ជាតិ
នយោបាយជាតិ
របត់នយោបាយថ្មី៖ ពហុបក្សគ្មានក្នុងសភា តែមាននៅក្នុងរដ្ឋាភិបាល តំណាងពីគណបក្ស១៦ ជួបសម្តេច ហ៊ុន សែន នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ នៅទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សាពីការបង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់
× ទោះជាអាណត្តិទី៦នេះ ពហុបក្ស មិនមាននៅក្នុងវិមានរដ្ឋសភាក្តី តែរដ្ឋាភិបាល បានធ្វើឲ្យពហុបក្សមាននៅក្នុងវិមានសន្តិភាពវិញ។
រដ្ឋាភិបាល ក៏ដូចជាគណបក្សកាន់អំណាច មិនអាចប្រកែក ឬការពារខ្លួនឡើយ ចំពោះការរិះគន់ថា រដ្ឋសភាក្នុងនីតិកាលទី៦នេះ ជារដ្ឋសភាឯកបក្ស។ ប៉ុន្តែ បើនិយាយថា សង្គមកម្ពុជាទាំងមូល បានបាត់របបប្រជាធិបតេយ្យសេរីពហុបក្សនោះ ប្រហែលជារដ្ឋាភិបាល និងគណបក្សកាន់អំណាច អាចបកស្រាយបាន។
ក្រោយលទ្ធផលបោះឆ្នោតបង្ហាញថា មានតែគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ ដែលទទួលបានអាសនៈទាំងអស់ ហើយត្រូវគ្រប់គ្រងរដ្ឋសភាតែម្នាក់ឯង គណបក្សកាន់អំណាចមួយនេះ ដែលមានសម្តេច ហ៊ុន សែន ជាប្រមុខ បានខិតខំរិះរកមធ្យោបាយយ៉ាងណា ដើម្បីឲ្យមជ្ឈដ្ឋានទូទៅ ជាពិសេសសហគមន៍អន្តរជាតិ មើលឃើញថា កម្ពុជា នៅតែពហុបក្ស។
ការបង្កើត «ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់» នៅក្នុងទីស្តីការគណៈរដ្ឋមន្ត្រី ដែលចូលរួមដោយថ្នាក់ដឹកនាំនៃគណបក្សនយោបាយនានា នឹងបង្កើតឲ្យមានរូបភាពពហុបក្ស នៅក្នុងរដ្ឋាភិបាលអាណត្តិទី៦នេះ។ ក្រុមប្រឹក្សាថ្មីសន្លាងដែលមិនធ្លាប់មាននេះ គឺជាយន្តការដ៏ពិសេស ដែលអាចផ្តល់ឱកាសឲ្យគណបក្សនានា ដែលមិនបានអាសនៈក្នុងរដ្ឋសភា បានទៅបញ្ចេញមតិជាមួយនាយករដ្ឋមន្ត្រី ក៏ដូចជារដ្ឋាភិបាលទាំងមូល។
បំណងរបស់នាយករដ្ឋមន្ត្រីកម្ពុជា គឺចង់ឲ្យប្រមូលធនធានមនុស្សពីបណ្តាគណបក្សនានា ដើម្បីយកទៅអភិវឌ្ឍប្រទេសជាតិ។ ប្រមុខរដ្ឋាភិបាល បានលើកឡើងជាលើកដំបូងនៅចំពោះមុខកម្មករ-កម្មការិនី ស្តីពីការបង្កើតក្រុមប្រឹក្សានេះ នាពេលកន្លងមកយ៉ាងដូច្នេះថា៖«គណបក្សទាំងនោះ ទៅតាមសភាទៅមិនរួច។ អ៊ីចឹងជម្រើសល្អ គឺខ្ញុំត្រៀមខ្លួនបង្កើតវេទិកាពិគ្រោះនិងផ្តល់យោបល់ជាមួយបណ្តាគណបក្សនយោបាយនៅវិមានសន្តិភាព»។
កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ តំណាងពីគណបក្ស១៦ បានទៅជួបសម្តេច ហ៊ុន សែន ដែលជាម្ចាស់គំនិត ក្នុងការបង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់។ ក្នុងជំនួបនោះ មានតំណាងពីគណបក្ស១៥ បានឯកភាពបង្កើតនិងចូលជាសមាជិកនៃឧត្តមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់។ ឯតំណាងពីគណបក្ស១ទៀត បានបង្ហាញការស្ទាក់ស្ទើរដោយមិនទាន់សម្រេចចិត្តចូលជាសមាជិកនៃក្រុមប្រឹក្សានេះឡើយ។ ដោយឡែក គណបក្ស៤ទៀត បានបដិសេធមិនទៅជួបប្រមុខរដ្ឋាភិបាលតែម្តង។
