កីឡាអន្តរជាតិ
អន្តរជាតិ
Asian Games៖ កីឡាការិនី​ហែល​ទឹក​ជប៉ុន​ម្នាក់​ឈ្នះ​មេដាយមាស​៦ ប្រាក់​២ ហើយ​
24, Aug 2018 , 8:39 pm        
រូបភាព
​កីឡាការិនី​ហែល​ទឹក​ជប៉ុន Rikako Ikee បាន​បន្ត​ឈ្នះ​មេដាយមាស​ទី​៦​របស់ខ្លួន​ក្នុង​ប្រវត្តិសាស្ត្រ​កីឡា​អាស៊ី Asian Games ក្រោយ​ប្រកួត​ឈ្នះ​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​លើ​វិញ្ញាសា​ហែល​សេរី​ចម្ងាយ​៥០​ម៉ែត្រ នៅ​ថ្ងៃទី​២៤ ខែសីហា​។



​អត្ត​ព​លិ​ក​ដែល​ទើប​មាន​វ័យ​១៨​ឆ្នាំ​រូបនេះ​បាន​ហែល​ទៅ​ដល់ទី​មុនគេ​ដោយ​ប្រើ​ថេរវេលា ២៥.០៩​វិនាទី និង​ជាការ​ឈានដល់​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​លើក​ទី​៦ ដោយ​ទទួលជោគជ័យ​ទាំងអស់​របស់​នាង​ក្នុង​អាង​ហែល​ទឹក​នា​ក្រុង​ហ្សា​ការ​តា នៃ​ព្រឹត្តិការណ៍​កីឡា​អាស៊ី​លើក​ទី​១៨​។​

៦​មេដាយមាស​ដែល Ikee ទទួលបាន រួមមាន​វិញ្ញាសា​ហែល​មេអំបៅ​ចម្ងាយ ៥០​ម៉ែត្រ និង​១០០​ម៉ែត្រ វិញ្ញាសា​ហែល​បណ្តាក់​ចម្រុះ​ចម្ងាយ​១០០​ម៉ែត្រ វិញ្ញាសា​បណ្តាក់​សេរី ១០០​ម៉ែត្រ វិញ្ញាសា​ហែល​សេរី​១០០​ម៉ែត្រ និង ៥០​ម៉ែត្រ​។ ក្រៅពីនោះ​នាង​ក៏បាន​ឈ្នះ​មេដាយប្រាក់​ចំនួន​២​ថែមទៀត​លើ​វិញ្ញាសា​ហែល​បណ្តាក់​ចម្រុះ​ប្រុស​ស្រី​១០០​ម៉ែត្រ និង​ហែល​បណ្តាក់​សេរី​២០០​ម៉ែត្រ ពី​ការប្រកួត​រយៈពេល​១​សប្តាហ៍​ដំបូង​។​



Ikee ដែល​ត្រៀមខ្លួន​រួចស្រេច​ដើម្បី​ទៅ​ប្រជែង​ក្នុង​ព្រឹត្តិការណ៍​កីឡា​លំដាប់​កំពូល​អូឡាំពិក​នាទី​ក្រុង​តូ​ក្យូ ក្នុងប្រទេស​កំណើត ឆ្នាំ​២០២០​នោះ កំពុង​គំរាមកំហែង​ដល់​គូប្រជែង​របស់​នាង​នៅ Asian Games នេះ​។​

​ក្រោយ​ប្រកួតប្រជែង​រយៈពេល​១​សប្តាហ៍ ជប៉ុន​បានទទួល​មេដាយ​សរុប​៩៨ ក្នុងនោះ​មេដាយមាស​២៩ ប្រាក់​២៩ និង​សំរឹទ្ធ​៤០ ស្ថិតនៅ​លេខ​រៀង​ទី​២​ក្នុង​តារាង​ចំណាត់​ថ្នាក់​បណ្តោះអាសន្ន ខណៈ​ចិននៅ​រក្សា​ការនាំ​មុខ​ដដែល​៕


Tag:
 Asian Games
  Rikako Ikee
  ហែល​ទឹក
© រក្សាសិទ្ធិដោយ thmeythmey.com