កីឡាអន្តរជាតិ
អន្តរជាតិ
Asian Games៖ កីឡាករ​ហែល​ទឹក Schooling ឈ្នះ​មេដាយមាស​ទី​២​ឲ្យ​សិង្ហ​បុរី​
24, Aug 2018 , 11:25 am        
រូបភាព
​ម្ចាស់​ជើងឯក​មេដាយមាស​អូឡាំពិក​របស់​សិង្ហ​បុរី Joseph Schooling បានឈ្នះ​មេដាយមាស​លើក​ទី​២​របស់ខ្លួន​នៅឯ​ព្រឹត្តិការណ៍​កីឡា​អាស៊ី Asian Games ឆ្នាំ​២០១៨ នៅ​ឥណ្ឌូណេស៊ី ក្រោយ​ឈ្នះ​ការប្រកួត​ហែល​ទឹក​វគ្គ​ផ្តាច់ព្រ័ត្រ​វិ​ញ្ញាសាហែលមេអំបៅ​ចម្ងាយ ៥០ ម៉ែត្រ​នៅ​ថ្ងៃទី​២៣ ខែសីហា​។

អត្ថបទទាក់ទង
 
Schooling បានសម្រេច​ទី​ដោយ​ប្រើ​ថេរវេលា ២៣.៦១​វិនាទី នៅមុន​គូប្រជែង​របស់គេ​តែ​ប​ន្តិ​ច​ប៉ុណ្ណោះ​សម្រាប់​ការប្រកួត​នៅ​អាង​ហែល​ទឹក​នៃ​កីឡដ្ឋាន Gelora Bung Karno ក្នុង​ក្រុង​ហ្សា​ការ​តា​។​ ​កីឡាករ​ចិន Wang Peng ទទួលបាន​មេដាយប្រាក់​ដោយ​ប្រើ​ថេរវេលា ២៣.៦៥ និង​កីឡាករ​របស់​កា​ហ្សា​ក់​ស្ថាន Adilbek Mussin រកបាន​មេដាយ​សំរឹទ្ធ​ក្នុង​ថេរវេលា ២៣.៧១ វិនាទី​។​

​នេះ​ជាការ​ទទួល​មេដាយមាស​លើក​ទី​២​ហើយ​សម្រាប់​កំពូល​កីឡាករ​ហែល​ទឹក​សញ្ជាតិ​សិង្ហ​បុរី វ័យ​២៣​ឆ្នាំ​ពី​ព្រឹត្តិការណ៍​កីឡា​អាស៊ី​លើក​ទី​១៨ មុន​ឈ្នះ​មេដាយមាស​លើ​វិញ្ញាសា​ហែលមេអំបៅ​ចម្ងាយ​១០០​ម៉ែត្រ និង​មេដាយ​សំរឹទ្ធ​២​លើ​វិញ្ញាសា​ហែល​បណ្តាក់​សេរី ១០០​ម៉ែត្រ និង​២០០​ម៉ែត្រ​។​



Joseph Schooling ជា​អត្ត​ព​លិ​ក​របស់​សិង្ហ​បុរី​ទី​១​បង្អស់​ដែល​អាច​ឈ្នះ​មេដាយមាស​ពី​ព្រឹត្តិការណ៍​កីឡា​លំដាប់​ទី​១​ពិភពលោក​អូឡាំពិក​ឆ្នាំ​២០១៦ ក្នុង​ក្រុង​រី​យ៉ូ​ប្រទេស​ប្រេ​ស៊ី​ល លើ​វិញ្ញាសា​ហែល​មេអំបៅ​ចម្ងាយ​១០០​ម៉ែត្រ​។​

​គិត​ត្រឹម​ថ្ងៃទី​២៤ ខែសីហា​នេះ សិង្ហ​បុរី​ទទួលបាន​មេដាយ​សរុប​៩ ក្នុងនោះ​មាស​២ ប្រាក់​១ និង​សំរឹទ្ធ​៦​។ អ្វីដែល​ជាការ​កត់សម្គាល់​សម្រាប់​ប្រទេស​តូច​ជាងគេ​នៅ​តំបន់​អាស៊ាន​មួយ​នេះ គឺ​ពួកគេ​រកបាន​មេដាយ​ច្រើន​លើ​វិញ្ញាសា​ហែល​ទឹក​ចំនួន​៦​មេដាយ ក្នុងនោះ​មាស​២ ប្រាក់​១ និង​សំរឹទ្ធ​៣ ក្នុងចំណោម​មេដាយ​សរុប​ទាំង​៩៕



Tag:
 Asian Games
  Joseph Schooling
  ឥណ្ឌូណេស៊ី​
  ហែល​ទឹក
© រក្សាសិទ្ធិដោយ thmeythmey.com