កីឡាជាតិ
ជាតិ
ក្រោយ​ហ្វឹកហាត់​ពង្រឹងសមត្ថភាព​នៅ​ចិន ឈឿន សុខ​ដែន រំពឹង​ធ្វើ​បានល្អ​នៅ Asian Games
21, Aug 2018 , 3:51 pm        
រូបភាព
កីឡាករ ឈឿន សុខដែន (ស្តាំ)និងលោក ណយ ផាណា ថតនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
កីឡាករ ឈឿន សុខដែន (ស្តាំ)និងលោក ណយ ផាណា ថតនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
ដោយ:
ឈឿន សុខ​ដែន ជា​កីឡាករ​តែ​ម្នាក់​គត់ ដែល​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា បញ្ជូន​ឲ្យ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ Asian Games លើក​ទី​១៨​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​។ ក្រោយ​ហ្វឹកហាត់​ពង្រឹងសមត្ថភាព​រយៈពេល​ខ្លី​នៅ​ចិន សុខ​ដែន រំពឹង​ធ្វើ​បានល្អ​សម្រាប់​ការចូលរួម​លើកដំបូង​របស់ខ្លួន​។ ប៉ុន្តែ​កីឡាករ​វ័យ​១៨​ឆ្នាំ​រូបនេះ មិនបាន​ដាក់​ក្តី​រំពឹង​ខ្ពស់​ក្នុងការ​ដណ្តើម​មេដាយ​ឡើយ​។​



​ក្រោយ​ទទួលបាន​ការហ្វឹកហាត់​ពង្រឹងសមត្ថភាព​រយៈ​ពេល​ខ្លី​នៅ​ប្រទេស​ចិន​កីឡាករ ឈឿន សុខ​ដែន បាន​វាយតម្លៃថា សមត្ថភាព និង​បច្ចេកទេស​របស់គេ​មានការ​រីកចម្រើន​មួយកម្រិត បើ​ធៀប​នឹង​ការហ្វឹកហាត់​នៅក្នុង​ស្រុក​កន្លងមក​។ កត្តា​នេះ បានធ្វើ​ឲ្យ សុខ​ដែន ហាក់​រំពឹង​ធ្វើ​បានល្អ សម្រាប់​ការប្រកួត Asian Games លើក​ទី​១៨ ដែល​រៀបចំ​នៅ​ទីក្រុង​ប៉ា​ឡាំ​បាង និង​ហ្សា​ការ​តា ប្រទេស​ឥណ្ឌូណេស៊ី​។​

«​ក្រោយ​ហ្វឹកហាត់​រយៈពេល​ខ្លី​នៅ​ចិន សមត្ថភាព​ខ្ញុំ​ខុសប្លែក​ច្រើន​ពី​ការហ្វឹកហាត់​នៅក្នុង​ស្រុក​។ ព្រោះ​នៅ​ទីនោះ​គេ​មាន​សម្ភារ​គ្រប់គ្រាន់​។ ខ្ញុំ​មើលឃើញថា ខ្ញុំ​មានការ​រីកចម្រើន​ច្រើន​ផ្នែក​កាយសម្បទា និង​បច្ចេកទេស​នៃ​ការប្រកួត​។ តែ​សម្រាប់​ការចូលរួម​លើក​នេះ ខ្ញុំ​មិន​ហ៊ាន​រំពឹង​ខ្ពស់​នោះទេ ព្រោះ​វា​ជា​លើកដំបូង​សម្រាប់​ខ្ញុំ​»​។ នេះ​ជាការ​បញ្ជាក់​របស់​កីឡាករ ឈឿន សុខ​ដែន​។  

​ភាព​ក្មេងខ្ចី​ផែ្ន​ក​បទពិសោធ​ចូលរួម​ប្រកួត​លើ​ឆាក​អន្តរជាតិ បានធ្វើ​ឲ្យ​កីឡាករ​វ័យ​១៨​រូបនេះ មាន​អារម្មណ៍​ភ័យខ្លាច​សម្រាប់​ការចូលរួម​លើកដំបូង​ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​ប្រចាំ​ទ្វីបអាស៊ី​មួយ​នេះ​។ តែ​យ៉ាងណា សុខ​ដែន ប្តេជ្ញា​ថា រូបគេ​នឹង​ប្រមូល​អារម្មណ៍​ឲ្យ​បានល្អ ហើយ​តាំងចិត្ត​ប្រកួតប្រជែង​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​ស្វែងរក​លទ្ធផល​មួយ​ដ៏​សមរម្យ​។​

«​ខ្ញុំ​មាន​អារម្មណ៍​ថា រាង​ភ័យ​បន្តិច ប៉ុន្តែ​ខ្ញុំ​នឹង​តាំងចិត្ត​ធ្វើ​ធម្មតា ទោះបី​នេះ​ជា​លើក​ទី​១​សម្រាប់​ខ្ញុំ​ក៏ដោយ​។ ហើយ​ខ្ញុំ​ប្តេជ្ញា​ថា នឹង​ខិតខំ​ឲ្យ​អស់ពី​កម្លាំងកាយ​ចិត្ត និង​សមត្ថភាព​ដែលមាន​»​។ នេះ​ជាការ​បង្ហាញ​អារម្មណ៍ និង​ការប្តេជ្ញាចិត្ត​របស់​កីឡាករ ឈឿន សុខ​ដែន​។

​កីឡាករ ឈឿន សុខ​ដែន បាន​ចូល​ហ្វឹកហាត់​កីឡា​កាយសម្ព័ន្ធ​តាំងពី​អាយុ​៧​ឆ្នាំ បច្ចុប្បន្ន​រូបគេ​មាន​វ័យ​១៨​ឆ្នាំ​។ រូបគេ​ត្រូវបាន​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ បញ្ជូនទៅ​ហ្វឹកហាត់​ពង្រឹងសមត្ថភាព​រយៈពេល​ជាង​១​ខែ​នៅ​ទីក្រុង​ណាន​នី​ង​ប្រទេស​ចិន ដើម្បី​ត្រៀម​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ Asian Games 2018 នៅ​ប្រទេស​ឥណ្ឌូណេស៊ី​។​

​កីឡាករ ឈឿន សុខ​ដែន ដែល​លេង​លើ​វិញ្ញាសា Artistic Gymnastics ត្រូវ​ប្រកួត​នៅ​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៨ នា​វេលា​ម៉ោង​៦​ល្ងាច​នៅ​ទីលាន Axpo Centre៕   


Tag:
 កាយសម្ព័ន្ធ​
  ឈឿន សុខ​ដែន​
  Asian Games 2018
© រក្សាសិទ្ធិដោយ thmeythmey.com