កីឡាអន្តរជាតិ
អន្តរជាតិ
Modric, Ronaldo និង Salah ជាប់​បេក្ខភាព​ចុងក្រោយ​ពាន​កីឡាករ​ល្អ​ប្រចាំ​អឺរ៉ុប​
21, Aug 2018 , 11:42 am        
រូបភាព
Luka Modric, Cristiano Ronaldo និង Mohamed Salah ស្ថិតក្នុង​បញ្ជី​បេក្ខភាព​៣​នាក់​ចុងក្រោយ​ដែល​ត្រូវបាន​គេ​ជ្រើសរើស​ដើម្បី​ប្រជែង​ពានរង្វាន់​កីឡាករ​ល្អ​បំផុត​ប្រចាំ​តំបន់​អឺរ៉ុប (Uefa men's Player of the Year) រដូវ​កាល ២០១៧-២០១៨​។​



Modric ខ្សែបម្រើ​ឆ្មើ​ម Real Madrid រួមទាំង​ខ្សែប្រយុទ្ធ​ចំណូល​ថ្មី​របស់​ក្លិប Juventus កឡាករ Ronaldo និង Salah ខ្សែប្រយុទ្ធ​ក្រុម​ហង្ស​ក្រហម Liverpool ត្រូវបាន​ជ្រើសរើស​ដោយ​ក្រុម​គ្រូបង្វឹក​ចំនួន ៨០ នាក់​និង​អ្នកកាសែត​កីឡា​អាជីព ៥៥ នាក់​។​

Modric បាន​ជួយ​ក្រុម​ជម្រើសជាតិ​ក្រូ​អាស៊ី​ឈានដល់​វគ្គ​ផ្តាច់ព្រ័ត្រ World Cup លើកដំបូង និង​ជា​ផ្នែក​មួយ​ដែល​ជួយ​ក្រុម​ស្តេច​ស​ឈ្នះ​ពាន Champions League សម្រាប់​រដូវ​កាល ២០១៧-២០១៨​។​

Ronaldo ដែល​បច្ចុប្បន្ន​មាន​វ័យ​៣៣​ឆ្នាំ បាន​ជួយ Real Madrid ឈ្នះ​ពាន Champions League ៣​រដូវ​កាល​ជាប់​គ្នា​មុន​ផ្លាស់​ទៅ​ចូលរួម​ក្រុម​ជើងឯក​អ៊ីតាលី Juventus កាលពី​ខែកក្កដា​កន្លងទៅ​។ ខ្សែប្រយុទ្ធ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​ធ្លាប់​ឈ្នះ​ពាន កីឡាករ​ល្អ​បំផុត​ប្រចាំ​តំបន់​អឺរ៉ុប​នេះ​៣​ដង​រួចមកហើយ ហើយក៏​ជា​អ្នកការពារ​តំណែង​នេះ​ផងដែរ​។​
​ដោយឡែក Salah បានបង្ហាញ​ខ្លួន​យ៉ាង​អស្ចារ្យ​សម្រាប់​រដូវ​កាល​ដំបូង​ក្នុង​ក្របខណ្ឌ Premier League និង​ជួយ Liverpool ឡើងទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ Champions League ថែម​ទៀតផង​។​

​សម្រាប់​បេក្ខភាព​កីឡាការិនី​៣​រូប​ចុងក្រោយ (Uefa women's Player of the Year) មាន Pernille Harder ខ្សែប្រយុទ្ធ​សញ្ជាតិ​ដា​ណឺ​ម៉ាក​លេង​ឲ្យ​ក្រុម Wolfsburg, ខ្សែប្រយុទ្ធ​ន័​រវេ​ស Ada Hegerberg រួមទាំង Amandine Henry របស់​បារាំង​ដែល​លេង​ឲ្យ Lyon ជាមួយគ្នា​។​

​ការប្រកាស​ជ័យលាភី​នឹងត្រូវ​ធ្វើឡើង​ក្នុងអំឡុងពេល​ចាប់ឆ្នោត​រើស​ពូ​ល​ក្របខណ្ឌ Champions League នៅក្នុង​ទីក្រុង Monaco ប្រទេស Monaco នៅ​ថ្ងៃទី​30 ខែសីហា ឆ្នាំ​២០១៨៕


Tag:
 បាល់ទាត់​
  ពាន​ឡាករ​ល្អ​បំផុត​ប្រចាំ​តំបន់​អឺរ៉ុប​
  Uefa men\'s Player of the Year
© រក្សាសិទ្ធិដោយ thmeythmey.com