ជាតិ
សេដ្ឋកិច្ច
ក្រសួង​សេដ្ឋកិច្ច និង​ធនាគារជាតិ ស្នើ​ឲ្យ​មីក្រូហិរញ្ញវត្ថុ បន្ធូរបន្ថយ​ដល់​កសិករ​រងគ្រោះ​ទឹកជំនន់​
24, Aug 2018 , 8:59 pm        
រូបភាព
ដោយ:
ភ្នំពេញ​៖ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ធនាគារជាតិ​នៃ​កម្ពុជា បាន​អំពាវនាវ​ឲ្យ​គ្រឹះស្ថាន​ផ្ដល់ប្រាក់​កម្ចី ពិនិត្យ​លទ្ធភាព​បន្ធូរបន្ថយ​ដល់​កសិករ​ដែល​រងគ្រោះ​ទឹកជំនន់​។ នេះ​បើតាម​សេចក្ដីថ្លែងការណ៍​រួម​របស់​ស្ថាប័ន​ទាំងពីរ នៅ​ថ្ងៃទី​២៤​ខែសីហា​នេះ​។​



​កសិករ​ក្នុង​បណ្ដា​ខេត្ត​មួយចំនួន កំពុង​ជួប​រងគ្រោះ​ទឹកជំនន់​។ ដើម្បី​សម្រាល​បន្ទុក​នេះ ក្រសួង​សេដ្ឋកិច្ច និង​ធនាគារជាតិ អំពាវនាវ និង​លើកទឹកចិត្ត ឲ្យ​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ ពិនិត្យ​លទ្ធភាព​សង​របស់​កសិក​រ ដែល​រងគ្រោះ​ទឹកជំនន់ សម្រាប់​ធ្វើជា​មូលដ្ឋាន​ក្នុង​បន្ធូរបន្ថយ​រយៈពេល​ស​ង បន្ថយ​អត្រា​ការប្រាក់ ឬ​មិន​យកការប្រាក់​ក្នុង​រយៈពេល​ណាមួយ និង​មិនត្រូវ​រឹបអូស​ទ្រព្យសម្បត្តិ​របស់​កសិក​រ ព្រមទាំង​ផ្ដល់​ដំណោះស្រាយ​សមស្រប​ផ្សេងៗ​។​

ស្ថាប័ន​ទាំងពីរ​នេះ ជំរុញ​ឲ្យ​គ្រឹះស្ថាន​ផ្ដល់​កម្ចី បន្ត​តាមដាន​ស្ថានភាព និង​ផលប៉ះពាល់​នៃ​គ្រោះទឹកជំនន់​លើ​ប្រជាកសិករ និង​ផ្ដល់​ការគាំទ្រ​ចាំបាច់ ស្របតាម​កាលៈទេសៈ​ជាក់ស្ដែង​។​
​សេចក្ដីថ្លែងការណ៍​នេះ​បន្ថែមថា​៖«​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ បន្ត​ផ្ដល់​ឥណទាន​ដោយ​ប្រុងប្រយ័ត្ន និង​មាន​យន្តការ​ដោះស្រាយ​ទន់ភ្លន់​ចំពោះ​អតិថិជន​ដែល​រង​ផលប៉ះពាល់​ពី​គ្រោះទឹកជំនន់​ជាក់ស្ដែង ដើម្បី​រក្សា​ស្ថិរភាព​វិស័យ​ហិរញ្ញវត្ថុ​»​។​

«​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ធនាគារជាតិ ជឿជាក់ថា គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ អាជ្ញាធរ​មូលដ្ឋាន និង​ដៃគូ​ពាក់ព័ន្ធ​ទាំងអស់ នឹងចូលរួម​សហការ​ជួយ​សម្រាល​ទុក្ខលំបាក និង​សម្រាល​សម្ពាធ​ហិរញ្ញវត្ថុ​របស់​ប្រជាកសិករ​ដែល​រងគ្រោះ​ពី​ទឹកជំនន់​ជាក់ស្ដែង​»​។ នេះ​បើតាម​សេចក្ដីថ្លែងការណ៍​ខាងលើនេះ​។​

​សូមបញ្ជាក់ថា ក្រសួង​សេដ្ឋកិច្ច និង​ធនាគារជាតិ បានចេញ​សេចក្ដីថ្លែងការណ៍​រួម​នេះ បន្ទាប់ពី​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃទី​២៣​ខែសីហា បាន​អំពាវ​ដល់​គ្រឹះស្ថាន​ផ្ដល់​កម្ចី ពន្យារពេល​សង​ប្រាក់ និង​ប​ន្ធ​រ​បន្ថយ​មិន​យកការប្រាក់​ក្នុង​រយៈពេល​ណាមួយ​ដល់​ពលរដ្ឋ​ដែល​រងគ្រោះ​ទឹកជំនន់​៕


Tag:
 ទឹកជំនន់​
  កម្ចី​
© រក្សាសិទ្ធិដោយ thmeythmey.com