កីឡាជាតិ
Asian Games៖ ម៉ូតូ​ទឹក ដែលជា​ប្រភេទ​កីឡា​រំពឹង​ដណ្តើមបាន​មេដាយ ត្រូវ​ប្រកួត​នៅថ្ងៃនេះ​
23, Aug 2018 , 9:46 am        
រូបភាព
ដោយ:
​ការប្រណាំង​ម៉ូតូ​ទឹក ដែលជា​ប្រភេទ​កីឡា​រំ​ពឺ​ង​ដណ្តើមបាន​មេដាយ​ពី​ព្រឹត្តិការណ៍ Asian Games 2018 នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ជូន​ជាតិ ត្រូវ​ប្រកួត​នៅ​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៨​។ កីឡាករ​កម្ពុជា​ទាំង​ពីររូប​ត្រូវ​ប្រជែង​ជាមួយ​កីឡាករ​៧​រូប​ផ្សេងទៀត​មកពី​ឥណ្ឌូណេស៊ី​, ថៃ​, ចិន និង​អា​មី​រ៉ា​ត​អារ៉ាប់​រួម​។

 
 
​កីឡា​ប្រណាំង​ម៉ូតូ​ទឹក ដែលមាន​កីឡាករ សាលី អ៊ូ​មើ​ត និង ម៉ឺន មូស​ស្តា​ន ត្រូវបាន​ថ្នាក់ដឹកនាំ​កីឡា​កម្ពុជា​ចាត់ទុកជា​ប្រភេទ​កីឡា​សក្តានុពល​មួយ​ក្នុងចំណោម​កីឡា​សក្តានុពល​ទាំង​៤​ប្រភេទ សម្រាប់​ការប្រកួត​កីឡា Asian Games លើក​ទី​១៨​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​។​
 
​ជាមួយគ្នានេះ​លោក ណេះ ស្លេះ ប្រធាន​សហព័ន្ធ​កីឡា​ម៉ូតូ​ទឹក​កម្ពុជា​បានដាក់​ក្តី​រំពឹង​ខ្ពស់​លើ​កីឡាករ​ទាំង​ពីររូប​ក្នុងការ​ដណ្តើម​មេដាយ​ពី​ព្រឹត្តិការណ៍​ដ៏​ធំ​ប្រចាំ​ទ្វីបអាស៊ី​មួយ​នេះ​។ «​សម្រាប់​ការប្រកួត Asian Games នៅ​ឥណ្ឌូណេស៊ី​លើក​នេះ យើង​រំពឹង​និង​មានការ​ជឿជាក់ថា កីឡាករ​របស់​យើង​នឹង​ក្លាយជា​កីឡា​សក្តានុពល​ដណ្តើមបាន​មេដាយមាស​ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​មួយ​នេះ​»​។ នេះ​ជាការ​បង្ហាញ​ក្តី​រំពឹង​របស់លោក ណេះ ស្លេះ មុនពេល​ចេញដំណើរ​ទៅ​ចូលរួម​ប្រកួត​នៅ​ឥណ្ឌូណេស៊ី​។​
 
​ការរំពឹង​ខ្ពស់​បែបនេះ ដោយសារ​កីឡា​ទាំង​ពីររូប​ខាងលើ​ធ្លាប់ជា​ម្ចាស់​ជើងឯក​នៅ​អាមេរិក​, អឺរ៉ុប​, អាល្លឺម៉ង់ និង​អូស្ត្រាលី​ជាដើម​។ លើសពីនេះ ដើម្បី​ត្រៀម​ចូលរួម​ព្រឹត្តិការណ៍​នេះ សហព័ន្ធ​បញ្ជូន​បាន​ពួកគេ​ទៅ​ហ្វឹកហាត់ និង​ប្រកួត​សម​រយៈពេល​៦​ខែ​នៅ​ប្រទេស​ថៃ អាល្លឺម៉ង់ អូស្ត្រាលី និង​អ៊ីតាលី​ជាដើម​។ នេះ​បើតាម​ការបញ្ជាក់​របស់​ប្រធាន​សហព័ន្ធ​ខាងលើ​។​
 
​ម្យ៉ាងទៀត ម៉ូតូ​ដែល​កីឡាករ​ទាំងពីរ​ជិះ​ប្រណាំង​ក្នុង​ព្រឹត្តិការណ៍ Asian Games នេះ ត្រូវបាន​កុំ​ម្មង់​ពី​រោងចក្រ​ផ្ទាល់​តែម្តង​។ បន្ថែម​លើ​នេះ សហព័ន្ធ​បាន​ជួល​អតីត​កីឡាករ​ម្ចាស់​ជើងឯក​ពិភពលោក ឲ្យ​មក​បង្វឹក​ថែម​ទៀតផង​៕       
 

Tag:
 ​កីឡា​ម៉ូតូ​ទឹក​
  Asian Games 2018
© រក្សាសិទ្ធិដោយ thmeythmey.com