កីឡាជាតិ
ជាតិ
ស៊ន សៀវ​ម៉ី ប៉ះ​កីឡាការិនី​ស្រីលង្កា Ranuri រីឯ Cassie ជួប​ជើង​ខ្លាំង​វៀតណាម​ថ្ងៃនេះ​
21, Aug 2018 , 7:59 am        
រូបភាព
ដោយ:
​កីឡាការិនី ស៊ន សៀវ​ម៉ី ត្រូវ​ប្រជែង​ជាមួយ​កីឡាការិនី​ស្រីលង្កា Ranuri Wanthila Wickramas Wickramasinghalage លើ​ទម្ងន់​៦៧​គីឡូក្រាម​ឡើង នា​ព្រឹត្តិការណ៍ Asian Games 2018 ក្នុង​ទីក្រុង​ហ្សា​ការ​តា​ប្រទេស​ឥណ្ឌូណេស៊ី​។ ចំណែក​កីឡាការិនី​ខ្មែរ​-​អាមេរិក Casandre Nicole Tubbs ប៉ះ​កីឡាការិនី​ជើង​ខ្លាំង​មកពី​វៀតណាម Pham Thi Thu Hien​។



​ព្រឹត្តិការណ៍ Asian Games 2018 ដែល​រៀបចំ​នៅ​ទីក្រុង​ហ្សា​ការ​តា និង​ប៉ា​ឡាំ​បាង​ប្រទេស​ឥណ្ឌូណេស៊ី បាន​ប្រព្រឹត្តទៅ​អស់​រយៈពេល​២​ថ្ងៃ​ហើយ​។ ប៉ុន្តែ​អត្ត​ព​លិ​ក​កម្ពុជា​មិនទាន់​អាច​ស្វែងរក​មេដាយ​ដំបូង​ជូន​ជាតិ​មាតុភូមិ​នៅឡើយ ខណៈ​កីឡា​៥​ប្រភេទ​ត្រូវបាន​ប្រកួត​ជា​រួចរាល់​ជា​បណ្តើរៗ​។

​នៅ​ថ្ងៃ​អង្គារ​ទី​២១ ខែសីហា​នេះ ម្ចាស់​មេដាយមាស Asian Game 2014 កីឡាការិនី ស៊ន សៀវ​ម៉ី ដែលជា​ក្តី​រំពឹង​ក្នុង​ការដណ្តើម​មេដាយ​របស់​កម្ពុជា ត្រូវ​ប្រកួត​បើកឆាក​របស់ខ្លួន ដោយ​ប៉ះ​ជាមួយ​កីឡាការិនី​ស្រីលង្កា Ranuri Wanthila Wickramas Wickramasinghalage​។ ការប្រកួត​ដែល​រៀបចំ​នៅ​ទីលាន JCC - Plenary Hall លើ​ទម្ងន់​៦៧​គីឡូក្រាម​ឡើង​មួយ​នេះ ស្ថិតនៅ​ជុំ​ទី​១៦​។

​ការប្រកួត​ថ្ងៃនេះ ស៊ន សៀវ​ម៉ី មាន​ភាគរយ​ខ្ពស់ជាង​ក្នុងការ​ឈានទៅ​វគ្គ​បន្ត​។ ព្រោះ​ម្ចាស់​មេដាយមាស​ស៊ី​ហ្គេម​ឆ្នាំ​២០១៧ រូបនេះ មានប្រៀប​ទាំង​កម្ពស់​និង​បទពិសោធ​លើ​ឆាក​អន្តរជាតិ​។ ស៊ន សៀវ​ម៉ី ដែលមាន​កម្ពស់​១,៨៣​ម៉ែត្រ ស្ថិតនៅ​លេខ​២៦​ក្នុង​តារាង​ចំណាត់ថ្នាក់​ពិភពលោក​។ នៅ​ឆ្នាំ​២០១៦ សៀវ​ម៉ី ជា​ម្ចាស់​ជើងឯក​រង​ក្នុង​ព្រឹត្តិការណ៍ Asian Championship នៅ​ទីក្រុង​ម៉ានីល​ប្រទេស​ហ្វីលីពីន និង​ជា​ម្ចាស់​ជើងឯក​ស៊ី​ហ្គេម​ឆ្នាំ​២០១៣ នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​។

