កីឡាអន្តរជាតិ
អន្តរជាតិ
កីឡា​អាស៊ី​៖ មេដាយមាស​របស់ ខាន់ ចេ​សា ជួយ​រុញ​កម្ពុជា​ឡើង​ចំណាត់ថ្នាក់​ទី​២៣​ក្នុង​តារាង​មេដាយ​បណ្តោះអាសន្ន​
24, Aug 2018 , 6:00 pm        
រូបភាព
រូបភាពពីផេកហ្វេសប៊ុកគណកម្មការអូឡាំពិកកម្ពុជា
រូបភាពពីផេកហ្វេសប៊ុកគណកម្មការអូឡាំពិកកម្ពុជា
​កម្ពុជា​បាន​ឡើងទៅ​ឈរ​នៅ​ចំណាត់ថ្នាក់​ទី ២៣​បណ្តោះអាសន្ន​ក្នុង​តារាង​មេដាយ​នៃ​ព្រឹត្តិការណ៍​កីឡា​អាស៊ី Asian Games នៅ​ឥណ្ឌូណេស៊ី បន្ទាប់ពី​កីឡាការិនី​ខ្មែរ​-​អាមេរិក ខាន់ ចេ​សា អា​ចរក​មេដាយមាស​លើកដំបូង ពី​ប្រភេទ​កីឡា Ju-Jitsu លើ​វិញ្ញាសា​ទម្ងន់​ក្រោម​៤៩​គីឡូក្រាម​។



អត្ថបទទាក់ទង
 
​ខាន់ ចេ​សា (Khan Jessa) អាយុ​១៦​ឆ្នាំ ដែល​ធំធាត់​នៅ​រដ្ឋកា​លី​ហ្វ​នីញ៉ា សហរដ្ឋអាមេរិក ដោយមាន​ឪពុក​ជា​ជនជាតិខ្មែរ ម្តាយ​ជា​ជនជាតិ​ម៉ិ​ក​ស៊ិ​ក បាន​យកឈ្នះ​កីឡាការិនី​អេ​មី​រ៉ា​ត​អារ៉ាប់​រួម Mahra Alhinaai ១០០-០ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។

​កីឡាការិនី​កម្ពុជា នៃ​កីឡា​ជី​ជិត​ស៊ូ (Ju-Jitsu) រូបនេះ បាន​ឈានទៅ​វគ្គ​ផ្តាច់ព្រ័ត្រ លើ​ប្រភេទ​ទម្ងន់​ក្រោម​៤៩​គីឡូក្រាម បន្ទាប់ពី​បាន​យកឈ្នះ​កីឡាការិនី​ហ្វីលីពីន Jenna Kaila Napolis ក្នុង​លទ្ធផល ១០០-០ ដូចគ្នានេះដែរ នៅឯ​សង្វៀន JCC - Assembly Hall ក្នុង​ក្រុង​ហ្សា​ការ​តា ប្រទេស​ឥណ្ឌូណេស៊ី​។​

​ចេ​សា បើកឆាក​ជាមួយនឹង​ជ័យជម្នះ ១០០-០ លើ​កីឡាការិនី​ថៃ Suwanan Boonsorn នៅ​វគ្គ​៣២​នាក់ បន្ទាប់មក​ឈ្នះ​កីឡាការិនី​ចិន Yi-Wen La ដែល​បាន​បោះបង់ចោល​ការប្រកួត​។ ឈានទៅ​វគ្គ​បន្ត ចេ​សា យកឈ្នះ​កីឡាការិនី​អ៊ីរ៉ង់ Nahid Pirhady មុននឹង​បន្ត​ឈ្នះ​កីឡាការិនី​ហ្វីលីពីន Jenna Kaila Napolis​។​

 នេះ​ជា​កំណត់ត្រា​ថ្មី​មួយ​បន្ថែមទៀត​ក្នុង​ប្រវត្តិសាស្ត្រ​កីឡា​កម្ពុជា ដោយ ខាន់ ចេ​សា ក្លាយជា​កីឡាការិនី​ទី​ពីរ​របស់​កម្ពុជា ដែល​ឈ្នះ​មេដាយមាស​ពី​កីឡា​អាស៊ី បន្ទាប់ពី​កីឡាការិនី ស៊ន សៀវ​ម៉ី រកបាន​មេដាយមាស​លើកដំបូង​បំផុត​ក្នុង​រយៈពេល​៦០​ឆ្នាំ​សម្រាប់​កម្ពុជា កាលពី​ឆ្នាំ​២០១៤ នៅ​ក្រុង Incheon ប្រទេស​កូរ៉េខាងត្បូង​៕


Tag:
 Asian Games
  ខាន់ ចេ​សា​
  Ju-Jitsu
© រក្សាសិទ្ធិដោយ thmeythmey.com