សៀមរាប៖ ចាស់ពីដើម បានប្រើប្រាស់ស្លឹករឹតជាសម្ភារសម្រាប់ចារ ឬសរសេរអក្សរទុកជាគម្ពីរសម្រាប់អាន។ សម័យកាលកន្លងហួសទៅ ទម្លាប់ចារដោយស្លឹករឹតបានបាត់បង់បន្តិចម្ដងៗ ដោយជំនួសមកវិញនូវក្រដាសសរសេរ។ ការផ្លាស់ប្តូរនេះ បានធ្វើឲ្យស្លឹករឹតត្រូវបានគេលែងនឹកនា និងហើយបានបាត់ខ្លួនបន្ដិចម្ដងៗ។ អ្នកនាង ភឿន ផាវី ជាស្ដ្រីម្នាក់ដ៏កម្រដែលបានរៀនចេះ និងចារស្លឹករឹត តាំងពីនាងមានវ័យ១៣ឆ្នាំ។ មានឪពុកជាអ្នករៀនសូត្របួសជាព្រះសង្ឃ និងចេះចារស្លឹករឹត ធ្វើឱ្យនាង ស្រឡាញ់ចាប់ចិត្ត និងមានទេពកោសល្យទៅនឹងជំនាញនេះតាំងពីនៅវ័យក្មេង។
សូមស្ដាប់បទយកការណ៍ដែលរៀបរៀងដោយអ្នកស្រី អ៊ីសា រ៉ហានី ដូចតទៅ៖
នៅសម័យដើម វត្តអារាមជាកន្លែងក្រេបចំណេះដឹង និងរៀនសូត្រសិល្ប៍សាស្ដ្រផ្សេងៗ។ អ្នកចង់សិក្សារៀនសូត្រ ត្រូវបួសរៀនជាព្រះសង្ឃ ដើម្បីទទួលបានការបង្ហាត់បង្រៀនពីគ្រូបាអាចារ្យ ដែលជាព្រះសង្ឃនៅទីនោះ។ ស្លឹករឹត ជាសម្ភារសម្រាប់ការសរសេរ និងទុកជាឯកសារ គម្ពីរដ៏មានសារសំខាន់បំផុត។ អ្នកបួសរៀននៅពេលនោះ ក៏សុទ្ធសឹងមានចំណេះដឹងខាងសរសេរស្លឹករឹតផងដែរ។
អាចនិយាយបានថា ពីសម័យដើម អ្នករៀនសូត្រ និងចេះចារ សរសេរស្លឹករឹតមានចំនួនច្រើន ហើយឯកសារទាំងនោះក៏ច្រើនដែរ។ កម្ពុជាបានឆ្លងកាត់សង្គ្រាមស៊ីវិលជាបន្តបន្ទាប់ ហើយបញ្ញាវន្ដអ្នកចេះដឹងមួយចំនួនក៏បានបាត់បង់ជីវិត ឯគម្ពីរ ឬឯកសារសំខាន់ៗដែលចារពីស្លឹករឹតទាំងនោះក៏នៅសល់តិចតួចបំផុត រាប់ទាំងអ្នកចេះសរសេរផង។
នៅទីរួមស្រុកពួក មិនឆ្ងាយប៉ុន្មានពីផ្សារដែលជាទីប្រជុំជនដ៏សំខាន់ ស្ថិតនៅប៉ែកខាងលិចបន្តិច គឺជាគេហដ្ឋានអ្នកនាង ភឿន ផាវី ដែលចេះចារស្លឹករឹត។ ទាំងចំណេះដឹងផ្នែកចារ និងតួអក្សរស្អាត ធ្វើឱ្យនាងមានឱកាសជួបនាយករដ្ឋមន្ដ្រីផងកាលពីពីរឆ្នាំមុន។
ចុះពីផ្លូវជាតិលេខ៦ តាមផ្លូវលំមួយតែប្រមាណជិត២០០ម៉ែត្រ គេនឹងទៅដល់គេហដ្ឋានអ្នកនាង ផាវី ដែលជាផ្ទះថ្មដ៏ល្បីសន្លាង។ ផ្ទះនេះត្រូវបានសម្ដេច ហ៊ុន សែន ផ្តល់ជូនគ្រួសារអ្នកនាង ក្នុងស្មារតីលើកកម្ពស់ និងអភិរក្សអក្សរស្លឹករឹត ត្បិតពេលមុនគ្រួសារនាងមានជីវភាពខ្សត់ខ្សោយ និងរស់នៅផ្ទះខ្ទមដ៏កម្សត់។ នៅក្នុងគេហដ្ឋាននោះ ខ្ញុំបានជួបអ្នកនាង ផាវី ព្រមទាំងម្ដាយ និងបងប្អូនកូនក្មួយរបស់អ្នកនាងជាច្រើននាក់ដែលបានស្វាគមន៍យ៉ាងរាក់ទាក់។
