អន្តរជាតិ
អូស្ត្រាលី​៖ កៅអី​នាយករដ្ឋមន្ត្រី ធើ​ន​ប៊ូល រង្គោះរង្គើ ព្រោះ​សមាជិក​បក្ស​ចង់​ប្រជែង
23, Aug 2018 , 7:19 pm        
រូបភាព
នាយករដ្ឋមន្រ្តីអូស្ត្រាលី ម៉ាល់ខម ធើនប៊ូល (រូបភាព AFP)
នាយករដ្ឋមន្រ្តីអូស្ត្រាលី ម៉ាល់ខម ធើនប៊ូល (រូបភាព AFP)
​កៅអី​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​របស់លោក ម៉ា​ល់ខម ធើ​ន​ប៊ូល រង្គោះរង្គើ​កាន់តែខ្លាំង ស្របពេល​រដ្ឋមន្ត្រី​សំខាន់​ដាក់ពាក្យ​លាលែង ហើយ​គូប្រជែង​របស់លោក​កំពុង​ការគាំទ្រ​ដើម្បី​ផ្ដួល​រូបលោក​។ លោក ធើ​ន​ប៊ូល អាច​បន្តអំណាច បន្ទាប់ពី​ទទួល​សំឡេងគាំទ្រ​ភាគច្រើន​ក្នុងការ​បោះឆ្នោត​ផ្ទៃក្នុង​បក្ស​នៅ​ថ្ងៃទី​២២ ខែសីហា​។ ប៉ុន្តែ​គូប្រជែង​របស់លោក​គឺ អតីតរដ្ឋមន្ត្រី​មហាផ្ទៃ Peter Dutton ដែល​បរាជ័យ​ម្ដង​ហើយ​នោះ នៅ​មិនទាន់​បោះបង់​ការព្យាយាម​នៅឡើយ និង​ត្រៀម​ប្រជែង​ម្ដង​នៅ​ថ្ងៃទី​២៤ ខែសីហា​។



​វិបត្តិ​នយោបាយ​នៅ​អូស្ត្រាលី​បាន​ផុង​កាន់តែ​ជ្រៅ​ក្នុ​សប្ដាហ៍​នេះ រហូតដល់​មានការ​ស្នើ​ផ្លាស់ប្ដូរ​នាយករដ្ឋមន្ត្រី​។ លោកនាយក​រដ្ឋមន្ត្រី ម៉ា​ល់ខម ធើ​ន​ប៊ូល (Malcolm Turnbull) កំពុង​រង​សម្ពាធ​ឲ្យ​លាលែង​ពី​តំណែង ខណៈដែល​សមាជិក​រដ្ឋា​ភិ​បាល​សំខាន់​ជាច្រើន​បាន​សុំលាលែង​ពី​តំណែង​ជា​បន្តបន្ទាប់​។ នៅ​ថ្ងៃទី​២២ ខែសីហា លោក​បាន​ឆ្លង​ផុត​ការបោះឆ្នោត​ផ្ទៃក្នុង​បក្ស​ពលករ​កំពុង​កាន់អំណាច ទាំង​ប្រផិតប្រផើយ​។​

​ដោយសារ​បាត់​បង់ការ​គាំទ្រ​ពី​សមាជិក​សំខាន់​ក្នុង​បក្ស កៅអី​នាយករដ្ឋមន្ត្រី​របស់លោក ធើ​ន​ប៊ូល បាន​រង្គើ​ជាថ្មីទៀត​។ អតីតរដ្ឋមន្ត្រី​មហាផ្ទៃ Peter Dutton ដែល​ចង់បាន​តំណែង​នាយករដ្ឋមន្ត្រី​វិញ​ម្ដង បាន​ប្រមូល​អតីត​អ្នកគាំទ្រ​របស់លោក​នាយ​ក​រដ្ឋមន្ត្រី និង​ស្នើ​ឲ្យ​លោក ធើ​ន​ប៊ូល កោះប្រជុំ​ផ្ទៃក្នុង​បក្ស ដើម្បី​បោះឆ្នោត​ម្ដងទៀត​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក Dutton ប្រា​ប់លោក ធើ​ន​ប៊ូល​តាម​ទូរ​សព្ទ​ថា លោក​ទទួលបាន​សំឡេងគាំទ្រ​គ្រប់គ្រាន់​ហើយ​។​

​យ៉ាងណាមិញ លោក ធើ​ន​ប៊ូល អះអាងថា គូប្រជែង​របស់លោក​មិនទាន់មាន​សំឡេង​ភាគច្រើន​ពី​សមាជិក​បក្ស​ពលករ​នៅឡើយ​ទេ​។ នាយករដ្ឋមន្ត្រី​ដែល​រង​សម្ពាធ​រូបនេះ​ក៏​ប្រកាសថា លោក​នឹងមិន​រាថយ​ឡើយ តែ​នឹង​ចាក​ចេញពី​នយោបាយ បើ​បក្ស​លែង​គាំទ្រ​រូបលោក​។

​បើ​លោក Dutton អា​ចរក​សំឡេង​គ្រប់ ការប្រជុំ​ផ្ទៃក្នុង​បក្ស​ថ្មី​ទៀត ត្រូវធ្វើ​នៅ​ថ្ងៃទី​២៤ ខែសីហា ដើម្បី​បោះឆ្នោត​រើស​មេដឹកនាំ​បក្ស​ថ្មី ហើយ​លោក ធើ​ន​ប៊ូល មិនអាច​ឈរឈ្មោះ​ប្រជែង​បានទេ ហើយ​ត្រូវ​ចាក​ចេញពី​សភា​ទៅទៀត​។ ប្រធាន​បក្ស​កាន់អំណាច នឹង​អង្គុយ​កៅអី​នាយករដ្ឋមន្ត្រី​ស្វ័យប្រវត្តិ​។ មកទល់ពេលនេះ រដ្ឋមន្ត្រី​ក្នុង​រដ្ឋាភិបាល​លោក ធើ​ន​ប៊ូល យ៉ាងតិច​១០​នាក់​ហើយ​ដែល​បាន​លាលែង ឬ​ដាក់ពាក្យ​លាលែង​។ រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ដ៏​មាន​ឥទ្ធិពល Mathias Cormann និង​រដ្ឋមន្ត្រី​ការងារ និង​អប់រំ និយាយថា ឈប់​គាំទ្រ​លោក ធើ​ន​ប៊ូល ទៀតហើយ​។

​សូមបញ្ជាក់ថា មិនដែល​មាន​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​ណា​អាច​កាន់កាប់​រដ្ឋាភិបាល​ពេញ​អាណត្តិ​ឡើយ តាំងពី​ឆ្នាំ​២០០៧ មក​ពេលដែល​លោក John Howard ចាញ់ឆ្នោត​។ ការផ្លាស់ប្ដូរ​នាយករ​ដ្ឋ​មន្ត្រី​ញឹកញាប់ សឹង​ក្លាយជា​ប្រពៃណី​ក្នុង​នយោបាយ​របស់​អូស្ត្រាលី​ទៅហើយ ជាពិសេស​ពេល​មានការ​ប្រែប្រួល​ក្បាលម៉ាស៊ីន​ដឹកនាំ​បក្ស​កាន់អំណាច​៕


Tag:
 អូស្ត្រាលី​
  Malcolm Turnbull
© រក្សាសិទ្ធិដោយ thmeythmey.com