ទៅជួប ឬមិនទៅជួប មិនសំខាន់ទេ។ រឿងសំខាន់ គឺយល់ព្រមចូលជាសមាជិកនៃក្រុមប្រឹក្សានេះ ឬមិនចូល។ ទោះជាតំណាងគណបក្សទាំង៤ ពុំបានទៅចូលរួមប្រជុំជាមួយគេមែន តែនៅតែអាចសុំចូលជាសមាជិក បើសិនជាពួកគេមានបំណង។ ការចូលជាសមាជិក គឺផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត ដោយមិនអាចបង្ខំជាដាច់ខាត។
ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ត្រូវការតំណាង២ៗរូប ពីបណ្តាគណបក្សទាំង២០ ដែលបានចូលរួមក្នុងការបោះឆ្នោតនាអាណត្តិទី៦ ដើម្បីយកធ្វើជាសមាជិក។ វា គឺជាសិទ្ធិ បើគណបក្សណាមួយ មិនចង់ចូលជាសមាជិក។ ចំពោះគណបក្សផ្សេងៗ ដែលពុំបានចូលរួមក្នុងការបោះឆ្នោត គឺមិនពាក់ព័ន្ធនោះឡើយ។
តំណាង២រូប ដែល១អាចជាប្រធានគណបក្ស និង១ទៀតអាចជាអនុប្រធានគណបក្ស ដែលមកពីបណ្តាគណបក្សទាំង២០ នឹងមានឈ្មោះថាប្រធានប្រតិភូ និងអនុប្រធានប្រតិភូ ពេលចូលជាសមាជិកនៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់។ ឋានៈខ្ពស់ខ្ពស់ណាស់ ដែលតំណាងនៃគណបក្សនីមួយៗ នឹងទទួលបាន បើពួកគេ ពិតជាស្ម័គ្រចិត្តចូលជាសមាជិក។
ប្រធានប្រតិភូ នឹងមានឋានៈស្មើដល់ទៅទេសរដ្ឋមន្ត្រីឯណោះ ហើយអនុប្រធានប្រតិភូ មានឋានៈស្មើត្រឹមរដ្ឋមន្ត្រី ហើយក៏មានប្រាក់ខែផងដែរ។ លើសពីនេះ ប្រធានប្រតិភូ មិនត្រឹមតែទទួលបានឋានៈស្មើទេសរដ្ឋមន្ត្រីទេ តែថែមទាំងក្លាយជាទីប្រឹក្សារដ្ឋាភិបាលថែមទៀត។
ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ មានសិទ្ធិអំណាចសំខាន់ៗបីយ៉ាង។ ទីមួយ អាចផ្តួចផ្តើមគំនិតឬផ្តល់មតិ លើការរៀបចំគោលនយោបាយដល់រដ្ឋាភិបាល។ ទីពីរ អាចចូលរួមផ្តល់យោបល់ លើសេចក្តីព្រាងច្បាប់របស់រដ្ឋាភិបាល មុននឹងអនុម័ត ហើយបញ្ជូនទៅរដ្ឋសភា រួមទាំងអាចធ្វើញត្តិជូនព្រឹទ្ធសភា ដើម្បីសុំឲ្យតតាំងនឹងច្បាប់ ដែលរដ្ឋសភា បានអនុម័ត។ ទីបី អាច ចូលរួមផ្តល់យោបល់ដល់នាយករដ្ឋមន្ត្រីផ្ទាល់តែម្តង បើមើលឃើញចំណុចអវិជ្ជមានរបស់នាយករដ្ឋមន្ត្រី រួមទាំងភាពអសកម្ម និងការរំលោភបំពានរបស់មន្ត្រីរាជការ។
គ្រប់តំណាងគណបក្ស អាចធ្វើជាប្រធាននៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ម្តងម្នាក់ ក្នុងរយៈពេលមួយខែ។ ក្រុមប្រឹក្សានេះ ត្រូវបើកកិច្ចប្រជុំម្តងក្នុងរយៈពេល១ខែ និងក្នុងរយៈពេល៦ខែ ត្រូវជួបជាមួយនាយករដ្ឋមន្ត្រីម្តង។ វិមានសន្តិភាព ដែលស្ថិតក្នុងទីស្តីការគណៈរដ្ឋមន្ត្រី គឺជាកន្លែងប្រជុំរបស់ក្រុមប្រឹក្សានេះ។
