អន្តរជាតិ
ទីប្រឹក្សា​សន្តិសុខ​អាមេរិក​៖ ជម្លោះ​អាមេរិក​-​តួ​ក​គី​នឹង​ចប់​ភ្លាម បើ​តួ​ក​គី​ដោះលែង​អាចារ្យ​គ្រិស្តសាសនា​
23, Aug 2018 , 9:19 am        
រូបភាព
ទីប្រឹក្សាសន្តិសុខជាតិអាមេរិក John Bolton (រូបភាព AFP)
ទីប្រឹក្សាសន្តិសុខជាតិអាមេរិក John Bolton (រូបភាព AFP)
​ជម្លោះ​រវាង​អាមេរិក និង​តួ​ក​គី នៅតែ​បន្ត​នៅឡើយ ខណៈ​តួ​ក​គី​មិន​ចុះ​ញ៉ម​តាម​ការទាមទារ​របស់​អាមេរិក​ឲ្យ​ដោះលែង​អាចារ្យ​គ្រិស្តសាសនា​។ ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក ច​ន ប៊ូល​តុ​ន បានបង្ហាញ​ច្រកចេញ​ជម្លោះ​នេះ ដោយ​ក្រុង​អង់កា​រ៉ា​ដោះលែង​ជនជាតិ​អាមេរិក​ដែល​ជាប់​ឃុំខ្លួន​នោះ បញ្ហា​នឹងត្រូវ​បញ្ចប់​ភ្លាម​តែម្ដង​។ លោក ប៊ូល​តុ​ន ក៏​ប្រាប់​តួ​ក​គី​ដែរ​ថា ការសន្យា​វិនិយោគ​របស់​កាតា នឹងមិន​អាចជួយ​អ្វី​បានឡើយ​។



​ក្រោយ​តួ​ក​គី​មិន​ព្រម​ដោះលែង​អាចារ្យ​គ្រិស្តសាសនា Andrew Brunson អាមេរិក​ក៏​ចាត់វិធានការ​ប្រឆាំង​តួ​ក​គី​ដើម្បី​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ក្រុង​អង់កា​រ៉ា​។ រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​ដំឡើង​ពន្ធ​ទ្វេដង​នាំចូល​លើ​ដែកថែប និង​អាលុយមីញ៉ូម​របស់​តួ​ក​គី ដែល​ធ្វើ​ឲ្យ​រូបិយវត្ថុ​តួ​ក​គី Lira ធ្លាក់​ថ្លៃ​មិន​ធ្លាប់មាន​។ ប៉ុន្តែ​ក្រុង​អង់កា​រ៉ា​នៅតែ​ជម្នះ​ទណ្ឌកម្ម និង​ចោទ​អាមេរិក​ថា ធ្វើសង្គ្រាម​សេដ្ឋកិច្ច​ប្រឆាំង​តួ​ក​គី​ផង​។​

​អាចារ្យ​សាសនា Brunson ត្រូវបាន​ឃាត់ខ្លួន​ក្រោម​បទ​ចោទ​ចូល​ដៃ​ចូល​ជើង​ក្នុង​រដ្ឋប្រហារ​មិន​សម្រេច​ឆ្នាំ​២០១៦ ។ ជនសង្ស័យ​ដែល​ស្ថិតនៅ​ចំ​កណ្ដាល​ជម្លោះ​រវាង​សមាជិក​សម្ព័ន្ធ​យោធា​ណា​តូ​ទាំងពីរ បាន​បដិសេធ​ការចោទប្រកាន់​របស់​អា​ជ្ញា​ធរ​តួ​ក​គី​។ ចំណែក​ក្រុង​អង់កា​រ៉ា​បាន​ភ្ជាប់​ករណីនេះ​ទៅនឹង​លោក Gulen ដែល​ត្រូវបាន​សង្ស័យថា ជា​អ្នករៀបចំ​ផែន​ការធ្វើ​រដ្ឋប្រហា​រខែក​ក្កដា​។ តួ​ក​គី​បានទាមទារ​ឲ្យ​អាមេរិក​បញ្ជូន​ជននេះ​ត្រឡប់​វិញ តែ​អាមេរិក​មិន​ព្រម​។​

