កីឡាជាតិ
ជាតិ
ជើងឯកពិភពលោកនៅបេឡារុស៖ កម្ពុជារំពឹងវិញ្ញាសាសម្តែងមេគុនដណ្តើមមេដាយជូនជាតិ
× សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា បានបញ្ជូនអត្តពលិកចំនួន៧រូបឲ្យចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ជើងឯកយុវជនពិភពលោក ដែលរៀបចំនៅទីក្រុងមីនស្កិ៍ប្រទេសបេឡារុស។ កម្ពុជាហាក់ដាក់ក្តីរំពឹងខ្ពស់លើវិញ្ញាសាសម្តែងក្នុងការដណ្តើមមេដាយពីព្រឹត្តិការណ៍នេះជូនជាតិមាតុភូមិ។ ថ្នាក់ដឹកនាំសហព័ន្ធ ផ្តាំកីឡាករឲ្យចេះថែរក្សាភាពថ្លៃថ្នូរ សុខភាព និងចៀសវាងធ្វើអ្វីដែលប៉ះពាល់ដល់កិត្តិយស។
លោក កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា ប្រាប់មន្ត្រី គ្រូបង្វឹក និងកីឡាករឲ្យរក្សាភាពថ្លៃថ្នូរ គោរពវិន័យនិងច្បាប់ការប្រកួតឲ្យបានខ្ជាប់ខ្ជួន ហើយចៀសវាងប្រើសារធាតុលើកកម្លាំង ដែលនាំឲ្យប៉ះពាល់ដល់កិត្តយសប្រទេសជាតិ។ លើសពីនេះ ត្រូវគិតពីផលប្រយោជន៍ជាតិជាធំ ជាជាងលទ្ធផលនៃការប្រកួត ពោលគឺកីឡាករត្រូវប្រកួតដោយឈរលើគោលការណ៍យុត្តិធម៌ និងចៀសវាងប្រើល្បិចកលក្នុងការយកឈ្នះគូប្រកួត។
ការផ្តាំផ្ញើខាងលើធ្វើឡើងក្នុងថ្ងៃលោក កែវ រ៉េមី ជូនដំណើរកីឡាករទៅចូលរួមប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកយុវជនពិភពលោកលើកទី១៣ នៅទីក្រុងមីនស្កិ៍ប្រទេសបេឡារុស កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ នៅអាកាសយានដ្ឋានអន្តរជាតិ។ បន្ថែមលើនេះ លោក ផ្តាំឲ្យថែរក្សាសុខភាព អនាម័យក្នុងការហូបចុក និងមានភាពទន់ភ្លន់ និងទំនាក់ទំនងជាមួយកីឡាករមកពីបណ្តាប្រទេសផ្សេងៗទៀត។
ទន្ទឹមនឹងនេះប្រធានសហព័ន្ធខាងលើ ជំរុញឲ្យកីឡាករទាំងអស់ប្រឹងប្រែងប្រកួតឲ្យអស់ពីសមត្ថភាពប្រកបដោយភាពវៃឆ្លាតក្នុងការស្វែងរកជ័យជម្នះជូនជាតិមាតុភូមិ។ ជាមួយគ្នានេះ លោករំពឹងថា អត្តពលិកខ្លួននឹងត្រឡប់មកកម្ពុជាវិញជាមួយជ័យជម្នះ ពិសេសរំពឹងលើវិញ្ញាសាសម្តែងមេគុន។ ការមិនដាក់ក្តីរំពឹងលើវិញ្ញាសាប្រយុទ្ធ ក៏ព្រោះតែកីឡាករក្មេងខ្ចីផ្នែកបទពិសោធចូលរួមប្រកួតលើឆាកអន្តរជាតិលើវិញ្ញាសានេះ។
នេះជាលើកទី២ សម្រាប់កម្ពុជាក្នុងការចូលរួម ពោលគឺកម្ពុជាធ្លាប់ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះម្តងកាលពីឆ្នាំ២០០២ ដោយកាលនោះទទួលបានត្រឹមមេដាយសំរឹទ្ធ១តែប៉ុណ្ណោះ។ សម្រាប់ការចូលរួមនេះ អត្តពលិកកម្ពុជាប្រកួតលើវិញ្ញាសាប្រយុទ្ធទម្ងន់៤៥គីឡូក្រាម, ៥១គីឡូក្រាម, ៥៧គីឡូក្រាម, ៦៤គីឡូក្រាម និងវ័យចាស់មួយរូប។ វិញ្ញាសាមេគុនឯកត្តជនខ្សែក្រវាត់ខ្មៅ១ដាន់, មេគុនខ្សែក្រវាត់ខ្មៅ៤ដាន់, មេគុនក្រុម, បច្ចេកទេសពិសេសឯកត្តជន, បច្ចេកទេសពិសេសក្រុម, សម្តែងការពារខ្លួន និងវាយបំបែកក្ដារឯកត្តជន៕
Tag:
តេក្វាន់ដូ ITF
លោក កែវ រ៉េមី
© រក្សាសិទ្ធិដោយ thmeythmey.com