ក្នុងផ្ទះអ្នកនាង ផាវី មានដាក់តាំងនូវសម្ភារ និងឧបករណ៍ចារស្លឹករឹតមួយចំនួនធំ ហើយនៅទីនោះគេបានឃើញរូបថតមួយផ្ទាំងធំដែលជារូបឳពុកនាង។ អ្នកនាង ផាវី ចាប់ផ្តើមទទួលមរតកផ្នែកចារស្លឹករឹតពីឳពុក ក្រោយនាងឈប់រៀនត្រឹមថ្នាក់ទី១០ ដោយងាកមកជួយការងារពេញដៃពេញជើងជាមួយឳពុក។ នាងបានចំណាយពេលនៅក្នុងវត្ត ទីដែលឪពុកនាង និងក្រុមអ្នកចារផ្សេងទៀត ទទួលចារច្បាប់ និងគម្ពីរផ្សេងៗដាក់នៅតាមវត្តអារាមនៅពេលនោះ។
ឆ្នាំនេះ អ្នកនាង ផាវី មានអាយុ៣៣ឆ្នាំហើយ នាងមានបងប្អូនចំនួន៦នាក់ ហើយក្នុងចំណោមនោះមានតែបងប្រុសពីរនាក់ និងខ្លួននាងតែប៉ុណ្ណោះដែលចេះចារស្លឹករឹតតពីឳពុកដែលបានស្លាប់ទៅហើយ។ នាងបានរម្លឹកពីពេលដើមដែលធ្វើឱ្យនាងមានចិត្តស្រឡាញ់ និងចង់ចារស្លឹករឹតពីឪពុកយ៉ាងដូច្នេះថា
មិនយូរប៉ុន្មាន ស្នាដៃរបស់ផាវី ត្រូវបានគេទទួលស្គាល់ ដោយសារនាងមានទេពកោសល្យ រួមនិងតួអក្សរស្អាតយ៉ាងផ្ចិតផ្ចង់របស់នាង។ នាងថា ស្នាដៃរបស់នាងដែលចាប់តាំងពីចេះចារមក មិនមានបន្សល់ទុករហូតមកដល់បច្ចុប្បន្ននេះទេ គឺត្រូវគេជាវអស់រហូត។
មុននឹងឈានចូលទៅដល់បច្ចេកទេសនៃការធ្វើស្លឹករឹត ខ្ញុំចង់ឱ្យអ្នកស្ដាប់ទាំងអស់ ដឹងពីប្រវត្តិនៃការហៅស្លឹករឹតបន្ដិចសិន។ តាមការបកស្រាយរបស់អ្នកនាង ផាវី មែនទែនទៅ ស្លឹករឹត ឬស្លឹកទ្រាំង ជាស្លឹកតែមួយ។ តើហេតុអ្វីគេហៅស្លឹកទ្រាំងជាស្លឹករឹត។ អ្នកនាង ផាវី តំណាលថា ចាស់ពីដើមមុននឹងកាត់ស្លឹកទ្រាំងមកធ្វើស្លឹករឹត គឺពួកគេបានធ្វើការបំបៅ រឹតវាឱ្យតឹង កុំឱ្យខ្ពរវាបែក ឬកុំឱ្យមានសត្វចូលស៊ី លុះដល់អាយុកាលវាទើបគេកាត់មកធ្វើស្លឹករឹត។ ហេតុដូចនេះហើយ ទើបជាប់ឈ្មោះស្លឹករឹតរហូតមក។
មុននឹងអាចយកមកសរសេរបាន គឺឆ្លងកាត់ច្រើនដំណាក់កាលច្រើនទម្រាំក្លាយជាស្លឹករឹតដែលល្អ។ គេត្រូវការពេលយូរខែទើបអាចផលិតស្លឹករឹតដែលមានគុណភាព និងរក្សាទុកបានយូរ។ ដោយសារមិនសូវសម្បូរដូចពេលមុន ការរកស្លឹករឹតគឺជាការងារពិបាក ចំណែកស្លឹកពេលខ្លះក៏មិនល្អ និងតាមទំហំខ្នាតសម្រាប់យកមកចារផងដែរ។ ដំបូងគេត្រូវកាប់ស្លឹកពីដើម យកទៅហាលឱ្យស្ងួត និងពេលយប់ត្រូការវហាលទឹកសន្សើម ដើម្បីឱ្យស្លឹកទន់ ស្វិត មិនផុយស្រួយ និងមិនរមូរជាដើម។ បន្ទាប់ពីនេះ ត្រូវឆ្លងដំណាក់កាលស្រុះទឹកក្ដៅ ហាលម្ដងទៀត និងរៀបទុកដាក់២ ទៅ៣ ដំណាក់កាលទៀត ទើបអាចទទួលបានវត្ថុសម្រេចសម្រាប់ប្រើប្រាស់បាន។ នាង ផាវី ថា យ៉ាងហោចណាស់ក៏ប្រើពេល២ទៅ៣ ខែដែរ ដែលអាចធ្វើស្លឹករឹតបាន។
ស្ថិតក្នុងសំលៀកបំពាក់បែបខ្មែរសម័យដើម បង់ក្រមា និងបួងសក់ផងនោះ អ្នកនាង ផាវី បានចាប់ផ្តើមរៀបរាប់ទាក់ទងនឹងការសរសេរវិញម្ដង។ នាងថា ការសរសេរ ឬចារស្លឹករឹត មិនដូចការសរសេរសៀវភៅនោះឡើយ។ គេត្រូវប្រើដែកចារដែលមុតស្រួច ហើយការចារត្រូវប្រើកម្លាំងដៃសង្កត់ខ្លាំង ប៉ុន្តែឱ្យស្រាល មិនដូច្នោះទេ អាចឱ្យស្លឹករឹតធ្លុះបាន។
