កីឡាអន្តរជាតិ
អន្តរជាតិ
ប្រធានាធិបតីលីបេរីយ៉ានឹងប្រគល់មេដាយកិត្តិយសដល់ Wenger អតីតគ្រូខ្លួន ដើម្បីជាការដឹងគុណ លោក George Weah និង Arsene Wenger កាលជាគ្រូនិងសិស្សនៅ Monaco
× លោក George Weah ប្រធានាធិបតីលីបេរីយ៉ា និងជាអតីតកីឡាករបាល់ទាត់ល្បីឈ្មោះម្នាក់ នឹងប្រគល់មេដាយកិត្តិយសលំដាប់ខ្ពស់បំផុតរបស់ប្រទេសជូនដល់លោក Arsene Wenger ដែលជាអតីតគ្រូខ្លួនកាលនៅ Monaco ដើម្បីជាការដឹងគុណ។
លោក Weah ដែលទើបជាប់ឆ្នោតឡើងកាន់តំណែងជាប្រធានាធិបតីលីបេរីយ៉ាកាលពីខែមករាកន្លងទៅ ជាកីឡាករបាល់ទាត់ពីទ្វីបអាហ្វ្រិកតែម្នាក់គត់ដែលជាប់ឈ្មោះជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់ពិភពលោក Ballon d'Or ក្នុងឆ្នាំ១៩៩៥។ លោក Arsene Wenger ដែលកាលនោះជាអ្នកចាត់ការ Monaco បានទិញខ្សែប្រយុទ្ធរូបនេះពីក្លិប Tonnerre Yaoundé មករួមក្រុមក្នុងឆ្នាំ១៩៨៨។
Wenger អ្នកចាត់ការសញ្ជាតិបារាំងដែលបានលាលែងពីតំណែងគ្រូ Arsenal ក្រោយដឹកនាំរយៈពេល ២២ ឆ្នាំនោះធ្លាប់បានបណ្តុះបណ្តាលតារាបាល់ទាត់ពីអាហ្វ្រិកជាច្រើននាក់ដែលក្នុងនោះរួមមាន Weah ផងដែរ។
Weah វ័យ៥១ឆ្នាំដែលជាអតីតខ្សែប្រយុទ្ធ Paris Saint-Germain, AC Mila, Chelsea, Manchester City, Marseille និង Al Jazira បានចូលនិវត្តន៍ពីអាជីពកីឡាបាល់ទាត់ក្នុងឆ្នាំ២០០៣ ដើម្បីចូលប្រឡូកក្នុងវិស័យនយោបាយ ដោយចូលបម្រើជាសមាជិកព្រឹទ្ធសភាក្នុងប្រទេសលីបេរីយ៉ាតែម្តង។ លោកបានឈ្នះការបោះឆ្នោតភ្លូកទឹកភ្លូកដីកាលពីចុងឆ្នាំ២០១៧។
បើតាមរដ្ឋមន្ត្រីក្រសួងព័ត៌មានលីបេរីយ៉ាលោក Eugene Nagbe បានប្រាប់ BBC ថា ដើម្បីជាការដឹងគុណសម្រាប់ការជួយត្រួសត្រាយផ្លូវខ្លួននោះ លោកប្រធានាធិបតី George Weah បានប្រកាសផ្តល់ពានមេដាយកិត្តិយសលំដាប់កំពូលរបស់ប្រទេសអាហ្វ្រិកមួយនេះដល់លោក Wenger។
ពិធីប្រគល់មេដាយកិត្តិយស ត្រូវបានគេរំពឹងថានឹងធ្វើឡើងក្នុងរដ្ឋធានី Monrovia នៃប្រទេសលីបេរីយ៉ានៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ ខាងមុខនេះ៕
Tag:
បាល់ទាត់
George Weah
Arsene Wenger
© រក្សាសិទ្ធិដោយ thmeythmey.com