កីឡាអន្តរជាតិ
អន្តរជាតិ
អតីត​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​ប្រេ​ស៊ី​ល ជាប់គុក​៤​ឆ្នាំ​ពីបទ​ពុករលួយ​
23, Aug 2018 , 2:46 pm        
រូបភាព
លោក Jose Maria Marin ប្រធានសហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីល
លោក Jose Maria Marin ប្រធានសហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីល
​មន្ត្រី​របស់ FIFA ដែលជា​អតីត​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​ប្រេ​ស៊ី​ល (CBF) លោក Jose Maria Marin ត្រូវ​កាត់ទោស​ឲ្យ​ជាប់ពន្ធ​ធនាគា​រយៈពេល ៤​ឆ្នាំ បន្ទាប់ពី​រកឃើញថា​មាន​ជាប់​ពាក់ព័ន្ធ​អំពើពុករលួយ​។​



​លោក Maria Marin ដែល​បច្ចុប្បន្ន​មាន​វ័យ​៨៦​ឆ្នាំ​ទៅហើយ ជា​មន្ត្រី​ម្នាក់​ក្នុងចំណោម​មន្ត្រី​របស់​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ FIFA ចំនួន​៧​នាក់​ផ្សេងទៀត​ដែល​ត្រូវបាន​ចាប់ខ្លួន​នៅឯ​សណ្ឋាគារ​មួយ​ក្នុង​ក្រុង Zurich ប្រទេស​ស្វី​ស​កាលពី​ខែឧសភា ឆ្នាំ​២០១៥​។​

Marin ត្រូវបាន​ចោទប្រកាន់​អំពី​អំពើពុករលួយ​លើ​បទ​ចោទ​ទទួល​សំណូក​ពី​ក្រុមហ៊ុន​ទីផ្សារ​កីឡា​មួយ​ជា​ថ្នូរ​នឹង​កិច្ចសន្យា​ក្នុងការ​ផ្សព្វផ្សាយ​ព្រឹត្តិការណ៍​ដូចជា Copa America ជាដើម​។ លើសពីនេះ​ទៀត​លោក​ក៏ត្រូវ​ពិន័យ​ជា​ប្រាក់ ១,២​លាន​ដុល្លារ ហើយ​ត្រូវ​បញ្ជា​ឲ្យ​បង់ប្រាក់ ៣,៣៤​លាន​ដុល្លារ​លើ​ប្រាក់​ពិន័យ​នោះ​ថែមទៀត​។​

Maria Marin ក៏​ជាប់​ក្នុង បទ​ចោទ​ចំនួន​៦​ក្នុងចំណោម​៧​ករណី​ផ្សេងទៀត​ដែល​ទាក់ទង​នឹង​ការលាង​លុយកខ្វក់ និង​ការបោកប្រាស់​លួច​បន្លំ​។​

​បុរស​សញ្ជាតិ​ប្រេ​ស៊ី​ល​ដែល​កាន់តំណែង​ជា​ប្រធាន CBF ពី​ឆ្នាំ​២០១២ ដល់ ២០១៥ ត្រូវបាន​ចៅក្រម នៃ​តុលាការ​សហព័ន្ធ Brooklyn លោក Pamela Chen សម្រេច​កាត់ទោស​ឲ្យ​ជាប់ពន្ធ​ធនាគា​រយៈពេល​៤​ឆ្នាំ ហើយ Marin គឺជា​មន្ត្រី​ដំបូង​របស់ FIFA ដែល​ត្រូវបាន​កាត់ទោស​ក្រោយ​ការស៊ើបអង្កេត​របស់​អា​មេ​រិ​កលើ​អំពើពុករលួយ​។​

​ក្រៅពី​លោក Marin តុលាការ​ខាងលើ​ក៏បាន​កាត់ទោស​អតីត​ប្រធាន​សហព័ន្ធ​កីឡា​ប្រចាំ​តំបន់​អាមេរិក​ឡាទីន​លោក Juan Angel Napout ផងដែរ ប៉ុន្តែ​ត្រូវ​ស​ម្រ​ច​ដាក់ទោស​នៅ​ថ្ងៃក្រោយ​។​

លោក Juan Angel Napout ប្រធានសហព័ន្ធកីឡាបាល់ទាត់អាមេរិកឡាទីន

​លោក Manuel Burga មន្ត្រី​កីឡាបាល់ទាត់​ប៉េ​រូ​ក៏ត្រូវ​បាន​គេ​បណ្តេញ​ចេញពី​តំណែង​ក្រោយ​ក្រុមប្រឹក្សាតុលាការ​អាមេរិក​រកឃើញថា​បានទទួល​សំណូក​ពុករលួយ​៕



Tag:
 បាល់ទាត់​
  FIFA
  ពុករលួយ
© រក្សាសិទ្ធិដោយ thmeythmey.com