ជាតិ
​​​ន​យោ​បាយ​ជាតិ​
ក្រោយ​រួច​ពី​ពន្ធនាគារ លោក អ៊ួ​ន ឈិន និង​លោក យាង សុជា​មេត្តា មិនទាន់​ដឹងថា​ត្រូវ​ធ្វើការ​អ្វី​ឡើយ​
21, Aug 2018 , 8:23 pm        
រូបភាព
ដោយ:
​ក្រោយ​ចេញពី​ពន្ធនាគារ​ព្រៃ​ស​នៅ​យប់​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៨​នេះ លោក អ៊ួ​ន ឈិន និង​លោក យាង សុជា​មេត្តា អតីត​អ្នកកាសែត​វិទ្យុ​អាស៊ីសេរី បាននាំគ្នា​ទៅកាន់​វត្ត​អង្គ​តា​ម៉ិ​ញ ដើម្បី​ឲ្យ​ព្រះសង្ឃ​ស្រោចទឹក​លាងជម្រះ​ឧបទ្រព និង​អពមង្គល​ទាំងពួង ចេញពី​ជីវិត​របស់​ពួកលោក​។

  

​មុខ​នឹង​ចូលទៅក្នុង​វត្ត អ្នក​ទាំងពីរ បានផ្តល់​បទ​សម្ភាស​ដ​ល់​អ្នកកាសែត​។ លោក អ៊ួ​ន ឈិន មានបំណង​ចង់​ធ្វើជា​អ្នកកាសែត​ដដែល ពីព្រោះ​លោក នៅតែ​ស្រឡាញ់​អាជីព​នេះ​។ 


ក៏ប៉ុន្តែ លោក បញ្ជាក់ថា ក្នុងអំឡុង​ពេលនេះ ប្រហែលជា​លោក មិនអាច​ឈាន​ជើង​ចូលក្នុង​វិស័យ​សារព័ត៌មាន​ទេ ដោយសារតែ​មានការ​លំបាក​ខ្លះៗ​។ លោក រៀបរាប់ថា ក្រោយពេល​ចេញពី​ពន្ធនាគារ លោក ត្រូវការ​ពេលវេលា​នៅ​ជាមួយ​គ្រួសារ ជាពិសេស​ជូន​កូន​ទៅ​សាលា​។ 

​ម្យ៉ាងទៀត ពួកលោក​ទាំងពីរ មិនទាន់រួច​ផុតពី​ការចោទប្រកាន់​របស់​តុលាការ​នៅឡើយទេ ពោលគឺ​តុលាការ​ឲ្យ​ពួកលោក​នៅក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន តែ​នៅតែ​ស្ថិតនៅក្រោម​ការស៊ើបអង្កេត​។ ដូច្នេះ​តុលាការ អាច​ហៅ​ពួកលោក​ទាំងពី ទៅ​សួរ​បាន​គ្រប់ពេល​។ ទាំងនេះ​ជាការ​លើកឡើង​របស់លោក អ៊ួ​ន ឈិន​។ 

​ចំណែក​លោក យាង សុជា​មេត្តា ក៏បាន​បង្ហាញ​ផល​លំបាក​ដែរ ដោយ​លោក​និយាយថា ពួកលោក បាន​លាឈប់​ពី​វិទ្យុ​អាស៊ីសេរី តាំងពី​មិនទាន់​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ម្ល៉េះ ហើយ​ពេល​ចេញពី​ពន្ធនាគារ ក៏​លោក​មិនទាន់​ដឹងថា ត្រូវ​ទៅ​ការងារ​អ្វី និង​នៅ​ស្ថាប័ន​ណា​ដែរ​។ ជាពិសេស​ខ្លួន មិនទាន់មាន​សេរីភាព​ពេញលេញ​ទេ ដ្បិត​ស្ថិតនៅក្រោម​ការឃ្លាំមើលរ​បស់​តុលាការ​។ 

សូម​រម្លឹកថា លោក អ៊ួ​ន ឈិន និង​លោក យាង សុជា​មេត្តា ត្រូវបាន​ចោទ​ចំនួន​ពីរ​បទល្មើស គឺ បទ​ផលិត​ព័ត៌មាន​ដោយ​ខុសច្បាប់ ដែល​ធ្វើ​ឲ្យ​អន្តរាយ​ដល់​សន្តិសុខ​ជាតិ និង​បទ​ផលិត​វីដេអូ​អាសអាភាស​។ អ្នក​ទាំងពីរ​ត្រូវបាន​ចាប់ខ្លួន កាលពី​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧៕​

© រក្សាសិទ្ធិដោយ thmeythmey.com