កីឡាជាតិ
ជាតិ
អត្ត​ព​លិ​ក​ទោចក្រយាន​នឹង​ប្រមូលផ្តុំ​ហ្វឹកហាត់​ពេញ​១​ឆ្នាំ ក្រោយ​បាន​ថវិកា​ជាង​២​ម៉ឺន​ដុល្លារ​ក្នុង​១​ឆ្នាំ​
19, Aug 2018 , 8:29 am        
រូបភាព
ដោយ:
​កីឡាករ​កីឡាការិនី​ប្រណាំង​កង់​ជម្រើសជាតិ នឹង​ទទួលបាន​ការប្រមូលផ្តុំ​ហ្វឹកហាត់​១​ឆ្នាំ​ពេញ ពី​សហព័ន្ធ​កីឡា​ទោចក្រយាន​កម្ពុជា ក្រោយ​សហព័ន្ធ​ទទួលបាន​ការឧបត្ថម្ភ​ពី​ដៃគូ​សហការ​ចំនួន​២៥,០០០​ដុល្លារ​ក្នុង​១​ឆ្នាំ​។ តាមរយៈ​គម្រោង​នេះ ថ្នាក់ដឹកនាំ​សហព័ន្ធ​រំពឹងថា នឹង​ជួយ​អភិវឌ្ឍន៍​វិស័យ​កីឡា​ទោចក្រយាន​កាន់តែ​រីកចម្រើន និង​បង្កើន​ការទាក់ទាញ​កាន់តែខ្លាំង​។ ព្រោះ​ថវិកា​ទាំងនេះ នឹង​ចំណាយ​លើ​ការបណ្តុះបណ្តាល​បច្ចេកទេស បន្ថែម​ការហ្វឹកហាត់រ​បស់​ក្រុម​ជម្រើសជាតិ និង​ការលើកទឹកចិត្ត​ជាដើម​។



 
​លោក​ឧកញ៉ា វង្ស ខាន់​ពៅ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ទោចក្រយាន​កម្ពុជា​បាន​បញ្ចា​ក់ថា កីឡាករ​កីឡាការិនី​ទោចក្រយាន​ជម្រើសជាតិ នឹង​ទទួលបាន​ការប្រមូលផ្តុំ​ហ្វឹកហាត់​មួយឆ្នាំ​ពេញ​ពី​សហព័ន្ធ ដែល​គម្រោង​នេះ​អាច​នឹង​អនុវត្ត​នៅ​ឆ្នាំ​២០១៨​នេះ​តែម្តង​។ តាម​ធម្មតា​ក្រសួង​អប់រំ​យុវជន​និង​កីឡា ផ្តល់​គោលការណ៍​ក្នុងការ​ប្រមូលផ្តុំ​ក្រុម​ជម្រើសជាតិ​តែ​៦​ខែ​ប៉ុណ្ណោះ​។ ការផ្តល់​៦​ខែ​បន្ថែម​នេះ ក្រោយ​សហព័ន្ធ​កីឡា​ទោចក្រយាន​ទទួល​បានកា​រ​ឧបត្ថម្ភ​ពី ខ្មែរ​ប៊ែ​វី​រី​ជី​ស ចំនួន​២៥,០០០​ដុល្លារ​ក្នុង​មួយឆ្នាំ​។ 
 
«​ខ្ញុំ​គិតថា វា​រឿង​មួយ​ដ៏​ល្អ ព្រោះ​ក្រោយ​បញ្ចប់​ការប្រមូលផ្តុំ​ជាមួយ​ក្រសួង ក្មេងៗ​នៅតែ​នៅជាប់​ជាមួយ​សហព័ន្ធ ធ្វើ​ឲ្យ​យើង និង​គ្រូបង្វឹក​គ្រប់គ្រង​ពួកគាត់​បានល្អ និង​ហ្វឹកហាត់​ពង្រឹងសមត្ថភាព​ជាមួយ​សហព័ន្ធ​ពេញ​មួយឆ្នាំ​តែម្តង​។ រាល់​លើក​ក្រោយ​ចប់​ការប្រមូលផ្តុំ​ម្តងៗ មាន​កីឡាករ​កីឡាការិនី​មួយ​ចំនួន​បាន​ទៅ​ប្រកប​កិច្ចការងារ​ផ្សេងៗ ដើម្បី​រក​កម្រៃ​មក​ដោះស្រាយ​ជីវភាព​»​។ នេះ​ជាការ​លើកឡើង​របស់លោក​ឧកញ៉ា វង្ស ខាន់​ពៅ ហើយ​បាន​បន្ថែមថា ក្រៅ​ផ្តល់​លើ​ការហ្វឹកហាត់​ក្នុង​ក្រុម​ជម្រើសជាតិ ថវិកា​ដែល​បាន​ពី​ការឧបត្ថម្ភ​របស់​ខ្មែរ​ប៊ែ​វី​រី​ជី​ស​នេះ នឹង​ចំណាយ​លើ​ការបណ្តុះបណ្តាល បើក​វគ្គ​បច្ចេកទេស​ផ្សេងៗ និង​ផ្តល់​ជា​ថវិកា​លើកទឹកចិត្ត​សម្រាប់​កីឡា​ជ័យលាភី​ជាដើម​។



លោកឧកញ៉ា វង្ស ខាន់ពៅ អគ្គលេខាធិការសហព័ន្ធកីឡាទោចក្រយានកម្ពុជាផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មាននៅ NOCC
 
​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ទោចក្រយាន​ខាងលើ ប្តេជ្ញា​ថា នឹង​ខិតខំ​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព​ក្នុងការ​អភិវឌ្ឍ​វិស័យ​កីឡា​ទោចក្រយាន​កម្ពុជា​ឲ្យ​កាន់តែ​ប្រសើរ​ថែមទៀត​។ លើសពីនេះ លោក​នឹង​ព្យាយាម​ពង្រឹងសមត្ថភាព​កីឡាករ​ឲ្យ​កាន់តែខ្លាំង ដើម្បី​ត្រៀម​ប្រជែង​ដណ្តើម​មេដាយ​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ឆ្នាំ​២០១៩ នៅ​ប្រទេស​វៀតណាម និង​ស៊ី​ហ្គេម​លើក​ទី​៣២​នៅ​កម្ពុជា​។​
 
​ទោះបី​មិនបាន​បញ្ជាក់​ពេលវេលា​ជាក់លាក់​ក្នុង​ការជួយ​គាំទ្រ​កីឡា​ទោចក្រយាន​ក៏ដោយ តែ​លោក ពេជ្រ សុវណ្ណ តំណាង​ក្រុមហ៊ុន​សហការ បាន​អះអាងថា នឹង​បន្ត​ជួយ​គាំទ្រ​វិស័យ​កីឡា​នេះ ក៏ដូចជា​វិស័យ​កីឡា​ផ្សេងទៀត​។ តែ​យ៉ាងណា លោក​រង់​ចាំមើល​លទ្ធផល​នៃ​ការជួយ​គាំទ្រ​ជាមុនសិន​៕      
 

Tag:
 ប្រណាំង​កង់​
  វង្ស ខាន់​ពៅ​
  ពេជ្រ សុវណ្ណ​
© រក្សាសិទ្ធិដោយ thmeythmey.com