ក្រោយចារចេញជាតួអក្សរផុសពីស្លឹករឹតហើយ គេត្រូវប្រើទឹកថ្នាំម្យ៉ាងដើម្បីឱ្យអក្សរឡើងពណ៌ក្រហម ឬខ្មៅ។ អ្នកនាង ផាវី ថា ពីដើមគេប្រើទឹកឃ្មុំលាយកំទេចស្លឹករឹតដែលដុតក្លាយជាផេះ ធ្វើឱ្យចេញពណ៌ក្រហម តែបច្ចុប្បន្នគេប្រើម្រិញភ្លើង លាយជាមួយជ័រទឹក ដែលធ្វើឱ្យពណ៌ស្លឹករឹតចេញពណ៌ខ្មៅដិត។
ការចារស្លឹករឹត មិនមែនជាការងារងាយស្រួលនោះឡើយ។ ទាំងការធ្វើស្លឹក គឺត្រូវប្រើពេលយូរ ងាយនឹងខូច ឯការសរសេរវិញ គេត្រូវមានភាពអត់ធ្មត់ ប្រើអារម្មណ៍ខ្ពស់ ដើម្បីឱ្យការសរសេររត់ត្រង់ជួរ និងមិនរលុប។ អ្នកនាង ផាវី បាននិយាយថា ក្នុងមួយថ្ងៃនាងអាចចារបានពី២សន្លឹកទៅ ៥សន្លឹកប៉ុណ្ណោះ ទោះបីនាងមានបទពិសោធន៍ច្រើនឆ្នាំក៏ដោយ។ ការអង្គុយយូរធ្វើឱ្យនាងមានសុខភាពមិនសូវល្អ និងចុកជើងជាដើម។
កាលពី២ឆ្នាំមុន នៅពេលដំណឹងអ្នកនាង ផាវី លេចចេញនៅតាមសារព័ត៌មានជាច្រើនយកមកចុះផ្សាយ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានហៅអ្នកនាងទៅជួបពេលសម្តេចមានវត្តមានក្នុងក្រុងសៀមរាប ក្នុងកិច្ចប្រជុំមួយ។ ពេលនោះហើយ ដែលកវីស្លឹករឹត និងមានជីវភាពខ្វះខាតផងនោះ ទទួលបានការគាំទ្រផ្នែកស្មារតី និងថវិកា ពីប្រមុខរដ្ឋាភិបាលកម្ពុជា។ សម្តេច ហ៊ុន សែន បានជាវទាំងអស់រាល់ស្លឹករឹតដែលអ្នកនាង ផាវី បានចារ ក្នុងតម្លៃមួយគុណនិងពីរលើតម្លៃទីផ្សារ និងថែមទាំងឱ្យនាងប្រមូលអ្នកចេះដឹងលើវិស័យនេះ ចងក្រងបង្កើតជាក្រុមមួយក្នុងបំណងអភិរក្សវិស័យវប្បធម៌នេះផងដែរ។
ជាអ្នកស្រឡាញ់ និងចង់អភិរក្សមរតកដែលដូនតាបន្សល់ទុកឱ្យ អ្នកនាងបានប្រឹងប្រែងធ្វើការងារជាច្រើន រួមនិងការបណ្ដុះកូនស្រីតែម្នាក់របស់នាងឱ្យចេះចារស្លឹករឹតផងដែរ។ នាង ផាវី ជាស្ដ្រីមេម៉ាយ ដែលប្ដីស្លាប់ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍កាលពី៥ឆ្នាំមុន។ អ្នកនាងថា កូនស្រីខ្លួនដែលទើបមានអាយុ១០ឆ្នាំ ចង់រៀនសរសេរផងដែរ ពេលនាងមកពីសាលារៀន និងពេលឃើញនាងអង្គុយសរសេរម្ដងៗ។
ទៅថ្ងៃក្រោយ អ្នកនាង ផាវី ចង់បណ្ដុះបណ្តាលយុវជនឱ្យបានសិក្សា និងរៀនសូត្រពីមរតកស្លឹករឹតនេះ។ ក្នុងនោះដែរ នាងចង់បង្កើតផ្ទះឈើមួយខ្នងដែលសង់ពីខ្លឹមឈើដើមទ្រាំង លាយជាមួយឈើ ដើម្បីតម្កល់ និងវត្ថុសម្ភារទាក់ទងនឹងការចារ ឱ្យយុវជនជំនាន់ក្រោយបានសិក្សា និងស្វែងយល់ផងដែរ៕