ហេតុដូច្នេះ តាមរយៈយន្តការនេះ ដ្បិតគណបក្សទាំងនោះ ពុំអាចទៅតតាំងក្នុងរដ្ឋសភា តែអាចទៅតវ៉ានៅឯទីស្តីការគណៈរដ្ឋមន្ត្រី ដែលជាស្ថាប័នរដ្ឋាភិបាលឯណោះវិញ។ នេះជារបត់នយោបាយថ្មីនៅកម្ពុជាសម្រាប់អាណត្តិទី៦ ដែលពហុបក្សគ្មានក្នុងរដ្ឋសភា តែបែរជាទៅមាននៅគណៈរដ្ឋមន្ត្រីវិញ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បញ្ជាក់ថា ឧត្តមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ នឹងត្រូវបង្កើតឡើងជាផ្លូវការ ដោយព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ។ អ្នកនាំពាក្យរូបនេះ បានស្រង់ប្រសាសន៍របស់ប្រមុខរដ្ឋាភិបាល ដែលលើកឡើងនៅចំពោះមុខតំណាងគណបក្សនយោបាយ ទៅសរសេរលើគណនេយ្យហ្វេសប៊ុកយ៉ាងដូច្នេះថា៖«ការជួបជុំគ្នា [ ដើម្បីបង្កើតក្រុមប្រឹក្សានេះ] មិនមែនមកគាំទ្រគោលនយោបាយគណបក្សប្រជាជនកម្ពុជានោះទេ ហើយក៏មិនមែនជាផលប្រយោជន៍របស់រដ្ឋាភិបាលដែរ ប៉ុន្តែជាផលប្រយោជន៍ប្រជាពលរដ្ឋ»។
តាមការសង្កេត គេតែងតែឃើញកម្ពុជា ជាប់គាំងនយោបាយ ឬក៏ជួបស្ថានភាពមិនសូវល្អ នៅក្រោយការបោះឆ្នោតក្នុងអាណត្តិនីមួយៗ។ មិនចាំបាច់និយាយរឿងយូរពេកទេ និយាយត្រឹមអាណត្តិទី៥ ក៏មានការបង្កើតយន្តការថ្មីដែរ ដើម្បីដោះស្រាយបញ្ហានៅក្រោយការបោះឆ្នោត។
ក្នុងអាណត្តិទី៥ អតីតគណបក្សសង្គ្រោះជាតិ ដែលទទួលបាន៥៥អាសនៈ បានធ្វើពហិការមិនចូលប្រជុំក្នុងរដ្ឋសភាជាមួយគណបក្សប្រជាជនកម្ពុជា ដល់ទៅ១ឆ្នាំ។ ក្រោយមក គណបក្សទាំង២ ចាប់ផ្តើមត្រូវរ៉ូវគ្នាវិញ ហើយដំណោះស្រាយ បានកើតមានឡើង តាមរយៈការចរចា។
គំនិតសំខាន់មួយ ដែលចេញពីសម្តេច ហ៊ុន សែន ហើយធ្វើឲ្យគេចាប់អារម្មណ៍ ក្នុងការដោះស្រាយទំនាស់នយោបាយនាអាណត្តិទី៥ គឺការបង្កើតឋានៈស្មើនាយករដ្ឋមន្ត្រី ដល់ប្រធានក្រុមមតិភាគតិចក្នុងរដ្ឋសភា។ អ្នកទទួលបានឋានៈនេះ គឺលោក សម រង្ស៊ី ដែលជាប្រធានគណបក្សសង្គ្រោះជាតិ និងជាប្រធានក្រុមមតិភាគតិចក្នុងរដ្ឋសភានាពេលនោះ។
បើរម្លឹកទៅដល់ឆ្នាំ២០០៤ កម្ពុជា ដល់ទៅបង្កើតរដ្ឋធម្មនុញ្ញបន្ថែមទៀតផង ដើម្បីដោះស្រាយការជាប់គាំងនយោបាយ។ និយាយទៅ កម្ពុជា តែងមានបញ្ហាបែបនេះស្ទើររាល់អាណត្តិ តែមេដឹកនាំ ជាពិសេស សម្តេច ហ៊ុន សែនតែងម្តង ក៏តែងមានគំនិតថ្មីជានិច្ចដែរ ដើម្បីដោះស្រាយ។ អាណត្តិក្រោយ ក៏ប្រហែលជានៅតែមានបញ្ហា ហើយក៏នឹងមានយន្តការថ្មីកើតឡើងទៀតដែរ ដើម្បីដោះស្រាយនៅក្រោយការបោះឆ្នោត៕
Tag:
ពហុបក្ស
ឧត្តមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់
© រក្សាសិទ្ធិដោយ thmeythmey.com