កីឡាជាតិ
ជាតិ
គោព្រៃកម្ពុជាត្រៀមជំនួបមិត្តភាពអន្តរជាតិ ៣ប្រកួត មុន AFF Suzuki Cup
× មុនជំនួបផ្លូវការ AFF Suzuki Cup 2018 ឈានមកដល់នៅខែវិច្ឆិកា ឆ្នាំ២០១៨ ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ត្រូវប្រកួតប្រកួតមិត្តភាពអន្តរជាតិចំនួន៣គូ ដោយប៉ះម៉ាឡេស៊ី ទីម័រខាងកើត និងសិង្ហបុរី។ ជំនួបនេះ មិនត្រឹមតែដកស្រង់បទពិសោធប៉ុណ្ណោះទេ តែជាការសាកល្បងសមត្ថភាពដឹកនាំរបស់គ្រូបង្វឹកថ្មីទៀតផង។
សហព័ន្ធកីឡាបាល់ទាត់កម្ពុជាកាលពីពេលថ្មីៗ បានតែងតាំងតារាបាល់ទាត់ឆ្នើមជប៉ុន Keisuke Honda ជាអ្នកចាត់ការទូទៅ និងលោក Felix ជនជាតិអាហ្សង់ទីនជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា។ ការតែងតាំងនេះ គឺដើម្បីត្រៀមសម្រាប់ព្រឹត្តិការណ៍ AFF Suzuki Cup 2018 ដែលនឹងប្រព្រឹត្តទៅខែវិច្ឆិកា ខាងមុខនេះ។
ប៉ុន្តែមុនការប្រកួតផ្លូវការឈានមកដល់ គ្រូបង្វឹកអាហ្សង់ទីន Felix ត្រូវដឹកនាំក្រុមគោព្រៃកម្ពុជាប្រកួតមិត្តភាពអន្តរជាតិចំនួន៣ប្រកួត ក្នុងនោះត្រូវតទល់ជាមួយម៉ាឡេស៊ី សម្រាប់ជំនួបើកឆាកនៅថ្ងៃទី១០ ខែកញ្ញា មុនប៉ះទីម័រខាងកើតនៅថ្ងៃទី១២ ខែតុលា និងសិង្ហបុរី នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨។ ការប្រកួតមិត្តភាពទាំងនេះរៀបចំនៅពហុកីឡដ្ឋានជាតិ។
សម្រាប់ព្រឹត្តិការណ៍ AFF Suzuki Cup 2018 កម្ពុជាស្ថិតក្នុងពូលA ជាមួយវៀតណាម មីយ៉ាន់ម៉ា ម៉ាឡេស៊ី និងឡាវ ខណៈពូល B មានថៃ ឥណ្ឌូណេស៊ី ហ្វីលីពីន សិង្ហបុរី និងទីម័រខាងកើត ឬព្រុយណេ៕
Tag:
បាល់ទាត់
ក្រុមជម្រើសជាតិ
Felix
© រក្សាសិទ្ធិដោយ thmeythmey.com