អន្តរជាតិ
អាមេរិកខកចិត្តដែលអែលសាល់វ៉ាឌ័រចាប់ចិនចោលតៃវ៉ាន់ តែចិនប្រាប់វិញថាកុំចេះដឹងរឿងគេពេក រដ្ឋមន្រ្តីការបរទេសអែលសាវ៉ាឌ័រ Carlos Castaneda និងរដ្ឋមន្រ្តីការបរទេសចិន វ៉ាង យី (រូបភាព AFP)
× ក្នុងសប្ដាហ៍នេះ ក្រសួងការបរទេសអាមេរិកបានបង្ហាញការខកចិត្តយ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់អែលសាល់វ៉ាឌ័រដែលផ្ដាច់ទំនាក់ទំនងការទូតជាមួយតៃវ៉ាន់ ហើយស្រវាចាប់ចិនដីគោកវិញ។ អាមេរិកដែលចោទចិនថា ព្យាយាមកែប្រែស្ថានភាពសព្វថ្ងៃនៃទំនាក់ទំនងចិន និងតៃវ៉ាន់ ហើយមាននយោបាយបង្ខិតបង្ខំផង ក៏ត្រៀមសើរើចំណងការទូតខ្លួនជាមួយអែលសាល់វ៉ាឌ័រទៅទៀត។ ប៉ុន្តែចិនបានប្រាប់អាមេរិកវិញឲ្យគោរពនយោបាយការបរទេសរបស់រដ្ឋអធិបតេយ្យមួយ។
ចំណងការទូតក្មេងខ្ចីរវាងចិន និងអែលសាល់វ៉ាឌ័រ ធ្វើឲ្យអាមេរិករង្គៀសចិត្តយ៉ាងខ្លាំង។ ប្រធានាធិបតីអែលសាល់វ៉ាឌ័រ Sanchez Ceren បានប្រកាសតាមកញ្ចក់ទូរទស្សន៍នៅថ្ងៃអង្គារទី ២១ ខែសីហាថា រដ្ឋាភិបាលលោកសម្រេចកាត់ផ្តាច់ចំណងការទូតជាមួយកោះតៃវ៉ាន់ហើយ។ ជាមួយគ្នានេះ លោក Ceren ប្រកាសបន្ថែមថា រដ្ឋាភិបាលលោកក៏សម្រេចភ្ជាប់ទំនាក់ទំនងការទូតជាមួយចិនដែរ។ អាមេរិកបានប្រកាសត្រួតពិនិត្យទំនាក់ទំនងខ្លួនជាមួយអែលសាល់វ៉ាឌ័រ។
ក្រុងប៉េកាំងមិនសូវរីករាយឡើយចំពោះជំហររបស់អាមេរិក។ លោក Lu Kang អ្នកនាំពាក្យក្រសួងការបរទេសចិនបានប្រាប់អាមេរិកវិញថា ចិន និងអែលសាល់វ៉ាឌ័រ ជារដ្ឋឯករាជ្យ ដូចនេះប្រទេសទាំងពីរមានសិទ្ធិអនុវត្តនយោបាយការបរទេសដោយខ្លួន។ ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី២២ ខែសីហា លោក Lu បាននិយាយការពារទំនាក់ទំនងថ្មីជាមួយអែលសាល់វ៉ាឌ័រថា ដោយផ្អែកលើគោលការណ៍ចិនតែមួយ និងស្របតាមនិន្នាការរបស់អន្តរជាតិ។
ដោយចាត់ទុកការសម្រេចចិត្តរបស់អែលសាល់វ៉ាឌ័រជារឿងត្រឹមត្រូវដូចប្រទេស១៧៧ផ្សេងទៀត អ្នកនាំពាក្យក្រសួងការបរទេសចិនដដែលនេះក៏បានប្រាប់ឲ្យអាមេរិក កុំលូកលាន់ការសម្រេចចិត្តនេះ ឬចង់គំរាមគេឲ្យសោះ។ មន្ត្រីចិនខាងលើក៏រិះគន់អាមេរិកដែលគំរាមអែលសាល់វ៉ាឌ័រ ដែលទទួលស្គាល់នយោបាយចិនតែមួយទៅវិញ ខណៈអាមេរិកផ្ទាល់ទទួលស្គាល់ចិនអស់ជិត៤០ឆ្នាំមកហើយ។ ចិនប្រឆាំងជំហរគ្មានហេតុផលរបស់អាមេរិកបែបនេះ។
ដោយសារបាត់បង់សម្ព័ន្ធមិត្តជាបន្តបន្ទាប់ ក្រុងតៃប៉ិបានចោទប្រកាន់ថា ក្រុងប៉េកកាំងកំពុងប្រើប្រាស់គោលនយោបាយការទូតដុល្លារដើម្បីអូសទាញសម្ព័ន្ធមិត្តខ្លួនជាបន្តបន្ទាប់ និងធ្វើឲ្យតៃវ៉ាន់កាន់តែឯកោខ្លាំងលើឆាកអន្តរជាតិ។ ប៉ុន្តែក្រុងប៉េកាំងតែងតែបដិសេធចំពោះការចោទប្រកាន់លើខ្លួនដូច្នេះ ហើយតែងអះអាងថា ប្រទេសដែលរាប់រកខ្លួន គឺអាស្រ័យលើគោលការណ៍ចិនតែមួយសុទ្ធសាធ។
ពេលមានការផ្តាច់ចំណងការទូតជាមួយអែលសាល់វ៉ាឌ័រនេះ តៃវ៉ាន់បានចេញមុខជាថ្មីទិតៀនចិនទៀត។ រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ Joseph Wu បានអះអាងថា ខ្លួនមិនប្រជែងជាមួយចិនរឿងប្រើប្រាស់ការទូតដុល្លារឡើយ។ លោកបានពន្យល់ថា កន្លងមកអែលសាល់វ៉ាឌ័របានស្នើសុំលុយច្រើនសន្ធឹកពីតៃវ៉ាន់ដើម្បីអភិវឌ្ឍកំពង់ផែខ្លួន ប៉ុន្តែតៃវ៉ាន់មិនផ្តល់ឲ្យឡើយព្រោះខ្លួនជឿជាក់ថា វាអាចធ្វើឲ្យភាគីទាំងពីរលង់ខ្លួននឹងបំណុលបានពេលអនាគត៕
Tag:
អាមេរិក
ចិន
តៃវ៉ាន់
អែលសាល់វ៉ាឌ័រ
© រក្សាសិទ្ធិដោយ thmeythmey.com