរិក​
 ​រុស្ស៊ី​
  នាវាមុជទឹក​
© រក្សាសិទ្ធិដោយ thmeythmey.com