កីឡាអន្តរជាតិ
អន្តរជាតិ
ចិន​បន្ត​នាំមុខ​ក្នុង​តារាង ដោយ​ឈ្នះ​មេដាយ​ច្រើន​ពី​កីឡាហែលទឹក នៅ Asian Games
22, Aug 2018 , 6:01 pm        
រូបភាព
គិត​ត្រឹម​ថ្ងៃទី​២២ ខែសីហា​នេះ ពោល​គឺមាន​រយៈពេល​៤​ថ្ងៃ​ហើយ​ចាប់តាំងពី​បើក​កម្មវិធី​ផ្លូវ​ការណ៍​នៃ​ការប្រកួត​កីឡា​អាស៊ី Asian Games ឆ្នាំ​២០១៨ នៅ​ឥណ្ឌូណេស៊ី​។ ចិន​ដែលជា​ក្រុម​ខ្លាំងជាងគេ​នៅ​តំបន់​អាស៊ី​កំពុង​នាំមុខ​ក្នុង​តារាង​មេដាយ​បណ្តោះអាសន្ន​ដោយ​ទទួលបាន​៦៦​មេដាយ ដែល​ក្នុងនោះ មេដាយមាស​៣២ ប្រាក់​២២ និង​សំរិទ្ធ​១២​។​
​អ្វីដែល​ជាការ​កត់សំគាល់​នោះ ក្នុងចំណោម​មេដាយ​សរុប​ទាំង​៦៦ ចិន​អាច​រក​មេដាយ​បាន​ច្រើន​ពី​វិញ្ញាសា​ហែល​ទឹក​ក្នុង​ចំនួន​សរុប​២៧​មេដាយ ក្នុងនោះ​មេដាយមាស​១១ ប្រាក់​៨ និង​សំរិទ្ធ​៨​។​



​សម្រាប់​ប្រភេទ​កីឡា​ផ្សេងទៀត​មានដូចជា វិញ្ញាសា​វ៉ូ​សូ ទទួលបាន ៦​មេដាយមាស វិញ្ញាសា​បាញ់កាំភ្លើង មាស​៥ ប្រាក់​១ និង​សំរិទ្ធ​១ វិញ្ញាសា​ជិះ​កង់​ឡើង​ភ្នំ មាស​២ ប្រាក់​២ វិញ្ញាសា​គុន​ដាវ មាស​២ ប្រាក់​៣ វិញ្ញាសា​កាយសម្ព័ន្ធ មាស​២ ប្រាក់​១ សំរិទ្ធ​១ វិញ្ញាសា​ចំបាប់ មាស​២ ប្រាក់​២ តេ​ក្វាន់​ដូ មាស​១ ប្រាក់​១ សំរិទ្ធ​២ វិញ្ញាសា​បាល់ទះ​ក្នុង​ទឹក (Water Polo) មាស​១ វិញ្ញាសា​វាយ​សី ប្រាក់​១ វិញ្ញាសា​ប្រណាំង​កង់ ប្រាក់​១ និង​វិញ្ញាសា​ប្រណាំងទូក​កា​ណូ​/​កា​យ៉ាក់ ទទួលបាន​២​មេដាយប្រាក់​។​

​ដោយឡែក​ជប៉ុន​នៅ​រក្សា​ចំណាត់ថ្នាក់​ទី​២​បណ្តោះអាសន្ន​ដដែល ដោយ​ទទួលបាន​មេដាយ​សរុប​៥៣ រួមមាន​មេដាយមាស​១៥ ប្រាក់​១៨ និង​សំរិទ្ធ​២០​។ លេខ​៣​កូរ៉េខាងត្បូង​ទទួលបាន​មេដាយ​សរុប ៣៩ រួមមាន​មាស ៩ ប្រាក់​១៣ និង​សំរិទ្ធ​១៧ ចំណែក​ម្ចាស់ផ្ទះ​ឥណ្ឌូណេស៊ី​នៅ​លេខ​រៀង​ទី​៤ ដោយ​ទទួលបាន​មេដាយមាស​៦ ប្រាក់​៣ សំរិទ្ធ​៥ សរុប​១៤​។ អ៊ីរ៉ង និង​ឥណ្ឌា​ស្ថិតនៅ​លេខ​រៀង​បន្តបន្ទាប់​៕




Tag:
 Asian Games
  ចិន​
  ហែល​ទឹក​
© រក្សាសិទ្ធិដោយ thmeythmey.com