កីឡាជាតិ
ជាតិ
ម្ចាស់​មេដាយមាស សែន រ៉ា​ឌី រំលឹកថា ខ្លួន​មាន​ក្តីបារម្ភ​ខ្លាច​មាន​ភាពលម្អៀង​ក្នុងការ​កាត់ក្តី​ពេល​ប៉ះ​ម្ចាស់ផ្ទះ​
18, Aug 2018 , 8:29 pm        
រូបភាព
កីឡាករ សែន រ៉ាឌី ពេលត្រឡប់មកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
កីឡាករ សែន រ៉ាឌី ពេលត្រឡប់មកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
ដោយ:
​កីឡាករ សែន រ៉ា​ឌី ម្ចាស់​មេដាយមាស​ការប្រកួត​កីឡា​វូ​វី​ណា​ម​ជ្រើសរើស​ជើងឯក​អាស៊ីអាគ្នេយ៍​នៅ​មី​យ៉ាន់​ម៉ា បាន​បង្ហើប​ថា ខ្លួន​មាន​ក្តីបារម្ភ​យ៉ាងខ្លាំង​ពេល​ប៉ះ​កីឡាករ​ម្ចាស់ផ្ទះ​ក្នុងជំនួប​បើកឆាក​។ ភ័យខ្លាច ក៏​ព្រោះ​រូបគេ​បារម្ភ​ពី​ការកាត់ក្តី​មិន​យុត្តិធម៌​របស់​អាជ្ញាកណ្តាល​ចៅក្រម​។ ប្រតិភូ​កីឡា​វូ​វី​ណា​ម​កម្ពុជា​បាន​នាំយក​មេដាយ​ទាំង​២៩​មកដល់​មាតុភូមិ កាលពី​ថ្ងៃ​ពីថ្ងៃ​ទី​១៣ ខែសីហា ដោយ​ទទួលបាន​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​សំណាក់​លោក ប៉ុន សុខ ប្រធាន​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កីឡា​។

 
«​ដំបូង​យើង​ខ្លាច​ថា អាច​នឹង​មានការ​លម្អៀង​ខ្លះៗ តែ​ពេល​ប្រកួត​គឺ​គ្មាន​បញ្ហា​អ្វី​នោះទេ ព្រោះ​យើង​វាយ​ចំ​គោលដៅ​»​។ នេះ​ជាការ​បង្ហាញ​ក្តីបារម្ភ​របស់​កីឡាករ សែន រ៉ា​ឌី ចំពោះ​ការកាត់ក្តី​របស់​អាជ្ញាក​ណ្តា​ល​ចៅក្រម ពេល​ប៉ះ​ជាមួយ​កីឡាករ​ម្ចាស់ផ្ទះ​មី​យ៉ាន់​ម៉ា​។ ទោះបី​យ៉ាងនេះ​ក្តី កីឡាករ សែន រ៉ា​ឌី ត្រូវបាន​អាជ្ញាកណ្តាល​កាត់ក្តី​ឲ្យ​ឈ្នះ​កីឡាករ​ម្ចាស់ផ្ទះ​មី​យ៉ាន់​ម៉ា​ដោយ​ពិន្ទុ​។ 
 
​បន្ទាប់មក​រូបគេ​បាន​បន្ត​យកឈ្នះ​កីឡាករ​ថៃ ដោយ​ពិន្ទុ​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ ដើម្បី​គ្រង​ជើងឯក​ប្រចាំ​ការប្រកួត​កីឡា​វូ​វី​ណា​ម​ជ្រើសរើស​ជើងឯក​អាស៊ីអាគ្នេយ៍​លើក​ទី​៥​នៅ​មី​យ៉ាន់​ម៉ា លើ​វិញ្ញាសា​ប្រយុទ្ធ​ទម្ងន់​៥៧​គីឡូក្រាម​។ ទាំង​កីឡា​ករមី​យ៉ាន់​ម៉ា និង​ថៃ ដែលជា​គូប្រកួត​របស់ រ៉ា​ឌី សុទ្ធសឹង​ជា​កីឡាករ​ប្រដាល់ ដែលជា​ហេតុ​ធ្វើ​ឲ្យ​រូបគេ​ពិបាក​ក្នុងការ​យកឈ្នះ​។ 
 

 
​ការព្យាយាម​ហ្វឹកហាត់ និង​ស្តាប់​ដំបូន្មាន​គ្រូបង្វឹក​ក្នុងអំឡុងពេល​ប្រកួត​អាច​កត្តា​ជួយ​ឲ្យ​កីឡាករ​ដែលមាន​ឈ្មោះ​ដើ​ន ទិន ភាព តែងតែ​ទទួលជោគជ័យ​លើ​ឆាន​អន្តរជាតិ​។ «​ប្រសិនបើ​យើង​ហាត់ ហើយ​អំឡុងពេល​ប្រកួត យើង​ប្រកួត​តាម​អារម្មណ៍ គឺ​មិនអាច​យកឈ្នះ​គេ​បាន​នោះទេ ព្រោះ​បើ​យើង​ប្រកួត​តាមរ​ម្មណ៍ ពេលខ្លះ​យើង​អាច​ឆេវឆាវ យើង​មិនអាច​ទប់​ស្មារតី​បាន​នោះទេ​។ តែបើ​យើង​ស្តាប់​គ្រូ​ពេល​ឲ្យ​ទឹក​ធ្វើ​ឲ្យ​យើង​អាច​ទប់​អារម្មណ៍​បាន និង​ដឹងថា យើង​ត្រូវ​វាយ​កន្លែង​ណា​បាន​ពិន្ទុ​»​។​
 
​អតីត​កីឡាករ​ប្រដាល់​គុន​ខ្មែរ​រូបនេះ រំពឹងថា តាមរយៈ​មេដាយមាស​របស់ខ្លួន និង​ភាពជោគជ័យ​លើ​ឆាក​អន្តរជាតិ​ជា​បន្តបន្ទាប់​របស់​ក្រុម​កីឡាករ​វូ​វី​ណា​ម នឹង​ជួយ​ជំរុញ​ឲ្យ​វិស័យ​កីឡា​នេះ​កាន់តែ​មាន​ភាព​រីកចម្រើន និង​ទទួលបាន​ការគាំទ្រ​កាន់តែច្រើន​ថែមទៀត​នាពេល​អនាគត​។​
 
​សម្រាប់​ការប្រកួត​ជើងឯក​អាស៊ីអាគ្នេយ៍​នៅ​មី​យ៉ាន់​ម៉ា ក្រុម​អត្ត​ព​លិ​ក​កីឡា​វូ​វី​ណា​ម​កម្ពុជា​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣ ក្នុងចំណោម​៨​ប្រទេស​ចូលរួម ក្រោយ​ដណ្តើមបាន​មេដាយមាស​៦ ប្រាក់​៨ និង​សំរឹទ្ធ​១៥​។ ប្រតិភូ​កីឡា​កម្ពុជា​បាន​នាំយក​មេដាយ និង​ពាន​មកដល់​មាតុភូមិ​កាលពី​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៨ ដោយ​ទទួលបាន​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​សំណាក់​លោក ប៉ុន សុខ ប្រធាន​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កីឡា នៃ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​៕       

Tag:
 ​វ៉ូ​វី​ណា​ម​
  សែន រ៉ា​ឌី
© រក្សាសិទ្ធិដោយ thmeythmey.com