ជាតិ
២៥ខេត្ត/រាជធានី
នយោបាយជាតិ
សម្ដេច ហ៊ុន សែន គ្រោងស្នើលើកលែងទោសមនុស្ស១២នាក់ទៀត
× ភ្នំពេញ៖
ពីពិធីជួបសំណេះសំណាលជាមួយកម្មកររោងចក្រ នៅខេត្តកណ្ដាល នាព្រឹកថ្ងៃទី២៣ សីហានេះ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសពីបំណងលើកលែងទោសឲ្យមនុស្ស១២នាក់ ដែលកំពុងជាប់ឃុំខ្លួននៅពន្ធនាគារ។
អមជាមួយការប្រកាសនេះ សម្ដេច ហ៊ុន សែន បាននិយាយថា ការលើកលែងទោសឲ្យមនុស្សទាំង១២នាក់នេះ គឺជាបំណងផ្ទាល់របស់សម្ដេច ពោលគឺមិនមែនមកពីសម្ពាធអន្តរជាតិឡើយ។ សម្ដេច មិនចង់ឮពាក្យថា សម្ពាធអន្តរជាតិ ទើបធ្វើឲ្យសម្ដេចលើកលែងទោសនោះទេ ។ សម្ដេច បានបន្ថែមថា មូលហេតុដែលសម្ដេច គ្រោងស្នើសុំព្រះមហាក្សត្រលើកលែងទោសនេះ គឺដោយសារតែពួកគេទាំងនោះ បានធ្វើលិខិតសុំទោសសម្ដេច។
ក្រៅពីលើកលែងទោសឲ្យមនុស្ស១២នាក់ខាងលើនេះ ប្រមុខរដ្ឋាភិបាល ក៏នឹងស្នើព្រះមហាក្សត្រលើកលែងទោសទ្រង់ទ្រាយធំ នៅថ្ងៃបុណ្យភ្ជុំបិណ្ឌខាងមុខដែរ។ នេះជាការបង្ហើបពីសម្ដេច ហ៊ុន សែន។
ដ្បិតមិននិយាយចំឈ្មោះក្តី ប៉ុន្តែមនុស្សទាំង១២នោះ ទំនងជាសម្ដេច ចង់សំដៅទៅលើក្រុមមន្ត្រីនយោបាយអតីតគណបក្សសង្គ្រោះជាតិ រួមមានលោក មាជ សុវណ្ណារ៉ា និងសកម្មជនគណបក្សប្រឆាំងចំនួន ១០នាក់ផ្សេងទៀត ត្រូវបានចៅក្រមនៃតុលាការក្រុងភ្នំពេញ ចោទប្រកាន់ និងផ្ដន្ទាទោសដាក់ពន្ធនាគារចន្លោះពី ៧ឆ្នាំទៅ ២០ឆ្នាំ ក្រោមហេតុផលចូលរួម និងដឹកនាំកុបកម្មកាលពីខែកក្កដា ឆ្នាំ២០១៤ នៅម្តុំស្ពាននាគក្បែរទីលានប្រជាធិបតេយ្យ៕
© រក្សាសិទ្ធិដោយ thmeythmey.com