​ចំណែក​គូប្រកួត​របស់គេ​មាន​កម្ពស់​១,៧៤​ម៉ែត្រ ស្ថិតនៅ​លេខ​១២០​ក្នុង​តារាង​ចំណាត់ថ្នាក់​ពិភពលោក​។ កីឡាការិនី​ស្រីលង្កា​រូបនេះ មិនសូវមាន​បទពិសោធ​ប្រកួត​លើ​ឆាក​អន្តរជាតិ​នោះទេ ហើយក៏​មិន​ធ្លាប់​ទទួលបាន​លទ្ធផល​គួរ​ឲ្យ​កត់សម្គាល់​ដែរ​។ ជាក់ស្តែង​នា​ការប្រកួត Asian Championship កាលពីពេល​ថ្មីៗ​នៅ​ទីក្រុង​ហូជីមិញ​ប្រទេស​វៀតណាម នាង​បាន​ធ្លាក់​ត្រឹម​វគ្គ​ជម្រុះ​ជុំ​ទី​១​។

​មុន​ការប្រកួត​ដ៏​ជក់ចិត្ត​ខាងលើ នៅ​ម៉ោង​៩(​ម៉ោង​នៅ​កម្ពុជា​)​ថ្ងៃ​អង្គារ​នេះដែរ កីឡាការិនី​ខ្មែរ​-​អាមេរិក Tubbs Casandre Nicole ប៉ះ​កីឡាការិនី​វៀតណាម Thu Hien Pham Thi ក្នុង​ទម្ងន់​៥៧​គីឡូក្រាម​។ កីឡាការិនី​ដែលមាន​ម្តាយ​ខ្មែរ និង​ឪពុក​អាមេរិក​រូបនេះ មាន​វ័យ​១៩​ឆ្នាំ​ស្ថិតនៅ​លេខ​៩៣​ក្នុង​តារាង​ចំណាត់ថ្នាក់​ពិភពលោក​។ កីឡាការិនី​ដែលមាន​ឈ្មោះ​ក្រៅ Cassie រូបនេះ ធ្លាប់​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣​ម្តង​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០១៧​។​

​ងាក​មក​មើល​ប្រវត្តិ​គូប្រកួត​របស់​នាង​ឯណេះ​វិញ កីឡាការិនី​វៀតណាម​រូបនេះ ជោគជាំ​ដោយ​បទពិសោធ​ក្នុងការ​ប្រកួត​លើ​ឆាក​អន្តរជាតិ និង​ទទួលបាន​លទ្ធផល​ល្អ​គួ​ឲ្យ​កត់សម្គាល់​។ សម្រាប់​ការប្រកួត Asian Games នៅ​កូរ៉េខាងត្បូង​ឆ្នាំ​២០១៤ នាង​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣ ហើយ​កាលពីពេល​ថ្មីៗ​ក្នុង​ព្រឹត្តិការណ៍ Asian Championship នៅ​ទីក្រុង​ហូជីមិញ​ប្រទេស​វៀតណាម កីឡាករ​រូបនេះ​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ​៣​។​

​សម្រាប់​ការប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​ម៉ាឡេស៊ី​ឆ្នាំ​២០១៧ កីឡាការិនី​វ័យ​២៣​ឆ្នាំ​រូបនេះ បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ​២​។ ស៊ី​ហ្គេម​ឆ្នាំ​២០១៣ នៅ​មី​យ៉ាន់​ម៉ា Thu Hien Pham Thi ជា​ម្ចាស់​ជើងឯក និង​ស៊ី​ហ្គេម​ឆ្នាំ​២០១៥​នៅ​សិង្ហ​បុរី​កីឡាការិនី​រូបនេះ​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ​២​។ ប៉ុន្តែ​អ្វីដែល​កីឡាការិនី​ខ្មែរ​-​អាមេរិក​មានប្រៀប​ជាង​នោះ​គឺ​កម្ពស់ ដោយ​នាង​មាន​កម្ពស់​១,៨០​ម៉ែត្រ ខណៈ​កីឡាការិនី​វៀតណាម​មាន​កម្ពស់​១,៦៥​ម៉ែត្រ​៕


Tag:
 ស៊ន សៀវ​ម៉ី​
  Asian Games 2018
  Cassie
© រក្សាសិទ្ធិដោយ thmeythmey.com