អន្តរជាតិ
លោក មហា​ធៀ ថា ម៉ាឡេស៊ី​មានរឿង​ច្រើន​ត្រូវ​រៀន​ពី​ចិន​
22, Aug 2018 , 3:11 pm        
រូបភាព
នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លី ខឹឈាំង ស្វាគមន៍នាយករដ្ឋមន្រ្តីម៉ាឡេស៊ី មហាធៀ មហាម៉ាត់ (រូបភាព Xinhua)
នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លី ខឹឈាំង ស្វាគមន៍នាយករដ្ឋមន្រ្តីម៉ាឡេស៊ី មហាធៀ មហាម៉ាត់ (រូបភាព Xinhua)
​កាលពី​ទស្សនកិច្ច​ការងារ​នៅ​ជប៉ុន នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី មហា​ធៀ មហាម៉ាត់ ធ្លាប់​និយាយថា ម៉ាឡេស៊ី​គួរ​រៀនសូត្រ​ពី​ជប៉ុន បើ​ចង់​មានបាន​ដូច​មហាអំណាច​សេដ្ឋកិច្ច​លំដាប់​ទី​បី​នេះ​។ ដោយឡែក​នៅក្រោយ​ទស្សនកិច្ច​ផ្លូវការ​នៅ​ចិន លោក មហា​ធៀ ក៏​និយាយទៀតថា ម៉ាឡេស៊ី​អាច​យក​គំរូ​តាម​លំនាំ​ចិន​បានដែរ​។ ចំណុច​ដែល​លោក មហា​ធៀ ចង់​រៀន​តាម គឺ​វិធីសាស្ត្រ​ដែល​ចិន​អាច​ផ្ដល់​តម្រូវការ​ឲ្យ​ប្រជាជន​ដ៏​ច្រើន​សន្ធឹកសន្ធាប់​បាន​គ្រប់គ្រាន់​។​



​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី មហា​ធៀ មហាម៉ាត់ ទើប​បញ្ចប់​ទស្សនកិច្ច​ផ្លូវការ​នៅ​ចិន​នៅ​ថ្ងៃទី​២១ ខែសីហា​។ លោក មហា​ធៀ បាន​ជួប​ជាមួយ​ថ្នាក់ដឹកនាំ​សំខាន់ៗ​របស់​ចិន​មាន​ប្រធានាធិបតី ស៊ី ជិន​ភីង និង​សម​ភាគី លី ខឹ​ឈាំ​ង ព្រមទាំង​ធុរជន​ល្បីៗ​របស់​ចិន​ជាច្រើន​ទៀត​ដូចជា Jack Ma នាយក​ក្រុមហ៊ុន Alibaba ជាដើម​។ មុន​ត្រឡប់​ទៅ​ប្រទេស​វិញ នាយករដ្ឋមន្ត្រី​រូបនេះ ក៏បាន​ទៅ​ទស្សនកិច្ច​នៅ​មជ្ឈមណ្ឌល​កសិកម្ម និង​បច្ចេកវិទ្យា​ផង​។

