កីឡាជាតិ
ជាតិ
ក្រោយបង្រួបបង្រួមផ្ទៃក្នុង សហព័ន្ធកីឡាវូស៊ូ គ្រោងស្នើសុំគ្រូពីចិន មកបង្វឹក
× ទីបំផុតសហព័ន្ធកីឡាវូស៊ូកម្ពុជា ដែលមានវិបត្តិផ្ទៃក្នុង ទទួលបានការបង្រួបបង្រួមនិងឯកភាពផ្ទៃក្នុងវិញហើយ។ កត្តានេះហើយ ដែលធ្វើឲ្យសហព័ន្ធវូស៊ូ រួចផុតពីការព្យួរបេក្ខភាពពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ សហព័ន្ធវូស៊ូ បានរៀបចំកិច្ចប្រជុំលើកដំបូង ដើម្បីអបអរលទ្ធផលការបង្រួបបង្រួម និងផ្សះផ្សារផ្ទៃក្នុង កាលពីថ្ងៃទី១៣ ខែសីហា នៅវិមានពហុកីឡដ្ឋានជាតិ។ ទន្ទឹមនឹងនេះ សហព័ន្ធ ក៏គ្រោងស្នើសុំគ្រូបង្វឹកពីចិន ដើម្បីមកបង្វឹកកម្ពុជាផងដែរ។
ដើម្បីអភិវឌ្ឍន៍វិស័យកីឡាវូស៊ូឲ្យកាន់តែរីកចម្រើន សហព័ន្ធកីឡាវូស៊ូកម្ពុជា នឹងដាក់សំណើរតាមរយៈស្ថានទូតចិន ស្នើសុំគ្រូបង្វឹកពីចិន មកបង្វឹកកីឡាករកីឡាការិនីនៅកម្ពុជា។ គម្រោងស្នើនេះ ធ្វើឡើងក្រោយសហព័ន្ធកីឡាវូស៊ូទទួលបានការបង្រួបបង្រួម និងផ្សះផ្សារផ្ទៃ ដែលធ្លាប់មានវិបត្តិកន្លងមក។ នេះបើតាមការបញ្ជាក់របស់លោក វ៉ា ឈូដា ប្រធានសហព័ន្ធកីឡាវូស៊ូកម្ពុជា។
លោក វ៉ា ឈូដា ដែលជាស្ថាបនិកសហព័ន្ធកីឡាវូស៊ូផងនោះ បានបង្ហាញអារម្មណ៍រំភើបសប្បាយរីករាយយ៉ាងខ្លាំង ក្រោយសហព័ន្ធ ដែលមានភាពថ្នាំងថ្នាក់ដាក់គ្នា ទទួលបានការឯកភាពផ្ទៃក្នុងរវាងសមាជិកប្រតិបត្តិ និងក្លិប-សមាគមជាសមាជិក។ ការខ្វះការទំនាក់ទំនង និងអធ្យាស្រ័យត្រូវបានស្ថាបនិករូបនេះ ចាត់ទុកជាមូលហេតុ ដែលធ្វើឲ្យមានការបែកបាក់ និងមានវិបត្តិផ្ទៃក្នុង។
ទន្ទឹមនឹងស្តីបន្ទោសសមាជិក និងកីឡាករដែលបង្កបញ្ហា លោក វ៉ា ឈូដា ស្នើឲ្យសមាជិកប្រតិបត្តិ និងក្លិប-សមាគមជាសមាជិកទាំងអស់បន្តរក្សាការបង្រួបបង្រួមនេះឲ្យបានគង់វង្ស។ បន្ថែមលើនេះ លោក ប្រាប់ឲ្យសមាជិក និងកីឡាករចាស់ដែលធ្លាប់មានបញ្ហាបើកចិត្តឲ្យទូលាយ និងកែប្រែទម្លាប់អាក្រក់ ដែលធ្វើឲ្យមានបញ្ហា។
ក្រោយដោះស្រាយវិបត្តិផ្ទៃក្នុងសហព័ន្ធរួចរាល់ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ សហព័ន្ធបានរៀបចំកិច្ចប្រជុំលើកដំបូងរបស់ខ្លួន ដើម្បីអបអរសាទរលទ្ធផលបង្រួបបង្រួម និងផ្សះផ្សារ និងដាក់ទិសដៅអនុវត្តសម្រាប់អាណត្តិថ្មីពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២១។ ក្នុងឱកាសនោះដែរ ប្រធានខាងលើ បានព្រមានបិទក្លិប-សមាគម ដែលបើកដំណើរការ ដោយគ្មានការអនុញ្ញាតផងដែរ។
សហព័ន្ធកីឡាវូស៊ូបានបង្កើតឡើងនៅឆ្នាំ២០០០ ដែលមានលោក វ៉ា ឈូដា ជាស្ថាបនិក គិតមកបច្ចុប្បន្នសហព័ន្ធនេះមានអាយុកាល១៨ឆ្នាំហើយ។ បច្ចុប្បន្នសហព័ន្ធមានក្លិប-សមាគមជាសមាជិកចំនួន១៩ និងមានកីឡាករសរុបចំនួន២៨៦នាក់ ក្នុងនោះកីឡាករអាយុក្រោម១៥ឆ្នាំមាន១១៥នាក់។ សហព័ន្ធកីឡាវូស៊ូត្រូវបានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ព្យួរបេក្ខភាពកាលពីថ្ងៃទ១០ ខែមីនា ឆ្នាំ២០១៨ ក្រោយមានវបត្តិផ្ទៃក្នុង៕
Tag:
វូស៊ូ
វ៉ា ឈូដា
ម៉ៅ ចន្ថាវុធ
© រក្សាសិទ្ធិដោយ thmeythmey.com