កីឡាជាតិ
ជាតិ
អបអរសាទរ​! កីឡាការិនី ខាន់ ចេ​សា ឈ្នះ​មេដាយមាស​កីឡា​អាស៊ី​ជូន​កម្ពុជា​
24, Aug 2018 , 4:19 pm        
រូបភាព
ដោយ:
​កីឡាការិនី​ខ្មែរ​-​អាមេរិក ខាន់ ចេ​សា នៃ​កីឡា Ju-Jitsu បានឈ្នះ​មេដាយមាស​ជូន​កម្ពុជា​ពី​ព្រឹត្តិការណ៍​កីឡា​អាស៊ី (Asian Games) នៅ​ឥណ្ឌូណេស៊ី បន្ទាប់ពី​បាន​យកឈ្នះ​កីឡាការិនី​អេ​មី​រ៉ា​ត​អារ៉ាប់​រួម Mahra Alhinaai ១០០-០ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។​

 
​នេះ​ជា​កំណត់ត្រា​ថ្មី​មួយ​បន្ថែមទៀត​ក្នុង​ប្រវត្តិសាស្ត្រ​កីឡា​កម្ពុជា ដោយ ខាន់ ចេ​សា ក្លាយជា​កីឡាការិនី​ទី​ពីរ​របស់​កម្ពុជា ដែល​ឈ្នះ​មេដាយមាស​ពី​កីឡា​អាស៊ី បន្ទាប់ពី​កីឡាការិនី ស៊ន សៀវ​ម៉ី រកបាន​មេដាយមាស​លើកដំបូង​បំផុត​ក្នុង​រយៈពេល​៦០​ឆ្នាំ​សម្រាប់​កម្ពុជា កាលពី​ឆ្នាំ​២០១៤ នៅ​ក្រុង Incheon ប្រទេស​កូរ៉េខាងត្បូង​។​
 
 
​កីឡាការិនី​កម្ពុជា ខាន់ ចេ​សា នៃ​កីឡា​ជី​ជិត​ស៊ូ (Ju-Jitsu) បាន​ឈានទៅ​វគ្គ​ផ្តាច់ព្រ័ត្រ លើ​ប្រភេទ​ទម្ងន់​ក្រោម​៤៩​គីឡូក្រាម បន្ទាប់ពី​បាន​យកឈ្នះ​កីឡាការិនី​ហ្វីលីពីន Jenna Kaila Napolis ១០០-០ នៅ​សង្វៀន JCC - Assembly Hall ប្រទេស​ឥណ្ឌូណេស៊ី​។​
 
​ចេ​សា បើកឆាក​ជាមួយនឹង​ជ័យជម្នះ ១០០-០ លើ​កីឡាការិនី​ថៃ Suwanan Boonsorn នៅ​វគ្គ​៣២​នាក់ បន្ទាប់មក​ឈ្នះ​កីឡាការិនី​ចិន Yi-Wen La ដែល​បាន​បោះបង់ចោល​ការប្រកួត​។ ឈានទៅ​វគ្គ​បន្ត ចេ​សា យកឈ្នះ​កីឡាការិនី​អ៊ីរ៉ង់ Nahid Pirhady មុននឹង​បន្ត​ឈ្នះ​កីឡាការិនី​ហ្វីលីពីន Jenna Kaila Napolis​។​
 
​សម្រាប់​ការប្រកួត​ដណ្តើម​មេដាយ​សំរឹទ្ធ​លើ​វិញ្ញាសា Newaza ទម្ងន់​ក្រោម​៤៩​គីឡូក្រាម​នេះ កីឡាការិនី​ហ្វីលីពីន Ochoa Margarita ឈ្នះ Napolis Jenna Kaila ដែលជា​មិត្ត​រួម​ជាតិ​ខ្លួន​ក្នុង​លទ្ធផល ២-០ ។ ចំណែក​មេដាយ​សំរឹទ្ធ​មួយទៀត បាន​ទៅលើ​កីឡាការិនី​វៀតណាម Duong Thi Thanh Minh ដែល​បាន​យកឈ្នះ​កីឡាការិនី​អេ​មី​រ៉ា​ត​អារ៉ាប់​រួម Alyaafei Wadima។

ខាន់ ចេសា (Khan Jessa) អាយុ​១៦ឆ្នាំ ធំធាត់នៅ​រដ្ឋកាលីហ្វនីញ៉ា សហរដ្ឋអាមេរិក ដោយមាន​ឪពុកជាជន​ជាតិខ្មែរ ម្តាយ​ជាជន​ជាតិម៉ិកស៊ិក។ នាងជាកូន​ច្បង​ក្នុងចំណោម​បងប្អូន​៤នាក់៕

Tag:
 Asian Games
  ខាន់ ចេសា
  Ju-Jitsu
© រក្សាសិទ្ធិដោយ thmeythmey.com