កីឡាជាតិ
ជាតិ
ណាហ្គា​វើ​ល​ឡើងឈរ​កំពូល​តារាង ចំណែក​ភ្នំពេញ​ក្រោ​ន​អស់​ឱកាស​ប្រជែង​ជើងឯក​
19, Aug 2018 , 9:51 am        
រូបភាព
បន្ទាប់ពីពាន​រង្វាន់សម្តេច ហ៊ុន សែន អង្គរថាយហ្គឺរធ្វើឲ្យភ្នំពេញក្រោន​ខកចិត្តម្តងទៀតនៅខេមបូឌានលីក។ រូបថត CNCC
បន្ទាប់ពីពាន​រង្វាន់សម្តេច ហ៊ុន សែន អង្គរថាយហ្គឺរធ្វើឲ្យភ្នំពេញក្រោន​ខកចិត្តម្តងទៀតនៅខេមបូឌានលីក។ រូបថត CNCC
ដោយ:
​ណាហ្គា​វើ​ល​បាន​ឡើងឈរ​កំពូល​តារាង​បណ្តោះអាសន្ន​ក្នុង​សប្តាហ៍​ទី​១៨​នៃ​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ ក្រោយ​យកឈ្នះ​បឹងកេត​ក្នុង​លទ្ធផល ២-០​។ ចំណែក​ភ្នំពេញ​ក្រោ​ន ក្រោយ​ចាញ់​អង្គ​រថា​យ​ហ្គឺ​រយ៉ា​ង​ជូរចត់​នៅលើ​ទឹក​ខ្លួន ៤-០ បាន​អស់​ឱកាស​ប្រជែង​ដណ្តើម​ជើងឯក​នៅ​ឆ្នាំនេះ​។ សម្រាប់​ការប្រកួត​នៅ​ថ្ងៃ​សៅរ៍​នេះដែរ ក្រុម​វិសាខា​បាន​បន្ត​យកឈ្នះ​សូល​ទី​ឡូ​អង្គរ​ក្នុង​លទ្ធផល ២-១​។



​ណាហ្គា​វើ​ល​បាន​ទម្លាក់​បឹងកេត​ពី​កំពូល​តារាង ដែល​បាន​ក្តោប​ក្តាប់​អស់​រយៈពេល​៧​សប្តាហ៍ ឲ្យ​ទៅ​ឈរ​លេខ​រៀង​ទី​២​បណ្តោះអាសន្ន​ដោយ​រក្សា​៤២​ពិន្ទុ​។ ការទម្លាក់​នេះ បន្ទាប់ពី​ណាហ្គា​វើ​ល​យកឈ្នះ​បឹងកេត​ក្នុង​លទ្ធផល ២-០ នា​ការប្រកួត​ក្របខណ្ឌ​ខេ​ម​បូ​ឌា​ន​លី​គ​សប្តាហ៍​ទី​១៨ កាលពី​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៨ នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់​។ ហើយ​ជ័យជម្នះ​នេះ មិន​ត្រឹមតែ​ជួយ​ឲ្យ​ណាហ្គា​វើ​ល​ឡើងឈរ​កំពូល​តារាង​ប៉ុណ្ណោះ​ទេ ថែមទាំង​ជួយ​ឲ្យ​ក្រុម​នេះ សងសឹក​បឹងកេត ដែល​យកឈ្នះ​ខ្លួន ៣-២ ក្នុង​ជើង​ទី​១​បានសម្រេច​ទៀតផង​។​

​នា​ជំនួប​ដ៏​តានតឹង​ដែល​គ្មាន​ការ​ស៊ុត​បញ្ចូល​ទី​ក្នុង​តង់​ទី​១ ខ្សែប្រយុទ្ធ Okoro Matthew Osa បានសម្រេច​គ្រាប់​បាល់​នាំមុខ ១-០ សម្រាប់​ណាហ្គា​វើ​ល​នៅ​នាទី​ទី​៥៣​។ បន្ទាប់មក​កីឡាករ​កូរ៉េខាងត្បូង Sung Chihoon រកបាន​១​គ្រាប់​បន្ថែម​ឲ្យ​ណាហ្គា​វើ​ល​នៅ​នាទី​ទី​៨១​។ ទោះបី​បឹងកេត​ព្យាយាម​វាយបក​មកលើ​ណាហ្គា​វើ​ល​យ៉ាងណាក៏ដោយ ក៏​គ្មាន​ការ​ស៊ុត​បញ្ជូន​ទី​ដែរ​។ ក្រុម​ទាំងពីរ​បាន​រក្សា​លទ្ធផល ២-០ រហូត​ចប់​ការប្រកួត​។ នេះ​ជា​បរាជ័យ​លើក​ទី​២​ក្នុងចំណោម​១៨​ប្រកួត​របស់​បឹ​កកេ​ត​។​

