ជាតិ
បាក់ឌុប
លោក ស៊ុន ចាន់ថុល សន្យា​ផ្តល់​ម៉ូតូ​ដល់​សិស្ស​ជាប់​និ​ទេ្ទ​ស​A ឆ្នាំនេះ​
19, Aug 2018 , 9:29 am        
រូបភាព
កណ្តាល​៖ សិស្ស​វិទ្យាល័យ​នៅ​ស្រុក​កោះធំ ខេត្តកណ្តាល ដែល​ប្រឡង​ជាប់​និទ្ទេស​A  នឹង​ទទួលបាន​ម៉ូតូ​ម្នាក់​មួយគ្រឿង ជាមួយនឹង​ប្រាក់​១០​ម៉ឺន​រៀល ពី លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​។


​ថ្លែង​ចំពោះមុខ​លោកគ្រូ​-​អ្នកគ្រូ និង​សិស្ស​ថ្នាក់​ទី​១២ ចំនួន​៧៩២​នាក់ ដែល​មកពី​វិទ្យាល័យ​ទាំង​៤ ក្នុងស្រុក​កោះធំ កាលពី​ថ្ងៃទី​១៦ សីហា  រដ្ឋ​ម​ន្រី្ត​រូបនេះ ក៏​សន្យា​ស្វែងរក​អាហារូបករណ៍​ពី​សាកលវិទ្យាល័យ​ក្នុងស្រុក​ផ្ដល់ជូន​សិស្ស រួមទាំង​ជិះ​រថភ្លើង ពី​ភ្នំពេញ ទៅ​កំពង់ឆ្នាំង​ផងដែរ​។ 
 
​ជាមួយគ្នានេះ លោក ស៊ុន ចាន់ថុល ក៏បាន​រម្លឹក​ដល់​សិស្ស​ទាំងអស់ ត្រូវ​តាំងចិត្ត​ឲ្យ​មុត​ស្រួច ប្រឹង​ឲ្យ​អស់​សមត្ថភាព និង​សក្ដានុពល​របស់ខ្លួន​។ ជាពិសេស​រម្លឹក​មេរៀន​ឲ្យ​បាន​ញឹកញាប់ ព្រមទាំង​ថែរក្សា​សុខភាព​ឲ្យ​ល្អ មុននឹង​ថ្ងៃ​ប្រឡង​មកដល់​។ 
 
​សូមបញ្ជាក់ថា សម័យ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៨ នឹង​ប្រព្រឹត្ត​ទៅនា​ថ្ងៃទី ២០ សីហា​ខាងមុខនេះ  ដែលមាន​បេក្ខជន​ប្រឡង​ចំនួន ១១៧.០៦១​នាក់ និង​មាន​មណ្ឌល​ប្រឡង​ចំនួន​១៩៥ មណ្ឌល ចែកចេញជា ៤.៧១៦​បន្ទប់ នៅ​រាជធានី​ខេត្ត​ទាំង​២៥​ទូទាំងប្រទេស​៕

Tag:
 ប្រឡង​
 ​សិស្ស​
  និទ្ទេស​A
 ​ស៊ុន ចាន់ថុល​
© រក្សាសិទ្ធិដោយ thmeythmey.com