​ក្នុង​សន្និសីទ​សារព័ត៌មាន​បញ្ចប់​ដំណើរ​ទស្សនកិច្ច លោក មហា​ធៀ និយាយថា ម៉ាឡេស៊ី​ចាំបាច់​ត្រូវ​រៀនសូត្រ​ពី​ចិន​ជាពិសេស​ការបំពេញ​តម្រូវកា​រ​របស់​ប្រជាជន​។ ត្រង់ចំណុច​នេះ អ្វីដែល​លោក មហា​ធៀ ចង់ដឹង គឺ​របៀប​ដែល​ប្រទេស​ដ៏​ធំ​មួយ​ដូច​ចិន​អាច​ចិញ្ចឹម​ប្រជាជន​ជាង​១.៤​ពាន់​លាន​នាក់​បាន​តាមរយៈ​ការផ្គត់ផ្គង់​អាហារ បង្កើត​បច្ចេកវិទ្យា​ថ្មី​ដើម្បី​សម្រួល​ការរស់នៅ និង​ការបង្កើត​ការងារ​សម្រាប់​ប្រជាជន​ផង​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Bernama នាយករដ្ឋមន្ត្រី​វ័យ​៩៣​ឆ្នាំ​រូបនេះ ក៏​វាយតម្លៃ​ខ្ពស់​ចំពោះ​ការផលិត​ស្រូវ​របស់​ចិន​ដែល​មិន​ត្រឹម​បំពេញ​សេចក្ដីត្រូវការ​ក្នុងស្រុក​ឡើយ ថែមទាំង​អាច​នាំចេញ​បាន​ទៀត​។ លោក​ក៏​ឆ្លៀត​និយាយ​បែប​រិះគន់​ប្រទេស​របស់លោក​ដែលមាន​ប្រជាជន​ត្រឹមត្រូវ​៣០​លាន​នាក់ តែ​អាច​ផលិត​ស្រូវ​បាន​ចំនួន​៧០​ភាគរយ​នៃ​តម្រូវ​ការសរុប ទោះជា​រដ្ឋាភិបាល​ប្រឹង​ជួយផ្ដល់​ប្រាក់ឧបត្ថម្ភ និង​ផ្ដល់​ជីក្ដី​។​

​លើសពីនេះ នាយករដ្ឋមន្ត្រី​ទី​៧ របស់​ម៉ាឡេស៊ី​រូបនេះ​ក៏​ចង់​រៀនសូត្រ​ពី​ការធ្វើ​ទីផ្សារ​តាម​អន​ឡាញ​ក្នុង​ការលក់​ផលិតផល​ទៅ​ទីផ្សារ​ក្នុងស្រុក និង​ក្រៅ​ស្រុក​។ គំនិត​នេះ​លេចឡើង​ក្រោយ​លោក​បាន​ជួប​ជាមួយ​លោក Jack Ma នៅ​ទីក្រុង​ហាង​ចូ​វ​កាលពីពេល​ចាប់ផ្ដើម​ដំណើរ​ទស្សនកិច្ច​នៅ​ចិន​។ តាមរយៈ​វិធីសាស្ត្រ​នេះ ផលិតផល​មិន​ត្រឹម​អាច​ផ្គត់ផ្គង់​ប្រទេស​ទាំងមូល​ឡើយ តែ​អាច​លក់​តាម​អន​ឡាញ​ទៅ​បរទេស​ផង​។ ក្នុងន័យនេះ លោក មហា​ធៀ ជឿថា ម៉ាឡេស៊ី​មិនចាំបាច់​រស់ក្នុង​ភាពក្រីក្រ​ទៀតឡើយ​។ 

​សូម​រំឭកថា ក្នុង​ដំណើរ​ទៅកាន់​ក្រុង​តូ​ក្យូ​ក្នុង​ខែមិថុនា នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​រូបនេះ​បាន​លើកសរសើរ​សីលធម៌​ក្នុង​ការងារ និង​ការព្យាយាម​របស់​ជនជាតិ​ជប៉ុន ដោយ​លោក​ចាត់ទុកជា​មូលហេតុ​នាំ​ឲ្យ​ជប៉ុន​រីកចម្រើន​។ លោក​អះអាងថា ម៉ាឡេស៊ី​គ្មាន​ចំណុច​ទាំងនេះ​ដូច​ជប៉ុន​ឡើយ​។ សម្រាប់​នាយករដ្ឋមន្ត្រី​វ័យ​ចំណាស់​នេះ ម៉ាឡេស៊ី​ក៏​អាច​ជោគជ័យ​ដូច​ជប៉ុន​ដែរ បើ​រៀនសូត្រ​តាម​ចំណុច​ល្អៗ​របស់​ជប៉ុន​នោះ​៕


Tag:
 ចិន​
  ម៉ាឡេស៊ី​
  មហា​ធៀ មហាម៉ាត់
© រក្សាសិទ្ធិដោយ thmeythmey.com