​នា​ការប្រកួត​នៅ​ស្តា​ត​ចាស់​នោះដែរ ក្រុម​ចំណូល​ថ្មី​វិសាខា​បាន​យកឈ្នះ​សូល​ទី​ឡូ​អង្គរ​យ៉ាង​លំបាកលំបិន​ក្នុង​លទ្ធផល ២-១​។ ជ័យជម្នះ​នេះ ជួយ​ឲ្យ​វិសាខា​បាន​៣​ពិន្ទុ​បន្ថែម ដើម្បី​ពង្រឹង​ទីតាំង​លេខ​៣​ក្នុង​តារាង​ជាមួយ​ពិន្ទុសរុប​ក្នុង​ដៃ​៤១​ពិន្ទុ​។ ចំណែក​ក្រុម​សូល​ទី​ឡូ​អង្គរ​បន្ត​ឈរ​លេខ​១០​ក្នុង​តារាង​ដោយ​រក្សា​១៦​ពិន្ទុ​។

​សម្រាប់​ការប្រកួត​ដែល​ធ្វើឡើង​នៅ​ម៉ោង​៦​ល្ងាច កីឡាករ Debiro Dzarma Bata បានសម្រេច​គ្រាប់​បាល់​នាំមុខ ១-០ ឲ្យ​សូល​ទី​ឡូ​អង្គរ​នៅ​នាទី​ទី​៤០ មុន​ចប់​តង់​ទី​១​។ ការនាំ​មុខរប​ស់សូល​ទី​ឡូ​អង្គរ​ធ្វើ​ឲ្យ​កីឡាករ​វិសាខា​វាយ​សម្រុក​យ៉ាងខ្លាំង​មកលើ​ក្រុម​មាន​មូលដ្ឋាន​នៅ​ខេត្តសៀមរាប​មួយ​នេះ​។ នៅ​នាទី​ទី​៥៨​កីឡាករ​កូរ៉េខាងជើង Kim Kyong Hun បានសម្រេច​គ្រាប់​បាល់​តាម​ស្មើ ១-១ សម្រាប់​វិសាខា មុន កែវ សុខ​ផេង រកបាន​១​គ្រាប់​បន្ថែម​នៅ​នាទី​ទី​៦៨ ហើយក៏​ជា​គ្រាប់​បាល់​ជ័យជម្នះ​ផងដែរ​។​

​ដោយឡែក ក្រុម​ជើងឯក​៥​សម័យកាល​ភ្នំពេញ​ក្រោ​ន បាន​អស់​ឱកាស​ប្រជែង​ជើងឯក​នៅ​ឆ្នាំនេះ ក្រោយ​ចាញ់​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ​យ៉ាង​ជូរចត់​លើ​ទឹកដី​ខ្លួន ៤-០ នា​ការប្រកួត​សប្តាហ៍​ទី​១៨​នៅ​ថ្ងៃទី​១៨ ខែសីហា​។ ទោះបី​ភ្នំពេញ​ក្រោ​ន​នៅសល់​៤​ប្រកួត​ទៀត​ក៏ដោយ ក្រុម​ស្ថិតនៅ​លេខ​៥​ក្នុង​តារាង​មួយ​នេះ​មានតែ​២៧​ពិន្ទុ​ប៉ុណ្ណោះ ខណៈ​ក្រុម​កំពូល​តារាង​ណាហ្គា​វើ​ល​មាន​រហូត​៤៤​ពិន្ទុ​។

​នា​ការប្រកួត​នៅ​កីឡដ្ឋាន RSN កីឡាករ Sugiyama Jorchiro បា​នរក​គ្រាប់​បាល់​នាំមុខ ១-០ សម្រាប់​អង្គ​រថា​យ​ហ្គឺ​រ មុន​កីឡាករ ថន សីហា សម្រេច​គ្រាប់​ទី​២​នៅ​នាទី​ទី​៦៥​។ ២០​នាទី​ក្រោយមក Sugiyama Jorchiro បានសម្រេច​គ្រាប់​ទី​២​របស់ខ្លួន មុន​កីឡាករ តាំង សុភ័ក្ត្រ រក​គ្រាប់​ជ័យជម្នះ ៤-០ នៅ​នាទី​ទី​៩០+៣​។ 

​មិនមែន​តែ​ភ្នំពេញ​ក្រោ​ន​នោះទេ សូម្បី​ព្រះរាជ​ស្វាយរៀង​, អគ្គស្នងការ​នគរបាល​ជាតិ​, អង្គ​រថា​យ​ហ្គឺ​រ និង​៥​ក្រុម​ផ្សេងទៀត​ក៏​អស់​ឱកាស​ប្រជែង​ជើងឯក​ផងដែរ​៕        


Tag:
 បាល់ទាត់​
  Cambodian League 2018
  បឹងកេត​
  ណាហ្គា​វើ​ល
© រក្សាសិទ្ធិដោយ thmeythmey.com