កីឡាជាតិ
ជាតិ
លី​គ​៖ សូល​ទី​ឡូ​អង្គរ​ទទួល​ណាហ្គា រីឯ​ទ័ព​ប៉ះ​វិសាខា និង​ប៉ូលិស​ជួប​ភ្នំពេញ​ក្រោ​ន​
25, Aug 2018 , 2:50 pm        
រូបភាព
ដោយ:
​ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​បាន​ឈានដល់​ការប្រកួត​សប្តាហ៍​ទី​១៩ ដោយនៅ​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០១៨​នេះ​មានការ​ប្រកួត​ចំនួន​៣​គូ ដែល​រៀបចំ​នៅ​ទីលាន​ផ្សេងៗ​គ្នា​។ សូល​ទី​ឡូ​អង្គរ បើកទ្វារ​កីឡដ្ឋាន​ខេត្តសៀមរាប​ស្វាគមន៍​ណាហ្គា​វើ​ល មុន​អគ្គស្នងការ​នគរបាល​ជាតិ​(​ប៉ូលិស​)​ប៉ះ​ភ្នំពេញ​ក្រោ​ន​នៅ​ពហុ​កីឡដ្ឋាន និង​ក្រសួងការពារជាតិ​ជួប​វិសាខា​នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់​។



​ក្រុម​សូល​ទី​ឡូ​អង្គរ ដែល​ចាញ់​វិសាខា ២-១ សប្តាហ៍​មុន ត្រូវ​បើកទ្វារ​កីឡដ្ឋាន​ខេត្តសៀមរាប ទទួល​ស្វាគមន៍​ភ្ញៀវ​ណាហ្គា​វើ​ល សម្រាប់​ជំនួប​សប្តាហ៍​ទី​១៩​នៃ​ពានរង្វាន់​ក្របខណ្ឌ​ខេ​ម​បូ​ឌា​ន​លី​គ​នៅ​ម៉ោង​៣:៣០​នាទី​រសៀល​។ ណាហ្គា​វើ​ល ត្រូវការ​ឈ្នះ​ក្នុងជំនួប​ក្រៅ​ដី​មួយ​នេះ ដើម្បី​បន្ត​គ្រង​កំពូល​តារាង​។ បច្ចុប្បន្ន​ក្រុម​នេះ កំពុង​ឈរ​កំពូល​តារាង​មាន​៤៤​ពិន្ទុ បន្ទាប់ពី​ពួកគេ​យកឈ្នះ​បឹងកេត ២-០ កាលពី​សប្តាហ៍​មុន​។ ក្នុងចំណោម​១៨​ប្រកួត ណាហ្គា​វើ​ល​ឈ្នះ​១៤ ស្មើ​២ និង​ចាញ់​២​។ ចំណែក​ក្រុម​ប្រើប្រាស់​កីឡដ្ឋាន​ខេ​ត​សៀមរាប​ជា​មូលដ្ឋាន​សូល​ទី​ឡូ​អង្គរ ស្ថិតនៅ​១០​ក្នុង​តារាង​មាន​១៦​ពិន្ទុ​។ សម្រាប់​៤​ប្រកួត​ចុងក្រោយ​ក្រុម​នេះ​ស្មើ​២​និង​ចាញ់​២​។

​ជាមួយគ្នានេះ ក្រុម​ស្ថិតនៅ​លេខ​៧​ក្នុង​តារាង​អគ្គស្នងការ​នគរបាល​ជាតិ ត្រូវ​ប្រើប្រាស់​ពហុ​កីឡដ្ឋាន​ជាតិ​ទទួល​ក្រុម​ភ្ញៀវ​ភ្នំពេញ​ក្រោ​ន​នៅ​ម៉ោង​៦​ល្ងាច​។ បច្ចុប្បន្ន​ប៉ូលិស​មាន​២៤​ពិន្ទុ​ក្នុង​ដៃ ក្រោយ​ឈ្នះ​៧ ស្មើ​៣ និង​ចាញ់​៨​។ សម្រាប់​៣​ប្រកួត​ចុងក្រោយ ប៉ូលិស​ស្មើ​១ និង​ចាញ់​២​។ ចំណែក​ភ្នំពេញ​ក្រោ​ន​ស្ថិតនៅ​លេខ​៥​ក្នុង​តារាង​មាន​២៧​ពិន្ទុ ក្រោយ​១៨​ប្រកួត​ឈ្នះ​៨ ស្មើ​៣ និង​ចាញ់​៧​។ កាលពី​សប្តាហ៍​មុន​ភ្នំពេញ​ក្រោ​ន​ចាញ់​អង្គ​រថា​យ​ហ្គឺ​រ​ក្នុង​លទ្ធផល ៤-០ នៅលើ​ទឹកដី​ខ្លួនឯង​។

​នៅ​ម៉ោង​៦​ល្ងាច​នេះដែរ ក្រុម​ក្រសួងការពារជាតិ ត្រូវ​ប្រជែង​ជាមួយ​ក្រុម​ចំណូល​ថ្មី​វិសាខា នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់​។ វា​នឹង​ក្លាយជា​ជំនួប​ដ៏​ស្វិតស្វាញ និង​ជក់ចិត្ត​បំផុត ព្រោះ​ក្រុម​ទាំងពីរ​សុទ្ធតែ​ត្រូវការ​ឈ្នះ​ដូចគ្នា ដើម្បី​បន្ត​ឱកាស​ប្រជែង​ដណ្តើម​ជើងឯក​នៅ​ឆ្នាំនេះ​។ បច្ចុប្បន្ន​ក្រសួងការពារជាតិ​ស្ថិតនៅ​លេខ​៤​ក្នុង​តារាង​មាន​៣៨​ពិន្ទុ ខណៈ​វិសាខា​ស្ថិតនៅ​លេខ​៣​មាន​៤១​ពិន្ទុ​។ កាលពី​ជើង​ទី​១ វិសាខា​បាន​យកឈ្នះ​ក្រសួងការពារជាតិ​ក្នុង​លទ្ធផល ២-០​។ សម្រាប់​ការប្រកួត​ល្ងាច​នេះ ក្រសួងការពារជាតិ​មិនមាន​ការបញ្ជា​ផ្ទា​ល់ពី​គ្រូ​បង្គោល​លោក ភា សុ​ភ័​ក្ត្រា នោះទេ បន្ទាប់ពី​គ្រូបង្វឹក​រូបនេះ​ជាប់​ពិន័យ​ពី​គណៈកម្មការ​វិន័យ​៕  



Tag:
 Cambodian League 2018
© រក្សាសិទ្ធិដោយ thmeythmey.com