​ជាមួយនឹង​ការអូសបន្លាយ​វិបត្តិ​នេះ មន្ត្រី​អាមេរិក​នៅតែ​ប្រាប់​ឲ្យ​តួ​ក​គី​ដោះលែង​អាចារ្យ Brunson នោះ​បញ្ហា​នឹង​ចប់​។ ពី​ទឹកដី​អ៊ីស្រាអែល ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​អាមេរិក ច​ន ប៊ូល​តុ​ន ចាត់ទុក​សកម្មភាព​ចាប់ខ្លួន​ជនជាតិ​អាមេរិក​ខាងលើ ជា​កំហុស​ធំ​មួយ​។ យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោក ប៊ូល​តុ​ន និយាយថា វិបត្តិ​នេះ​នឹងត្រូវ​ដោះស្រាយ​ភ្លាមៗ ប្រសិនបើ​តួ​ក​គី​ធ្វើ​ការងារ​ត្រឹមត្រូវ ហើយ​ដោះលែង Brunson ដោយ​គ្មាន​លក្ខខណ្ឌ​។​

​មន្ត្រីជាន់ខ្ពស់​អាមេរិក​រូបនេះ​ក៏​បង្ហាញ​ការសង្ស័យ​ចំពោះ​កិច្ច​សហប្រតិបត្តិ​រវាង​តួ​ក​គី និង​កាតា បន្ទាប់ពី​កាតា​សន្យា​បោះទុន​ចំនួន​១៥​ពាន់​លាន​ដុល្លារ​ដើម្បី​វិនិយោគ​ដោយផ្ទាល់​នៅ​តួ​ក​គី​។ អន្តរាគមន៍​របស់​កា​តា ធ្វើឡើង​ខណៈដែល​រដ្ឋ​មួយ​នេះ​កំពុង​ទាស់​គ្នា​ជាមួយ​រដ្ឋ​ឈូង​សមុទ្រ​ពែ​រ្ស​ដែលជា​សម្ព័ន្ធមិត្ត​របស់​អាមេរិក​ដូចជា​អា​រ៉ា​ប៊ី​សា​អូឌីត អេ​មី​រ៉ា​ត​អារ៉ាប់​រួម និង​អេ​ហ្ស៊ី​ប​ជាដើម​។ លោក ប៊ូល​តុ​ន ជឿថា ជំនួយ​របស់​ក្រុង​ដូ​ហា ពិបាក​នឹង​ស្រោចស្រង់​សេដ្ឋកិច្ច​តួ​ក​គី​ណាស់​។​

​ជាមួយគ្នា​នោះដែរ អាមេរិក​មិនទាន់​ចាត់វិធានការ​ខ្លាំង​រហូតដល់​ស្នើ​ជជែក​ពី​សមាជិកភាព​របស់​តួ​ក​គី​នៅក្នុង​ណា​តូ​ដែរ​។ លោក ប៊ូល​តុ​ន បាន​បដិសេធ​លទ្ធភាព​នៃ​ការដក​សមាជិកភាពរ​បស់​តួ​ក​គី ដោយ​អះអាងថា អាមេរិក​នឹង​ផ្តោតលើ​ករណី​អាចារ្យ Brunson និង​ជនជាតិ​អាមេរិក​ដទៃទៀត​ដែល​តួ​ក​គី​កំពុង​ឃាត់ខ្លួន​ដោយ​ខុសច្បាប់​សិន​។​៕



Tag:
 អាមេរិក​
  តួ​ក​គី​
  John Bolton
© រក្សាសិទ្ធិដោយ thmeythmey.com