កីឡាជាតិ
ជាតិ
Asian Games៖ លោក ថោង ខុន ក្រើនរំលឹក​កីឡាករ​ឲ្យ​ចៀសវាង​ធ្វើ​អ្វី ដែល​ប៉ះពាល់​ដល់​កិត្តិយស​
19, Aug 2018 , 5:38 pm        
រូបភាព
ដោយ:
​លោក ថោង ខុន បាន​ក្រើនរំលឹក​កីឡាករ​ឲ្យ​ចៀសវាង​ប្រើល្បិច ឬ​ធ្វើ​អ្វី ដែល​នាំ​ឲ្យ​ប៉ះពាល់​កិត្តិយស​ប្រទេសជាតិ​។ ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​រូបនេះ ផ្តាំ​ឲ្យ​កីឡាករ​ត្រូវ​ចេះ​ថែរក្សា​សុខភាព ខិតខំ​ហ្វឹកហាត់ និង​ត្រៀម​ស្មារតី​ឲ្យ​បានល្អ ពិសេស​ត្រូវមាន​ភាពរួស​រាយ​រាក់ទាក់ និង​ទំនាក់ទំនង​ល្អជា​មួយ​កីឡាករ​មកពី​ប្រទេស​ដទៃ​។

 
«​ត្រូវ​ចេះ​រក្សា​កិត្តិយស​ជាតិ កុំ​រំលោភ​វិធានការ​ប្រកួត កុំ​ប្រើល្បិច និង​កុំ​ប្រើប្រាស់​សារធាតុ​លើក​កម្លាំង​»​។ ជាការ​ផ្តាំផ្ញើ​ពី​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ត្រូវបាន​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន NOCC លើក​យកមក​ក្រើនរំលឹក​ដល់​មន្ត្រី គ្រូបង្វឹក និង​កីឡាករ ដែល​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ Asian Games 2018 នៅ​ប្រទេស​ឥណ្ឌូណេស៊ី​។​
 



ការ​ក្រើនរំលឹក​របស់​ប្រធាន​ប្រតិភូ​ដឹកនាំ​រូបនេះ ធ្វើឡើង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រី គ្រូបង្វឹក និង​កីឡាករ​មុន​ការប្រកួត​មកដល់​កាលពី​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៨ នៅ​ទីក្រុង​ហ្សា​ការ​តា​ប្រទេស​ឥណ្ឌូណេស៊ី ដោយមាន​ការចូលរួម​ពី​សំណាក់​លោក ហោ ណាំ​បូរ៉ា ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​ឥណ្ឌូណេស៊ី​។    



ជាមួយគ្នា​នោះដែរ លោក ថោង ខុន ផ្តាំ​ដល់​កីឡាករ​ត្រូវ​ចេះ​ថែរក្សា​សុខភាព ខិតខំ​ហ្វឹកហាត់​ពង្រឹងសមត្ថភាព​បន្ថែម និង​ត្រៀម​ស្មារតី​ប្រកួត​ឲ្យ​បានល្អ ដើម្បី​នាំ​ជ័យជម្នះ​ជូន​ប្រទេសជាតិ​។ លើសពីនេះ ត្រូវ​ចេះ​ស្រលាញ់គ្នា មាន​ភាព​រួសរាយ​រាក់ទាក់ ទន់ភ្លន់ និង​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​មន្ត្រី គ្រូបង្វឹក និង​កីឡាករ​មកពី​តាម​បណ្តា​ប្រទេស​ផ្សេងៗ​ក្នុង​តំបន់​អាស៊ី​។ 
 


​ព្រឹត្តិការណ៍ Asian Games 2018 បាន​បើក​ការប្រកួត​ផ្លូវការ​កាលពី​យប់​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៨ នៅ​ទីក្រុង​ហ្សា​ការ​តា​។ ដោយ​ថ្ងៃ​បើកឆាក​នេះ កម្ពុជា​ត្រូវ​ប្រកួត​លើ​៤​ប្រភេទ​កីឡា​រួមមាន​ចំបាប់ ហែល​ទឹក គុន​ដាវ និង​តេ​ក្វាន់​ដូ​។ អត្ត​ព​លិ​ក​ដែល​ត្រូវ​ប្រកួត​រួមមាន​កីឡាករ​ចំបាប់ ហេង វុទ្ធី និង​កីឡាករ ជន់ ធួន​, កីឡាការិនី​ហែល​ទឹក សុខ វរលក្ខណ៍​, កីឡាការិនី​តេ​ក្វាន់​ដូ ស៊ីម រ​ច​ន និង​កីឡាករ ផល សុ​វណ្ណា​ត់​, កីឡាការិនី​គុន​ដាវ ឆាយ លីន​លី និង​កីឡាករ វ៉ា​ហ្គ​អូរ​មិន​ស្គី ហ្វ្រេ​ន​ធិ​សិ​ដ្ឋ​ប៉ូល​៕  






Tag:
 Asian Games 2018
  លោក ថោង ខុន
© រក្សាសិទ្ធិដោយ thmeythmey.com